ភ្នំពេញៈ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា អ្នកវិនិយោគនៅក្នុងវិស័យស្វាយចន្ទីជាង ៥០០ នាក់ មកពីស្ទើរគ្រប់ប្រទេស នៅជុំវិញពិភពលោកនឹងមកជួបជុំគ្នានៅក្នុងសន្និសីទស្វាយចន្ទីពិភពលោកនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។
នៅក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ សមាគមស្វាយចន្ទីកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។
លោកបញ្ជាក់ថា៖ «នាសន្និសីទនោះ សសក ស្វែងរកទីផ្សារគ្រាប់កែច្នៃទៅកាន់ទីផ្សារអារ៉ាប់ អឺរ៉ុប និងអាមេរិក។ ដូច្នេះនៅក្នុងសន្និសីទលើកនេះ ក៏ដូចគ្នាដែរ យើងរំពឹងថា យើងនឹងអាចស្វែងរកបានដៃគូវិនិយោគថ្មីៗ ដើម្បីជំរុញការកែច្នៃសម្រាប់ការនាំចេញ ប្រសើរជាងការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម»។
លោក កុក ធាន បានបន្ថែមថា កម្ពុជា គឺជាប្រទេសដែលដាំដុះស្វាយចន្ទីច្រើនជាងគេទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ ដែលរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជំរុញធ្វើឱ្យមានការកែច្នៃ តាមរយៈខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។
លោកបញ្ជាក់ថា៖ «យើងមានបំណងចង់ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាខេត្តកសិ-ឧស្សាហកម្មលើដំណាំស្វាយចន្ទីដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នខេត្តនេះ ជាខេត្តដែលមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេផងដែរ»។
នាឱកាសនោះដែរលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម គ្រោងនឹងសហការជាមួយនឹងសហព័ន្ធស្វាយចន្ទី, ក្រុមហ៊ុនឯកជន ដើម្បីរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ នាដើមខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ នាខេត្តសៀមរាប។
លោកមានប្រសាសន៍ថា៖ «កម្មវិធីនេះ នឹងជួយជំរុញការផ្សព្វផ្សាយដល់សាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុង និងក្រៅស្រុកឱ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីសក្តានុពលស្វាយចន្ទីកម្ពុជា និងទាក់ទាញដៃគូពាណិជ្ជកម្ម អ្នកទិញ អ្នកវិនិយោគ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ សំដៅលើកកម្ពស់ការប្រកួតប្រជែងពិសេសជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន»។
ជាមួយគ្នានោះដែរ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ថ្លែងថា វេទិកាស្វាយចន្ទី ដែលនឹងរៀបចំឡើងនាប៉ុន្មានថ្ងៃខាងមុខ គឺជាអ្វីដែលក្រសួងរៀបចំ ដើម្បីត្រៀម និងឈានទៅដល់ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកនៅដើមខែកុម្ភៈ ឆ្នាំ ២០២៤។
កញ្ញាបានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា និងឈានទៅពង្រីកសក្តានុពលនៃវិស័យនេះឱ្យបានកាន់តែទូលំទូលាយ។
កញ្ញាបញ្ជាក់ថា៖ «យើងរំពឹងថា ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដែលដាក់ចេញ ដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី ហើយវាក៏ជាការខិតខំប្រឹងប្រែងរបស់យើង ដើម្បីត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកនាពេលខាងមុខដែរ»។
កញ្ញា អ៊ឹម រចនា បន្ថែមថា នៅថ្ងៃទី ៦ និង ៧ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងសមាគមស្វាយចន្ទីកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំវេទិកាជាតិស្វាយចន្ទី ដែលជាផ្នែកមួយដើម្បីរុញឱ្យកម្ពុជាឈានទៅជាប្រទេសអធិរាជស្វាយចន្ទីនាពេលអនាគត។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០ តោន ក្នុងនោះបាននាំចេញទៅវៀតណាម ក្នុងចំនួន ៦១៥ ០០០ តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារអាមេរិកដែលថយចុះ ១៦,៧ ភាគរយបើធៀបរយៈកាលដូចគ្នា ទៅនឹង ២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្ងួត មានតម្លៃ ១ ៦៥៨ ដុល្លារ ក្នុង ១ តោន។
ដោយឡែកពីខែតុលាមកគ្រាប់ស្ងួតតម្លៃ ៧ ០០០ រៀល ៧ ៥០០ រៀល ក្នុង ១ គីឡូក្រាម ឬ ១ ៩០០ ដុល្លារ ក្នុង ១ តោន ដែលតម្លៃនេះជាតម្លៃល្អ បើធៀបនឹងពេលកន្លងទៅ៕