ភ្នំពេញៈ លោក ហាស់ គា អាយុ ៤០ ឆ្នាំ ជាអ្នកដើរលក់អំបោសមួយរយៈខ្លីបានរកឃើញគំនិតកែច្នៃសម្បកដបទឹកក្រូច ធ្វើជាអំបោស ដោយបានបង្កើតជាសិប្បកម្មខ្នាតតូច នៅភូមិព្រៃទា ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានផ្ដល់ការងារដល់ស្ត្រីក្នុងសហគមន៍របស់លោកបាន ២៨ នាក់។ ប្រែក្លាយដបស្រា និងសំណល់សំរាមនៅគិរីរម្យឱ្យមានប្រយោជន៍ ដើម្បីបរិស្ថានល្អ។
លោក ហាស់ គា ថ្លែងថា៖ «កាលពីឆ្នាំ ២០១០ ខ្ញុំជាអ្នកលក់អំបោសមួយរយៈពេលខ្លី ហើយខ្ញុំដឹងថា អំបោសក៏មានតម្រូវការប្រើប្រាស់ច្រើនដែរ ប៉ុន្តែភាគច្រើនគេប្រើតែអំបោសនាំចូលពីប្រទេសជិតខាង ហើយបើតាមបទពិសោធរបស់ខ្ញុំគឺអំបោសទាំងនោះប្រើឆាប់ខូចព្រោះតែភាពរេចរឹល។ គំនិតកែច្នៃរបស់ខ្ញុំកើតចេញពីការមើលយូធូប ហើយបានឃើញជនបរទេសគេយកដបជ័រដូចជាដបទឹកក្រូចដបទឹកសុទ្ធមកកែច្នៃជាវត្ថុប្រើប្រាស់ឡើងវិញបានទើបខ្ញុំចាប់អារម្មណ៍លើការបង្កើតមុខរបរនេះតែម្ដង»។
លោក ហាស់ គា ថ្លែងថា ដោយបានគិតថា នៅគ្រប់តំបន់គ្រប់ទីកន្លែងមានអ្នកប្រើប្រាស់ដបទឹកក្រូច (ដបជ័រ) និងដបទឹកបរិសុទ្ធច្រើន ហើយបោះសម្បកដបចោលដែលជាសំណល់ជ័រប្លាស្ទិក រីឯជ័រប្លាស្ទិកនេះវានឹងបង្កជាកាកសំណល់អាក្រក់និងបំពុលក្នុងបរិស្ថានផងហេតុនេះហើយទើបនៅខែមីនា ឆ្នាំ ២០២៣ លោកបានបង្កើតជាសិប្បកម្មមួយតូចដែលមានទំហំដីទទឹង ៩ ម៉ែត្រ បណ្តោយ ៤៥ ម៉ែត្រ ហើយជ្រើសរើសយកតែសំណល់ដបទឹកក្រូចចំណុះ ១ លីត្រកន្លះនិងចំណុះ ២ លីត្រ ដើម្បីហូតបានជាសរសៃវែងៗ។
លោកថ្លែងថា៖ «របររបស់ខ្ញុំជួយបានច្រើនអាចលើកទឹកចិត្តដល់អ្នករើសអេតចាយខំដើររើសដប ហើយបើគាត់រើសពីទីសាធារណៈអស់ក៏ជាការសម្អាតបរិស្ថានដែរ ម្យ៉ាងទៀតអ្នកដែលធ្លាប់តែបោះដបចោលងាកមកជាសន្សំទុកលក់វិញដែលនេះក៏ជាការដាស់ស្មារតីដល់មនុស្សក្នុងសង្គមឱ្យគាត់គិតថា សំណល់ប្លាស្ទិកក៏មានតម្លៃដែរ»។
លោកបញ្ជាក់ថា ចំពោះវិធីកែច្នៃនេះគឺលោកយកដបទឹកក្រូចមកលាងសម្អាតឱ្យស្អាតបន្ទាប់មកផ្លុំខ្យល់កម្ដៅដើម្បីឱ្យដបស្ងួត ទើបយកកាំបិតច្រៀកដបឱ្យចេញជាសរសៃៗអាចប្រវែងពី ៧ ទៅ ៨ ម៉ែត្រ ហើយចងជាដុំៗទុកកាត់ទៅតាមខ្នាតនៃសាច់អំបោសដែលតម្រូវយក។ អំបោសធ្វើពីដងឫស្សីមានប្រវែងពី ១ ម៉ែត្រ ៣ តឹកទៅ ១ ម៉ែត្រ ៤ តឹកដែលភាគច្រើនធ្វើដោយដៃទាំងអស់រីឯឫស្សីគឺមានម៉ូយយកមកលក់ឱ្យលោក។
សិប្បកម្មរបស់លោកប្រើកម្លាំងពលកម្មស្ត្រី ១៥ នាក់ ដែលមានវ័យចន្លោះពី ៤០ ឆ្នាំដល់ជាង ៥០ ឆ្នាំ និងនៅតាមផ្ទះមាន ១៣ នាក់ទៀត។ចំពោះការងារកែច្នៃអំបោសនេះអ្នកធ្វើម្នាក់ៗអាចធ្វើពេលណាក៏បានហើយបើពេលណាគាត់រវល់អាចទុកសិនបានព្រោះគិតតម្លៃរាប់ក្បាលអំបោស។ បច្ចុប្បន្នសិប្បកម្មរបស់លោកប្រើដបជ័រអស់ ៨ ពាន់ដបដើម្បីច្រៀកជាសរសៃអំបោស ហើយបើគិតជាខ្សែស្មើទម្ងន់ ១០០ គីឡូក្រាមក្នុង ១ ថ្ងៃ ដោយប្រមូលទិញពីអ្នករុញរទេះអេតចាយនិងតាមដេប៉ូអេតចាយ។
លោកថ្លែងថា៖ «បើទោះជាការងារមិនធំក្តីតែអាចជួយសម្រាលឬដោះស្រាយជីវភាពកម្មកររបស់ខ្ញុំបាន ១ គ្រាៗដែរ។ កម្លាំងពលកម្មរបស់ខ្ញុំ ពួកគាត់ជួលបន្ទប់គេស្នាក់នៅទេ ហើយអ្វីដែលគាត់ចំណេញបន្ថែមគឺគាត់ចេះជំនាញថ្មីពីការងារនេះដែរ»។
លោកថ្លែងថា ក្នុង ១ ថ្ងៃសិប្បកម្មរបស់លោកអាចកែច្នៃអំបោសបានប្រហែល ៥០០ ដើមហើយក្នុង ១ ដើមៗលក់ក្នុងតម្លៃ១ម៉ឺនរៀល។បច្ចុប្បន្នមានអតិថិជននៅរាជធានីភ្នំពេញ មកពីខេត្តស្វាយរៀង ខេត្តសៀមរាប តាកែវ រតនគិរី បន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ចំពោះមធ្យោបាយវិញគឺលោកផ្ញើតាមរថយន្តឈ្នួលដឹកដល់គោលដៅតែម្តងបើមានការបញ្ជាទិញ រីឯអំបោសនេះប្រើបានទូទៅបោសសំរាមក្នុងទឹកក៏បាន តែបើបោសធូលីដីមិនសូវជាអស់ដីទេ។
ស្ត្រីម្នាក់ឈ្មោះ ឡូញ រ៉ែម អាយុ ៤៤ ឆ្នាំ ជាកម្មករម្នាក់ក្នុងចំណោម ២៨ នាក់នៃសិប្បកម្មកែច្នៃអំបោសនេះថ្លែងថា៖ «ការងារដែលខ្ញុំកំពុងធ្វើនេះសម្រាប់អ្នកខ្លះអាចមើលរំលងព្រោះខ្ញុំធ្វើជាមួយកាកសំណល់គេបោះចោល ប៉ុន្តែខ្ញុំកែច្នៃសំរាមយកទៅកម្ចាត់សំរាមវិញ។ ខ្ញុំ និងស្វាមីជាមួយកូនតូចៗប្រុសស្រី ៣ នាក់បានចេញពីភូមិស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានមករាជធានីភ្នំពេញប្រហែល ២ ឆ្នាំ ដោយជួលបន្ទប់តូចមួយស្នាក់នៅក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ»។
អ្នកស្រីឱ្យដឹងថា ក្នុងអំឡុងខែមីនា ឆ្នាំ ២០២៣ អ្នកស្រីបានមកធ្វើជាកម្មករកែច្នៃអំបោសវិញ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសប្បាយចិត្តព្រោះការងារដែលខ្ញុំធ្វើ ជាការងារជួយដល់វិស័យបរិស្ថាន។ហេតុអ្វីបានជាខ្ញុំថា ជួយដល់បរិស្ថានព្រោះជ័រប្លាស្ទិកមិនរលាយក្នុងទឹកមិនរលាយក្នុងដី ហើយបើយើងដុតទៅវាបង្កជាផ្សែងហើយមានក្លិនឈ្ងៀមទៀត»។
លោក វេង ភារុន អាយុ ៤២ ឆ្នាំ មេការសំណង់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលងាកមកទិញអំបោសកែច្នៃនេះមកប្រើ ក្រោយពីបានឃើញតាមបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា អំបោសប្រភេទនេះអាចប្រើបានយូរ ព្រោះវាមាំប្រើធន់ទើបបញ្ជាទិញ ១០០ ដើមទៀត។
លោកប្រាប់ថា៖ «ចំពោះផលប្រយោជន៍ពីអំបោសនេះទី១ ខ្ញុំប្រើទៅកាត់បន្ថយការចំណាយថ្លៃទិញនិងចំណេញការប្រើប្រាស់។ ទី២ ចំណេញដល់បរិស្ថានព្រោះជ័រប្លាស្ទិកនេះមិនរលាយក្នុងទឹកក្នុងដីទេ ទី៣ ម្ចាស់សិប្បកម្មជួយផ្តល់ការងារដល់ស្ត្រីក្នុងសហគមន៍ឱ្យមានការងារធ្វើនិងមានប្រាក់ចំណូលចិញ្ចឹមកូនៗរបស់ពួកគាត់»។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានថ្លែងថា ក្រសួងបរិស្ថានក៏ដូចជាមន្ទីរបរិស្ថានរាជធានីភ្នំពេញ គឺគាំទ្រដល់អ្នកយករបស់ដែលគេបោះចោលយកមកកែច្នៃប្រើឡើងវិញ អ៊ីចឹងការកែច្នៃរបស់ម្ចាស់សិប្បកម្មនោះគឺចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក ហើយត្រូវគោលដៅរបស់ក្រសួងបរិស្ថានចង់បានហើយ។
លោកថ្លែងថា៖ «យើងក៏រឹតបន្តឹងដែរចំពោះសិប្បកម្មនីមួយៗត្រូវតែមានលិខិតអនុញ្ញាតត្រឹមត្រូវ។ នេះជាការបង្ហាញអំពីការគោរពទៅដល់បទដ្ឋានបរិស្ថានព្រោះសិប្បកម្មមួយចំនួនគាត់កែច្នៃកាត់បន្ថយសំណល់តែគាត់ក៏អាចមានបញ្ចេញសំណល់នូវសារធាតុមួយចំនួនដែលប៉ះពាល់ដល់បរិស្ថានវិញដូចគ្នា»។
យ៉ាងណាក៏ដោយ លោក ហាស់ គា ថ្លែងថា កាកសំណល់ដូចជាគម្របដប និងកម្ទេចជ័រដែលកែច្នៃមិនបានត្រូវលក់ឱ្យដេប៉ូអេតចាយវិញដែលគេទទួលទិញវិញ៕