ភ្នំពេញៈ កាលពីមុន នៅពេលមានរឿងក្តីនៅតុលាការ ប្រជាពលរដ្ឋក្រីក្រតែងមានការបារម្ភ ដោយសារតែគ្មានធនធានគ្រប់គ្រាន់ក្នុងការជួលមេធាវីការពារក្តី និងមិនដឹងថាត្រូវប្រឹក្សាយោបល់ផ្នែកច្បាប់ជាមួយអ្នកណា ទោះបីជានាយកដ្ឋានការពារក្តីជូនជនក្រីក្រអនុវត្តបានល្អមួយចំនួនហើយក៏ដោយ។
ក៏ប៉ុន្ដែសម្រាប់បច្ចុប្បន្នតាមរយៈគណៈមេធាវីកម្ពុជាបាននិងកំពុងជួយពង្រីកបន្ថែមនូវវិសាលភាពនៃនាយកដ្ឋានការពារក្តីជូនជនក្រីក្រក្នុងការរួមចំណែកបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ហើយចំពោះដំណើរការការពាររឿងក្ដីនៅតុលាការក៏មានភាពឆាប់រហ័សជាងមុនផងដែរ។ បច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងអំពីការផ្តល់ជំនួយផ្នែកច្បាប់ ហើយនៅពេលមានបញ្ហាពួកគាត់តែងតែទៅរកសេវាផ្នែកច្បាប់នៅតាមបណ្តាការិយាល័យប្រតិភូគណៈមេធាវីរាជធានីខេត្ត គ្រប់ជាន់ថ្នាក់។
លោក គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រ បានឱ្យដឹងថា គណៈមេធាវីកម្ពុជា មានការយកចិត្តទុកដាក់ក្នុងការលើកស្ទួយឧត្តមភាព និងកិត្យានុភាពមេធាវីកម្ពុជា ជាពិសេសមេធាវីការពារក្តីជនក្រីក្រដោយបានចេញគោលនយោបាយបន្ថែមស្តីពីការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃតាមរយៈសេចក្ដីសម្រេចលេខ ០៩៨/សសគម /២១ ចុះថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកប្រធាននាយកដ្ឋានការពារក្តីជនក្រីក្របានប្រាប់ថា គណៈមេធាវីបានរៀបចំឱ្យមានយន្តការប្រតិភូកម្មអំណាចតាមរយៈសេចក្ដីសម្រេចលេខ ០២៥/ សសគម/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨ ដែលផ្ដល់សិទ្ធិឱ្យប្រតិភូគណៈមេធាវីបែងចែកក៏ដូចជា ចាត់តាំងរឿង ទទួលរឿងក្ដីក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឱ្យពលរដ្ឋក្រីក្រងាយស្រួលស្វែងរកសេវាការពារក្ដី។
លោកថ្លែងថា៖ «យើងមានប្រតិភូគណៈមេធាវី និងការិយាល័យប្រតិភូនៅតាមបណ្តាសាលាជម្រះក្តីទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋគាត់អាចមករកសេវាការពារក្តី ពិគ្រោះយោបល់ផ្នែកច្បាប់បានតាមសាលាជម្រះក្តីនោះ ហើយគណៈមេធាវីក៏មានជាលេខទូរស័ព្ Hotline (១២-៨១) សម្រាប់ឱ្យសាធារណជនខលសាកសួរព័ត៌មានបានដោយឥតគិតថ្លៃ»។
ចាប់ពីឆ្នាំ ២០២១ រហូតមកទល់ឆ្នាំនេះ ការការពារក្តីជនក្រីក្រនៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ១៦ ៦៧១ ករណី មានកូនក្តីសរុប ២៦ ៦០២ នាក់ ក្នុងនោះស្រី ២ ២៥៦ នាក់ កុមារចំនួន ៧ ៥៧០ នាក់ ដោយរឿងក្តីភាគច្រើនគឺជារឿងក្តីព្រហ្មទណ្ឌ ករណីលួចមានស្ថានទម្ងន់ទោស និងគ្រឿងញៀន ចំណែកការពិគ្រោះយោបល់ផ្នែកច្បាប់បានចំនួន ១ ៩៤៣ ករណី។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក គឹម រ័ត្នណារ៉ុង។
លោកបានឱ្យដឹងដែរថា រឿងក្ដីទាំង ១៦ ៦៧១ ករណី មានគម្រោងដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាលមានចំនួន ១៥ ៦៧៩ ករណី មានកូនក្តីសរុបចំនួន ២៥ ៣៨១ នាក់ និងមានមេធាវីចូលរួមស្ម័គ្រចិត្តការពារចំនួន ៦៩៦ រូប។ ក្រៅពីនេះក៏មានគម្រោងផ្តល់មេធាវីការពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាមានចំនួន ៥៥៧ ករណី ដែលមានកូនក្តីសរុប ៥៨៨ នាក់ផងដែរ ដោយមានមេធាវីស្ម័គ្រចិត្តការពារក្ដីចំនួន ១៦៨ រូបដែលភាគច្រើនជាស្ត្រី។
បន្ថែមលើនេះនៅមានគម្រោងមេធាវីស្ម័គ្រចិត្តពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្តីជូនជនក្រីក្រ តាមគោលនយោបាយចុះថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយទទួលបានរឿងក្ដីចំនួន ៣៧៥ ករណី មានកូនក្តីចំនួន ៥៤៦ នាក់ និងមានមេធាវីស្ម័គ្រចិត្តចូលរួមការពារក្ដីចំនួន ២១៨ រូប និងមេធាវីស្ម័គ្រចិត្តពិគ្រោះយោបល់មានចំនួន ៣១០ រូប ពិគ្រោះយោបល់បាន ៩១៨ ករណី។ ក្រៅពីនេះ មានគម្រោងលើកកម្ពស់យុត្តិធម៌សម្រាប់កុមារ ដែលឧបត្ថម្ភដោយអង្គការ UNICEF ទទួលបាន ៦០ករណី មានកូនក្តីចំនួន ៨៧ រូប និងមានមេធាវីជំនាញកុមារចំនួន ៨៧ រូបផងដែរ។
លោក ម៉ៅ សារី ប្រតិភូគណៈមេធាវីប្រចាំនៅខេត្តរតនគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្របានស្វែងរកមេធាវីជួយការពារក្តីដោយស្ម័គ្រចិត្ត ជាជម្រើសដំបូងក្នុងការជួយដោះស្រាយរឿងក្តីក៏ដូចជាប្រឹក្សាយោបល់ផ្នែកច្បាប់។ ចំណែកមេធាវីការពារក្តីប្រចាំការនៅខេត្តតែងជួយប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ទោះបីជាការងារនោះមិនទទួលបានកម្រៃក៏ដោយ។
លោកបានបញ្ជាក់ថា៖ «បើយើងមិនជួយគាត់ គាត់មានលទ្ធភាពទៅរកមេធាវីឯណា បើមេធាវីនៅភ្នំពេញមិនងាយមកទេ ហើយទីតាំងមេធាវីការពារក្តីជនក្រីក្រយើងមាននៅខេត្តរតនគិរីស្រាប់ ចំណែកមេធាវីជំនាញខ្លះខុសជំនាញគាត់ គាត់អត់មកទេ»។
ដោយមានបទពិសោធន៍ធ្វើជាមេធាវីការពារក្តីជនក្រីក្រជាង ៦ ឆ្នាំ លោក ម៉ៅ សារី បានប្រាប់ថា ក្នុង ១ ឆ្នាំៗ មេធាវីការពារក្តីជនក្រីក្រនៅខេត្តរតនគិរីបានទទួលសំណុំរឿងជួយប្រជាពលរដ្ឋដោយឥតគិតថ្លៃពី ២០០ ទៅ ២៥០ សំណុំរឿង ដោយភាគច្រើនជារឿងក្តីគ្រឿងញៀន អំពើហិង្សា ការចាប់រំលោភសម្លាប់ ការប្លន់ ក្មេងទំនើងជាដើម។ ក្រៅពីពឹងរកប្រតិភូគណៈមេធាវីប្រចាំនៅខេត្តរតនគិរី ប្រជាពលរដ្ឋមួយចំនួនបានទៅពឹងអង្គការលីកាដូខ្លះ និងពឹងមេធាវីនៅភ្នំពេញខ្លះសម្រាប់អ្នកមានលទ្ធភាព។
ការដោះស្រាយរឿងក្តីជនក្រីក្រដោយមិនគិតថ្លៃបានរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានច្រើន។ ជាក់ស្តែង ខេត្តនៅឆ្ងាយពីរាជធានីដូចជាខេត្តរតនគិរីនេះ មានប្រជាពលរដ្ឋខ្លះមិនសូវមានថវិកា សូម្បីតែលទ្ធភាពធ្វើដំណើរចូលមកទីរួមខេត្តក៏ពិបាកដែរ ហើយមានកន្លែងខ្លះផ្លូវពិបាកដំណើរ ខណៈអ្នកខ្លះគាត់ជាជនជាតិដើមភាគតិចមិនចេះនិយាយភាសាខ្មែរទៀតផង។
មេធាវីការពារក្តីជនក្រីក្រប្រចាំខេត្តរតនគិរី លោក ម៉ៅ សារី បានប្រាប់ទៀតថា ការជួយការពារក្តីជនក្រីក្រ គឺមិនគិតប្រាក់កម្រៃអ្វីទាំងអស់។ ចំពោះការរត់ឯកសារមួយចំនួនមេធាវីការពារក្តីមានថវិកាខ្លះដែលផ្តល់ដោយគណៈមេធាវីកម្ពុជាសម្រាប់សម្រួលដំណើរការការពារក្តី។ ការជួយប្រជាពលរដ្ឋក្នុងការការពារក្តីនេះ ក៏ជាការរួមចំណែកក្នុងការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងផងដែរ។
លោកថ្លែងថា៖ «ការជួយប្រជាពលរដ្ឋក្រីក្រមិនមែនដើម្បីថា យ៉ាងម៉េចទេ បើថា ខុសឱ្យដឹងថាខុស តែយើងជួយក្នុងន័យអប់រំដើម្បីពេលគាត់បានត្រឡប់ទៅផ្ទះវិញ ឬក៏គាត់យល់អំពីបញ្ហាផ្លូវច្បាប់ហើយចូលរួមជួយកាត់បន្ថយកុំឱ្យមានរឿងដដែលៗកើតឡើងទៀតព្រោះធម្មតាការរស់នៅក្នុងសង្គមតែងមានអ្នកខុស អ្នកមិន
ខុស ត្រូវតែមានការជួយជ្រោមជ្រែងគ្នា»។
លោក សុខ និល ប្រជាពលរដ្ឋនៅភូមិវាល ឃុំ-ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ដែលមានរឿងក្តីពាក់ព័ន្ធបញ្ហាដីធ្លី បានឱ្យដឹងថា លោកបានដឹងថាមានមេធាវីការពារក្តីជនក្រីក្រ តាមរយៈការផ្សព្វផ្សាយនៃបណ្តាញព័ត៌មាន ជាពិសេសពេលការឡើងតុលាការផ្ទាល់តែម្តង។ នៅពេលមានរឿងក្តី នៅតុលាការមានអ្នកណែនាំឱ្យរកមេធាវីការពារក្តីជនក្រីក្រ ប្រសិនបើមិនមានលទ្ធភាព រកមេធាវីដោយខ្លួនឯង។
យ៉ាងណាក្ដី លោកបានបញ្ជាក់ថា លោកមិនបានពឹងរកមេធាវីការពារក្តីជនក្រីក្រទេ ដោយសារតែលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកមេធាវីការពារក្ដីដោយខ្លួនឯងបាន។
លោកបញ្ជាក់ថា៖ «ទោះបីជាមិនបានពឹងមេធាវីការពារក្តីជនក្រីក្រ តែមិនមែនមានន័យថា ខ្ញុំមិនគាំទ្រការដែលមានមេធាវីការពារក្តីជនក្រីក្រនោះទេ។ ខ្ញុំយល់ថា ការមានមេធាវីការពារក្តីជនក្រីក្របានរួមចំណែកកាត់បន្ថយបន្ទុកការចំណាយរបស់អ្នកក្រ ម្យ៉ាងឥឡូវអត់ពិបាកក្នុងការរកមេធាវីជនក្រីក្រទេ មាននៅគ្រប់តុលាការ និងមានទាំងលេខទាក់ទងបន្ទាន់ទៀតផង។
យ៉ាងណាក៏ដោយ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងថា ចំនួនមេធាវី និងចំនួនប្រជាពលរដ្ឋដែលត្រូវការពឹងរកមេធាវីការពារក្តីដោយស្ម័គ្រចិត្ត នៅមិនទាន់សមាមាត្រគ្នានឹងគ្នាទេ មានន័យថា មេធាវីមិនមានចំនួនគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឡើយ។
លោកបានបន្តថា ការជួយប្រជាពលរដ្ឋក្រីក្រតាមរយៈការផ្តល់មេធាវីជួយការពារក្តី និងប្រឹក្សាយោបល់ផ្នែកច្បាប់ គឺជារឿងមួយល្អហើយ ប៉ុន្តែមានរឿងខ្លះមេធាវីមិនអាចការពារបានទាំងអស់នោះទេ ហេតុនេះ ពេលខ្លះមេធាវីអង្គការសង្គមស៊ីវិល បានជួយដល់ប្រជាពលរដ្ឋភាគច្រើនលើបញ្ហាកើតចេញពីវិវាទដីធ្លី ដែលក្រុមហ៊ុនប្តឹងប្រជាពលរដ្ឋ ឬសហគមន៍ដីធ្លី ពីបទល្មើសព្រហ្មទណ្ឌជាច្រើន ប៉ុន្តែមេធាវីអង្គការសង្គមស៊ីវិលមានចំនួនតិច ក្នុងការផ្តល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
លោក អំ សំអាត បានឱ្យដឹងដែរថា ការបន្ថែមមេធាវីសម្រាប់ការពារក្តីជនក្រីក្រនៅតាមបណ្តាខេត្តគឺជារឿងល្អ ប៉ុន្តែធ្វើយ៉ាងណាឱ្យប្រាកដថា ការការពារក្តីនោះពិតជាមិនត្រូវបានយកកម្រៃពីប្រជាពលរដ្ឋ និងធ្វើយ៉ាងណាកុំឱ្យមានការរើសអើង ក្នុងការការពារក្តីជនក្រីក្រ។
លោកថ្លែងថា៖ «មេធាវីបើធ្វើការតាមអាជីព តាមក្រមសីលធម៌វិជ្ជាជីវៈ អាហ្នឹងឈ្នះចាញ់ជារឿងធម្មតាទេឱ្យតែគាត់ប្រឹងប្រែងឱ្យអស់លទ្ធភាព។ខ្ញុំជឿថា ការទទួលសំណុំរឿងតិច ឬច្រើនអាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋដែលគាត់ទៅពឹងពាក់ បើកាលណាមានរឿងទៅពឹងច្រើនអាហ្នឹងរឿងច្រើនហើយ កាលណាបើមិនសូវទៅពឹងពាក់ អាហ្នឹងមេធាវីក៏ទទួលរឿងបានតិចដែរ»។
លោក អំ សំអាត ប្រាប់ថា មើលតាមអង្គការសង្គមស៊ីវិលដែលធ្វើការនៅតាមបណ្តាខេត្តមួយចំនួនដែលមានវិវាទដីធ្លី ហើយជាប់បណ្តឹងច្រើននោះ ឃើញថា ចំនួនសំណុំរឿងនៅតែមានច្រើនដែលប្រជាពលរដ្ឋពឹងរកដើម្បីជួយដោះស្រាយ។
ចំពោះបញ្ហានេះ ប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រ លោក គឹម រ័ត្នណារ៉ុង បានបញ្ជាក់ថា ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ មិនមែនខ្វះខាតទេ គ្រាន់តែពេលខ្លះ ការជូនដំណឹងអញ្ជើញមេធាវីឱ្យចូលរួមនីតិវិធីតុលាការមានការយឺតយ៉ាវពោលគឺកៀកថ្ងៃ ដែលត្រូវចូលនីតិវិធី ជាហេតុនាំឱ្យមេធាវីមិនបានសិក្សាសំណុំរឿងបានគ្រប់ជ្រុងជ្រោយ,ការថតចម្លងសំណុំរឿងពីតុលាការ ក្រឡាបញ្ជីថតចម្លងឱ្យមិនអស់ និងពិបាកក្នុងការទទួលបានសាលក្រម ក៏ដូចសាលដីកា។
តាមគោលនយោបាយស្តីពីការពិគ្រោះយោបល់ច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃរបស់គណៈមេធាវីបង្ហាញថា អ្នកដែលត្រូវទទួលបានការការពារក្តីជាអាទិភាពរួមមាន ជនជាប់ចោទជាជនក្រីក្រ ឬមិនមានលទ្ធភាព ហើយជាប់ចោទពីបទឧក្រិដ្ឋ។ ជនជាប់ចោទជាអនីតិជន ហើយជាប់ចោទពីបទឧក្រិដ្ឋ ឬមជ្ឈិម។
ស្ត្រី និងកុមារដែលជាជនរងគ្រោះ ក្នុងបទឧក្រិដ្ឋ និងបទមជ្ឈិមដែលគ្មានលទ្ធភាពរកមេធាវីការពារខ្លួនដោយខ្លួនឯងបាន។ ចំណែក ការផ្តល់ជូនមេធាវីស្ម័គ្រចិត្តជាអាទិភាពរួមមាន ប្រជាពលរដ្ឋជាជនក្រីក្រក្នុងរឿងរដ្ឋប្បវេណី ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌគ្មានលទ្ធភាពរកមេធាវីការពារសិទ្ធិដោយខ្លួនឯងបាន និងកម្មករ-កម្មការិនីដែលមិនមានលទ្ធភាពរកមេធាវីក្នុងរឿងរដ្ឋប្បវេណី៕