ភ្នំពេញៈក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋបញ្ឈប់ការទិញឱសថនិងអាហារបំប៉នគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដែលពុំមានការចុះបញ្ជិកាត្រឹមត្រូវ ព្រោះឱសថទាំងនោះ ពុំអាចធានាគុណភាពនិងសុវត្ថិភាពឡើយ ខណៈដែលក្រសួងបន្តបានរកឃើញឱសថក្លែងក្លាយ ៦មុខ បានចរាចរលក់តាមប្រព័ន្ធអនឡាញ។
ការអំពាវនាវជាថ្មីនេះបន្ទាប់ពីមន្ត្រីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅទីតាំងនោះសមត្ថកិច្ចចម្រុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និងឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ។
ឱសថក្លែងក្លាយ ៦មុខនោះរួមមាន ទី១ NUTRIENT CALCIUM Tablet ទី២ NUTRIENT CALCIUM Capsule ទី៣ NUTRIENT ANTACIDTablets ទី៤ SYMPTOMS ទី៥ CONSTIPAION និងទី៦ ថ្នាំបន្តក់ភ្នែក EYE PLUS។
យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ប្រភេទឱសថចំណុចទី១ខាងលើមានផ្ទុកសារធាតុសកម្មឱសថDiclofenac Sodium និងឱសថទី២មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលសារធាតុទាំងអស់នេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។
ក្រសួងសុខាភិបាល បញ្ជាក់ថា៖ «សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើនិងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក Tik Tok តេឡេក្រាម និងយូធូប ពីព្រោះឱសថ និងផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ»។
ក្រសួងបានក្រើនរំឭកថា ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់ដល់សុខភាពទៀតនោះ សូមប្រជាពលរដ្ឋរកទិញឱសថ និងផលិតផល បំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជិកាពីក្រសួងសុខាភិបាលនៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់។
បន្ថែមពីនេះ ក្រសួងសុខាភិបាល បានចាត់វិធានការលើជនល្មើស ដោយបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី បន្ទាប់ពីរកឃើញលក់ឱសថក្លែងក្លាយទាំងនេះ។
ដោយឡែក លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកាថា ឱសថក្លែងក្លាយចំនួន៦មុខនេះ វាមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ទៅដល់សុខភាពអ្នកប្រើប្រាស់ ពីព្រោះឱសថ វាជាអាវុធមុខ២ស្រាប់ហើយដែលមានន័យថា វាជាថ្នាំព្យាបាលផង និងជាថ្នាំបង្កគ្រោះថ្នាក់ដល់សុខភាពផង។
លោកថ្លែងថា៖ «បើវាជាឱសថក្លែងក្លាយទៅទៀត អ៊ីចឹងនៅពេលដែលប្រើវា គឺមិនអាចទទួលបានប្រសិទ្ធភាពហើយ ថែមទាំងអាចទៅបំផ្លាញសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ ដូច្នេះបើគិតទៅវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នមិនមែនតែឱសថទាំងនេះទេ ប៉ុន្តែខ្ញុំឃើញមានអាហារបំប៉ន និងឱសថជំនួយសុខភាពគ្រប់ប្រភេទផ្សេងទៀត បានដាក់លក់ច្រើនលើប្រព័ន្ធបណ្ដាញសង្គម»។
សម្រាប់អ្នកជំនាញរូបនេះស្នើថា ពលរដ្ឋគួរតែកុំទិញយកមកប្រើប្រាស់នូវរាល់ផលិតផលជាអាហារបំប៉ន និងជាឱសថទាំងនោះដោយមិនស្គាល់ប្រភពច្បាស់លាស់លាស់ ពីព្រោះនៅពេលមានបញ្ហាប៉ះពាល់ដល់សុខភាព គឺវាពិបាកក្នុងការស្វែងរកអ្នកដែលមកទទួលខុសត្រូវណាស់។
លោក នុត សម្បត្តិ បានបន្ថែមថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីការប្រើប្រាស់ផលិតផលអាហារបំប៉ន និងឱសថ ដែលបានចរាចរលក់នៅលើប្រព័ន្ធអនឡាញ ក្រសួងសុខាភិបាល គួរតែសហការជាមួយក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការអន្តរក្រសួងមួយដោយត្រួតពិនិត្យមើលកុំឱ្យមានការផ្សព្វផ្សាយឱសថ និងអាហារបំប៉ននៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម៕