កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនមួយរបស់ចិន គ្រោងនឹងបោះទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកង្វក់មួយក្នុងខេត្តរបស់លោកខណៈដែលខេត្តនេះនៅមិនទាន់មានរោងចក្រចម្រោះទឹកកខ្វក់ចេញពីរោងចក្រ សហគ្រាសនៅឡើយទេ។
លោក វ៉ី សំណាង បានថ្លែងប្រាប់ដូចនេះ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅក្រុងប៉េកាំង ប្រទេសចិន កាលពីពេលកន្លងមក។
លោកថ្លែងថា ក្រុមហ៊ុន BUCG Co., Ltd បានបង្ហាញពីដំណើរការរោងចក្រចម្រោះទឹកកខ្វក់របស់ខ្លួន ដោយក្រុមហ៊ុននេះមានគម្រោងវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់នៅខេត្តកំពង់ស្ពឺ។
លោកបានបន្តថា សម្រាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះដែរលោកនៅមិនទាន់ដឹងថា អាចចាប់ផ្ដើមសាងសង់នៅពេលណា ទំហំទឹកប្រាក់ចំនួនប៉ុន្មាននិងមានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងទំហំប៉ុន្មាននៅឡើយទេប៉ុន្តែលោកអះអាងថា ក្រុមហ៊ុននេះប្រាកដជាមកវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់នៅក្នុងកំពង់ស្ពឺពិតមែន។
លោក វ៉ី សំណាង បានថ្លែងថា៖ «គម្រោងវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ក្នុងខេត្តកំពង់ស្ពឺហ្នឹង គឺពិតប្រាកដមែន ក៏ប៉ុន្តែយើងនៅមិនដឹងថា ក្រុមហ៊ុននេះ នឹងចាប់ផ្ដើមនៅពេលណា ក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ»។
បើតាមលោក វ៉ី សំណាង ប្រសិនជាគម្រោងនេះចាប់ផ្ដើមសាងសង់នោះវាជាលើកទីមួយហើយសម្រាប់ខេត្តកំពង់ស្ពឺដែលមានរោងចក្រចម្រោះទឹកកខ្វក់ ខណៈដែលបច្ចុប្បន្ននេះរោងចក្រ សហគ្រាសជាច្រើននៅក្នុងខេត្តនេះ មិនមានកន្លែងចម្រោះទឹកកខ្វក់ដែលចេញពីរោងចក្ររបស់ខ្លួននោះទេ។
លោកបញ្ជាក់ថា៖ «ប្រសិនជាយើងមានអាងចម្រោះនេះមួយ គឺរាល់ទឹកកខ្វក់ទាំងអស់ដែលចេញពីរោងចក្រ នឹងត្រូវប្រមូលយកទៅចម្រោះយ៉ាងស្អាត រួចទើបបង្ហូរចេញទៅកាន់ទីវាល។ អ៊ីចឹង យើងអាចប្រើប្រាស់ទឹកនេះបាន យកទៅស្រោចដំណាំដូច្នេះវាអត់មានផលប៉ះពាល់ដល់សុខភាពដំណាំឡើយ»។
លោកបន្តថា ទន្ទឹមនេះដែរ ទោះបីជារោងចក្រ សហគ្រាស មានអាងស្ដុកទឹកកខ្វក់ដែលហូរចេញពីកន្លែងរបស់ខ្លួនក៏ដោយ ប៉ុន្តែវាមិនដូចអ្វីដែលមានរោងចក្រសម្រាប់ចម្រោះទឹកកខ្វក់នោះទេ ពីព្រោះអាងស្ដុកទឹកកខ្វក់នៅតាមរោងចក្រ វាគ្រាន់តែជាអាងមួយដើម្បីទប់ស្កាត់កាកសំណល់កខ្វក់ក្នុងកន្លែងគាត់ប៉ុណ្ណោះ ហើយបើថ្ងៃណាមួយអាចមានភ្លៀងច្រើនបង្កឱ្យទៅជាទឹកជំនន់ នោះទឹកក្នុងអាងដែលស្តុកនោះ វាអាចនឹងហៀរចេញទៅក្រៅ ដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
ទាក់ទងរឿងនេះលោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានថ្លែងថា បញ្ហាទឹកកខ្វក់ដែលចេញពីរោងចក្រ ជារឿងសំខាន់ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ ជាពិសេសត្រូវរកដំណោះស្រាយ ដើម្បីរៀបចំប្រព័ន្ធទឹកកខ្វក់ដែលចេញពីរោងចក្រ ត្រូវបានចម្រោះយ៉ាងស្អាតនិងត្រឹមត្រូវមុនបង្ហូរចេញទៅបឹង អូរ និងទន្លេជាដើម។
លោកបន្តថា កន្លងមកនៅក្នុងខេត្តដែលមានរោងចក្រច្រើន លោកតែងតែឃើញមានរោងចក្រទាំងអស់នោះបានបង្ហូរទឹកកខ្វក់របស់ខ្លួន ដោយមិនមានការចម្រោះ ឬមានការចម្រោះហើយតែមិនបានត្រឹមត្រូវតាមស្ដង់ដាឡើយ។
លោក ហេង គឹមហុង បានថ្លែងថា៖ «ដូច្នេះអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង ត្រូវមានការត្រួតពិនិត្យឡើងវិញ ប្រសិនជាមានរោងចក្រ សហគ្រាសណាបំពានលើច្បាប់ ដោយបង្ហូរទឹកកខ្វក់របស់ខ្លួន ចូលទៅក្នុងទឹកស្ទឹង ឬបឹង គឺត្រូវចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយ»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួនបី ដែលស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រុងបាត់ដំបង និងក្រុងព្រះសីហនុ៕