ភ្នំពេញ: ការបង្កើតស្នាដៃធ្វើម្ហូបរបស់មេចុងភៅ ណាក់ «សោយ-មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» បានធ្វើឱ្យមានការកត់សម្គាល់ជាខ្លាំងនៅលើឆាកធ្វើម្ហូបពិភពលោកដោយត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ចំនួន៣នៅក្នុងកម្មវិធី Gourmand World Cookbook Awards លើកទី២៩ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការចូលរួមប្រកួតពានរង្វាន់ទាំងនេះ រួមមាន «សៀវភៅល្អបំផុតលើពិភពលោក» (Books Publishers B02) «សៀវភៅល្អលើសគេប្រចាំតំបន់អាស៊ី» (Countries and Regions C08) និង «សៀវភៅប្រមុខរដ្ឋ» (Gastrodiplomacy G05) ជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់សម្រាប់សៀវភៅធ្វើម្ហូបដែលអបអរសាទរបេតិកភណ្ឌម្ហូបកម្ពុជា។
អ្នកស្រី រស់ រតនៈ ហៅ Chef Nak អ្នកនិពន្ធ និងចងក្រងមុខម្ហូប បានឱ្យដឹងថា៖ «យើងពង្រីកវិសាលភាពនៃក្ដីស្រឡាញ់របស់យើងលើសិល្បៈធ្វើម្ហូបតាមរយៈការផ្ដល់សេវាកម្មល្អឯកជាច្រើនទៀតបន្ថែមពីលើការបោះពុម្ពសៀវភៅធ្វើម្ហូប និងការបង្កើតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គមដើម្បីអភិរក្ស និងផ្សព្វផ្សាយពីភាពសម្បូរបែបនៃម្ហូបខ្មែរ។ សេវាកម្មទាំងនេះ រួមមាន ការរៀបចំអាហារនៅផ្ទះក៏ប្រណីត ថ្នាក់បង្រៀនធ្វើម្ហូបលក្ខណៈឯកជន ផ្ទះស្នាក់គ្រួសារ និងការផ្ដល់ប្រឹក្សាផ្នែកភោជនីយដ្ឋានជាដើម»។
ការទទួលស្គាល់នៅក្នុងកម្មវិធី Gourmand Awards ជាការរំឭកពីសារៈសំខាន់នៃម្ហូបខ្មែរនៅលើឆាកពិភពលោក។ វាក៏បង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមនៅពីក្រោយ Chef Nak ក្នុងការផ្សព្វផ្សាយសិល្បៈម្ហូបខ្មែរទូទាំងពិភពលោកផងដែរ។
បេសកកម្មទូលំទូលាយរបស់ពួកគេលើសពីការបោះពុម្ពសៀវភៅធ្វើម្ហូប។ វារួមបញ្ចូលសេវាកម្មពិសេសៗ ដូចជាបទពិសោធន៍ទទួលទានអាហារតាមគេហដ្ឋានដ៏ប្រណីត ថ្នាក់បង្រៀនធ្វើម្ហូបឯកជន និងការប្រឹក្សាភោជនីយដ្ឋាន ដែលទាំងអស់នេះមានគោលបំណងថែរក្សា និងផ្សព្វផ្សាយម្ហូបខ្មែរ។
លោក រ៉ូប៊ឺត ខាត់ល័រ នាយកគ្រប់គ្រងណារ៉ូខាស្ទ័រ បាននិយាយថា៖ «សៀវភៅនេះគឺជា រតនភណ្ឌមួយ! វាមើលទៅស្រស់ស្អាត។ ចុងភៅ ណាក់ នឹងបង្រៀនអ្នកអំពីរបៀបធ្វើម្ហូបដែលជាមរតកពីរាជដំណាក់ខ្មែរដ៏មានឱជារសឆ្ងាញ់ពិសា។ រីឯសេចក្ដីស្រឡាញ់របស់ចុងភៅ ណាក់ លើបងប្អូនភូមិដែលបានជួយបង្រៀនគាត់អំពីការធ្វើម្ហូបឆ្ងាញ់ៗនោះ ក៏អស្ចារ្យណាស់ដែរ»។
ភាពវិសេសនៃព្រឹត្ដិការណ៍គឺនៅឯពិធី Riyadh Gourmand Awards Ceremony ជាផ្នែកមួយនៃពិធីបុណ្យអាហារអារ៉ាប៊ីសាអ៊ូឌីត ជាព្រឹត្តិការណ៍ធ្វើម្ហូបដ៏ធំបំផុតនៅមជ្ឈិមបូព៌ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។
គាំទ្រដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) សមាជិកក្រុមសំខាន់ៗចំនួន ៤នាក់រួមមាន អ្នកនិពន្ធ អ្នកថតរូប អ្នករចនា និងនាយក ធ្វើបទបង្ហាញនៅទីក្រុងរីយ៉ាដ ដើម្បីចែករំលែកភាពស្រស់ស្អាត និងវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដ ដែល (សសយក) និងរូបខ្ញុំបានចូលរួមចំណែក ទោះបីជាតិចតួចក្ដី នៅក្នុងការបង្កើតសមត្ថភាពមួយដែលនាំឱ្យទទួលបាននូវភាពជោគជ័យមួយនេះ»។
សោយ បង្ហាញពីបទពិសោធន៍នៃមុខម្ហូបជាច្រើនមុខនៅព្រះបរមរាជវាំង ដែលបានស្រាវជ្រាវក្នុងសម័យសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង ១៩៦០។
ទំព័រនីមួយៗនៃសៀវភៅនេះនាំអ្នកអានឱ្យទទួលបានការយល់ដឹងអំពីគ្រប់រសជាតិ ទាំងខ្លឹមសារនៃការធ្វើម្ហូបខ្មែរ និងរសជាតិដ៏ឆ្ងាញ់ពិសាជាប់ចិត្ដ ដែលជាឱជារសរបស់ប្រទេស និងប្រពៃណីខ្មែរ។
សៀវភៅនេះគឺជាការខិតខំប្រឹងប្រែងរួមគ្នាដោយបង្ហាញពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់ Chef Nak និងក្រុមរបស់អ្នកស្រី រួមទាំងអ្នករចនា អ្នកថតរូប និងសិល្បករ។
សៀវភៅ «សោយ» មិនមែនគ្រាន់តែជាបណ្តុំនៃរូបមន្តម្ហូបប៉ុណ្ណោះទេ តែវាជាការឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌របស់មុខម្ហូបដែលបម្រើនៅព្រះបរមរាជវាំង មានម្ហូបខ្មែរ បារាំង ថៃ ចិន និងឥណ្ឌា។
រូបមន្តទាំងនេះត្រូវបានរៀបចំជាញឹកញាប់សម្រាប់ភ្ញៀវអន្តរជាតិ ដោយបង្ហាញវិមានថាជាមជ្ឈមណ្ឌលនៃសិល្បៈម្ហូប និងបដិសណ្ឋារកិច្ច។
ក្នុងចំណោមប្រទេស និងដែនដីចូលរួមចំនួន ២០៥ សៀវភៅ «សោយ» ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតចំណោម ៣ ប្រភេទនេះ ដែលជាសក្ខីភាពពិតចំពោះភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
លោក សុត សេរី អ្នករចនាម្នាក់ បានថ្លែងថា៖ «ខ្ញុំមិនដែលស្រមៃថានឹងឈ្នះពានរង្វាន់អ្វីនោះទេពេលចាប់ផ្ដើមគម្រោងនេះដំបូងកាលពី ៣ឆ្នាំមុន។ ឥឡូវនេះ ការទទួលស្គាល់របស់ Gourmand Awards គឺលើសពីការរំពឹងទុករបស់ខ្ញុំ។វាជាការរំឭកថា គ្រាន់តែជាការស្រឡាញ់និងចូលចិត្ដផ្នែកម្ហូបក៏អាចទទួលបានឱកាសនេះផងដែរ»។
ក្នុងនាមជាសិល្បករ និងជាអ្នកថតរូប លោក ឡា ម៉ូ បានថ្លែងថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលរួមរបស់ក្រុម។
លោកបានបញ្ជាក់ថា៖«វានាំឱ្យខ្ញុំរីករាយយ៉ាងខ្លាំងក្នុងការចែករំលែកភាពជោគជ័យសៀវភៅនេះជាមួយប្រទេសជាតិរបស់យើង។ការខិតខំនេះកើតចេញពីអានុភាពនៃសេចក្តីស្រឡាញ់ពិតៗហើយខ្ញុំសូមជម្រាបជូនសាជាថ្មីថា នេះគឺជាមនោសញ្ចេតនានៃការងារដែលកើតចេញពីបេះដូង»៕