ភ្នំពេញ: រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូក អង្គការសម្អាតទន្លេ សមុទ្រ បានសម្អាតសំរាមតាមផ្ទៃទឹកទន្លេ និងច្រាំងទន្លេ បានប្រមាណជាង ១៥ តោនដែលស្មើនឹងបរិមាណ ២០ ទូក។
លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានឱ្យដឹងថា៖ «ក្នុងគោលបំណង ចប់កម្មវិធី ស្អាតបរិស្ថាន ក្រុមការងាររបស់យើងបានប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងការសម្អាតផ្ទៃទន្លេ និងមាត់ច្រាំងទន្លេជាប្រចាំ»។ ឆ្នាំនេះមានសំរាមច្រើនជាងឆ្នាំណាៗទាំងអស់ តែដោយមានការចូលរួមជាពិសេសពីសំណាក់យុវជន អង្គការ និងក្រុមហ៊ុនឯកជន រួមទាំងអាជ្ញាធរ បរិស្ថាននៅតាមដងទន្លេសាប ជាទីកន្លែងប្រារឰពិធីបុណ្យអុំទូក ត្រូវបានសម្អាតស្អាតភ្លាមៗ។
ជាមួយទូក ២ គ្រឿងប្រចាំការ ដោយមានការចូលរួមពីបុគ្គលិកស្នូលរបស់អង្គការប្រមាណ ២០ នាក់ និងក្រុមស្ម័គ្រចិត្ដមកពីមជ្ឈដ្ឋាននានាប្រមាណជាង ១០០ នាក់ទៀត ផ្ទៃទឹកទន្លេ និងច្រាំងទន្លេមានសភាពស្អាត។ យុវជនមានការចូលរួមច្រើនទាំងការជួយប្រមូលនិងផ្ដល់ថង់ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកចេញ។
លោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«ជាង ១៥ តោននេះគ្រាន់តែអង្គការរបស់យើងមួយប៉ុណ្ណោះ តែនៅក្រុមយុវជនបរិស្ថានដទៃទៀត សំរាមលើផ្ទៃទឹក និងមាត់ច្រាំងអាចមានចំនួនប្រមាណ ៣០ តោន។ សំរាម ដែលលេចចូលផ្ទៃទឹកប្រមាណពី ១០ ទៅ ២០% ដែលយើងមិនអាចប្រមូលអស់»។
សំរាមទាំង ២០ ទូក ត្រូវបានដឹកចេញជាបន្ដបន្ទាប់ឆ្ពោះទៅកាន់មជ្ឈមណ្ឌលគ្មានសំណល់ដើម្បីបែកចែកសំរាម និងកែច្នៃឡើងវិញ។ លោកសុវណ្ណនិយាយថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមជាទូទៅ នៅមានកម្រិតតិចតួច ជាពិសេស ពលរដ្ឋវ័យចំណាស់ ដែលមិនសូវមានចូលរួមសម្អាតបរិស្ថាន។
លោកបានអះអាងថា អ្នកខ្លះមួយភាគតូចនៅយល់ថា ការរើសសំរាម ឬវេចខ្ចប់សំរាមគឺជាទង្វើអាប់ឱន និងគួរឱ្យខ្មាសគេ ហើយទុកភារកិច្ចនេះឱ្យក្រុមការងារប្រមូល និងសម្អាតសំរាម។
ទន្ទឹមនឹងនេះ លោក សុវណ្ណ លើកឡើងពីភាពចាំបាច់ក្នុងការសម្អាតសំរាមភ្លាមៗថា វាជួយលើកសម្រស់ទីក្រុងឡើងវិញភ្លាមៗ បំបាត់ក្លិនអាសោចដែលភាយចេញពីការរលួយសំរាម ជាពិសេស ការស្ដារភាពកខ្វល់ចេញពីជីវចម្រុះនៃទឹកទន្លេ បើសិនបើទុកឱ្យសំរាមលេចចុះបាតទន្លេ វាកាន់តែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងមច្ឆា។
ជាមួយលទ្ធភាពនៅមានការខ្វះខាតក្នុងការបំពេញបេសកកម្មប្រមូលសំរាម ទូកកានូ ២ គ្រឿងមិនទាន់គ្រប់គ្រាន់នោះទេដោយលោកសុវណ្ណ សុំឱ្យមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជន ដែលអាចផ្គត់ផ្គង់ទូកបន្ថែមសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត។ ជាមួយការមើលឃើញពីការចូលរួមរបស់ប្រជាពលរដ្ឋ នាយកប្រតិបត្តិអង្គការសម្អាតទន្លេ សមុទ្រ និយាយថា៖ «យើងមិនអាចមិនកោតសរសើរចំពោះយុវជនក៏ដូចជាអាជ្ញាធររាជធានីចូលរួមយ៉ាងខ្លាំង និងធ្វើកិច្ចការនេះបានល្អ។ សូម្បីតែក្រុមអង្គរក្សសម្ដេចតេជោក៏បានចូលរួមប្រមូលសំរាមផងដែរ»។
បង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ២០២០ និងដំណើរការតាំងពីខែមីនា ឆ្នាំ ២០២២ បេសកកម្មរបស់ អង្គការ សម្អាតទន្លេ សមុទ្រ (ROC) គឺសម្អាតទន្លេនៃកាកសំណល់ ជាពិសេសប្លាស្ទិក ដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទឹក និងលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព។ ចំពោះបេសកកម្មប្រមូលសំរាមនៅតាមដងទន្លេមេគង្គ ទន្លេសាប និងមាត់សមុទ្រអង្គការសម្អាតទន្លេ សមុទ្រ បានប្រមូលសំរាមចំនួនជាង ៩០០ តោនដោយស្ថាបនិករូបនេះ មានបំណងពង្រីកវិសាលភាពទូទាំងប្រទេស។ លោក សុវណ្ណ បានឱ្យដឹងថា ចំពោះពិធីបុណ្យសមុទ្រនៅខេត្ដកែប ដែលរៀបចំឡើងនៅថ្ងៃទី ១ ដល់ទី ៣ ខែធ្នូ ខាងមុខនេះ ក្រុមការងារអង្គការ សម្អាតទន្លេ សមុទ្រ នឹងចូលរួមជាមួយអាជ្ញាធរក្នុងការសម្អាតបរិស្ថានទោះបីជាមិនមានលទ្ធភាពយកទូកពីទន្លេទៅសមុទ្រយ៉ាងណាក៏ដោយ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឆេង គឹមស៊ុន ឱ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយកងកម្លាំងស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តនិងអង្គការដៃគូមួយចំនួន បានរៀបចំអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ទុកដាក់កាកសំណល់រឹង ដើម្បីឱ្យមានសណ្តាប់ធ្នាប់។ ក្រសួងបានរៀបចំស្តង់នៅតាមទីតាំងមួយចំនួន សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយពីបរិស្ថាននិងការទុកដាក់សំរាមដោយមានកម្លាំងជាង ១៥០០ នាក់ បានចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអុំទូក៕