ភ្នំពេញៈ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនៅកម្ពុជាបានលើកឡើងថា រយៈពេល ១ ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២-២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរកាវិវឌ្ឍន៍ខ្លាំង។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរបានឱ្យដឹងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជាបានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
លោកបានបន្តថា៖ «រយៈពេល ១ ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ យើងដឹងថា គុនល្បុក្កតោ បានលេចធ្លោឡើង បានកើតឡើងក្នុងដំណើរវិវឌ្ឍន៍មួយយ៉ាងខ្លាំង ហើយខ្ញុំពិតជារំភើបនៅពេលដែលឃើញថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធរួមគ្នាអបអរចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយនេះដែលបង្ហាញពីមិត្តភាពថ្មី និងសាមគ្គីភាព ដែលនាំឱ្យសង្គមជាតិមានការឱ្យតម្លៃគ្នាទៅវិញទៅមក»។
បន្ថែមពីនេះ លោក សំបូរ មាណ្ណារ៉ា បានបន្តថា តាមរយៈភ័ស្តុតាងស្រាវជ្រាវប្រវត្តិសាស្ត្រ គុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទនានា ជាពិសេស
នៅប្រាសាទអង្គរវត្ត ហេតុនេះតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយនេះបានបង្ហាញថា គុនល្បុក្កតោមានប្រវត្តិតាំងពីសម័យបុរាណ និងតាំងពីសម័យអង្គរមកម្ល៉េះ។
ជាមួយនេះដែរលោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរដដែលបានជំរុញឱ្យយុវជនដែលជាអ្នកបន្តវេន គួរតែបង្កើនការខិតខំរៀនសូត្រ និងរួមគ្នាសិក្សាស្វែងយល់ពីគុនល្បុក្កតោឱ្យកាន់តែទូលាយ និងស៊ីជម្រៅថែមទៀត ព្រោះថា គុនល្បុក្កតោ គឺជាការបង្កើតបានក្បាច់យុទ្ធសាស្ត្រសម្រាប់ឱ្យយុវវ័យយកចិត្តទុកដាក់គិតហើយបង្ហាញពីភាពស្វាហាប់នៃការហាត់កីឡា និងភាពវាងវៃនៃការប្រើបញ្ញាក៏កើតចេញពីគុនល្បុក្កតោនេះដែរ។
លោក សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវប្រវត្ថិសាស្ត្រ សូមអំពាវនាវឱ្យយុវជនយុវនារីខ្មែរទាំងអស់ចូលរួមបន្តយកចិត្តទុកដាក់ពីគុនល្បុក្កតោនេះ ដើម្បីពង្រឹងនៃតម្លៃជាតិរបស់យើង ក្នុងឋានៈជាអ្នកបន្តវេន»។
សូមរំឭកដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូបានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបង្ហាញថា គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ ហើយបន្តរស់រានរហូតមកទល់បច្ចុប្បន្ន។
ជាក់ស្តែង ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភ័ស្តុតាងបង្ហាញច្បាស់ពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោ តៗគ្នាពីជំនាន់ ១ ទៅជំនាន់ ១ ដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសាហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ «ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ និងក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ»។
នាឱកាសខួប ១ ឆ្នាំនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្ថាប័នជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ ក៏បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការដើម្បីអបអរសាទរខួប ១ ឆ្នាំ នៃការដាក់បញ្ចូលក្បាច់គុននេះផងដែរ។
ការចុះបញ្ជីនេះ មិនត្រឹមតែជួយឱ្យព្រលឹងជាតិខ្មែរល្បីរន្ទឺនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចសង្គមទៀតផង ខណៈភាគីពាក់ព័ន្ធក៏បានជំរុញឱ្យរួមគ្នាអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ជាតិមួយនេះឱ្យបានគង់វង្ស ខណៈកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប៕