ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម ដោយឧបត្ថម្ភគាំទ្រពីសហភាពអឺរ៉ុប បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សាអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជានៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣។
ថ្លែងក្នុងពិធីបើកដំណើរការទស្សនកិច្ចនៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា នៅក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះមានអ្នកចូលរួមប្រមាណជាង ៥០ នាក់ រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងពាណិជ្ជកម្ម សហភាពអឺរ៉ុប អង្គការ GIZ និងស្ថាប័នសារព័ត៌មានចំនួន ៣០។
ប្រភពដដែលបានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ៣ យប់ ៤ ថ្ងៃនេះ មានអ្នកសារព័ត៌មាន ៤០ នាក់ចូលរួមស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ និងសក្តានុពលទីផ្សារ។
អ្នកនាំពាក្យក្រសួងកសិកម្មបន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ការយល់ដឹងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទីស្របទៅតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧» ដែលដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី។
កញ្ញាបានថ្លែងថា៖ «ដំណើរទស្សនកិច្ចនេះជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និងតំណាងប្រព័ន្ធផ្សព្វផ្សាយដែលមានសក្តានុពលក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងវិស័យនេះ តាមរយៈមធ្យោបាយទំនាក់ទំនងច្បាស់លាស់ និងត្រឹមត្រូវ»។
លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបបានថ្លែងថា ខ្សែច្រវាក់តម្លៃស្វាយចន្ទីមានសារៈសំខាន់ណាស់ ហើយនេះគឺជាមូលហេតុដែលសហភាពអឺរ៉ុបកំពុងកសាងទំនាក់ទំនង និងធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់បន្ថែមទៀតនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ការតភ្ជាប់នៃឱកាសដែលមាននៅប្រទេសមួយដែលផលិតស្វាយចន្ទីច្រើនលើពិភពលោក និងទីផ្សារដ៏ធំបំផុតសម្រាប់ស្វាយចន្ទី ដែលសហភាពអឺរ៉ុបមានតំណាង ១ ភាគ ៣ នៃទីផ្សារស្វាយចន្ទីលើពិភពលោក ប្រទេសកម្ពុជា បានផលិតស្វាយចន្ទីបានច្រើនជាងគេលើពិភពលោកផងដែរ»។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងដែរថា ដោយមើលឃើញពីសក្ដានុពល បញ្ហាប្រឈម និងឱកាសនៃដំណាំស្វាយចន្ទី ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២ ដល់ ២០២៧ ដោយផ្តោតសំខាន់លើការដាំដុះ ការកែច្នៃ និងការនាំចេញ ព្រមទាំងមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងរៀបចំឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន មាននិរន្តរភាព។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារដោយបានចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមទៀត ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានទាំងជាមួយចិន និងកូរ៉េ ហើយបន្ថែមលើនេះទៀតក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម»។
លោកបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ កម្ពុជានឹងទទួលបានទីផ្សារកាន់តែទូលំទូលាយ ក្នុងនោះក៏មានមុខទំនិញកសិកម្ម អាជីវករស្វាយចន្ទី បន្លែផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន និងនំធ្វើពីអង្ករ ព្រមទាំងតំណាប់ផ្លែឈើជាដើម។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដំណាំស្វាយចន្ទីជាដំណាំមានអាទិភាពបំផុតក្នុងពេលបច្ចុប្បន្ន ហើយងាយស្រួលដាំដុះបើប្រៀបធៀបនឹងដំណាំដទៃទៀត ទាំងការលូតលាស់ និងតម្រូវការទឹកដែលធន់នឹងភាពរាំងស្ងួត។ ដំណាំនេះកំពុងពេញនិយមដាំដុះនៅតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ រតនគិរី ព្រះវិហារ ស្ទឹងត្រែង សៀមរាប កំពង់ឆ្នាំង និងឧត្តរមានជ័យជាដើម៕