ភ្នំពេញៈ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានបើកកិច្ចពិភាក្សា ដើម្បីបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់ប្រមាណ ៦០ អដ្ឋិធាតុទៀត ដែលកងទ័ពទាំងនេះត្រូវបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ជិន វីញង៉ុក អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូចំនួន ២២ នាក់ ចូលរួមកិច្ចប្រជុំ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
យោងតាមហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទលោក សោម ស៊ុន បានថ្លែងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០ និង k៧២ ដែលបានសហការធ្វើសកម្មភាពជីករុករកក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៣ នៅខេត្តកំពង់ធំ ដោយជីកយកបាន និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១ ១៥២ អដ្ឋិធាតុរួចមកហើយ។
លោកបានបញ្ជាក់ទៀតថា៖ «យើងមានការលំបាកខ្លះៗដែរក្នុងរយៈពេលកន្លងមក ដោយសារភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួលមរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ។ ចំពោះទិសដៅនៅពេលខាងមុខ យើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ ៦០ ទៅ ៦៥ អដ្ឋិធាតុទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»។
លោក ជិន វីញង៉ុក បានថ្លែងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជា បានបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជីករុករក និងធ្វើមាតុភូមនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កិច្ចសហការនេះបានបង្ហាញពីទំនាក់ទំនងផ្នែកការបរទេស និងនយោបាយដែលរដ្ឋាភិបាលទាំង ២ តែងគាំទ្រគ្នាទៅវិញទៅមកតាំងពីសម័យក្រោយអាណានិគមបារាំង៕