ភ្នំពេញៈ អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត តម្លៃ ២,៤ លានដុល្លារអាមេរិក ដែលស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ ត្រូវបានរៀបចំពិធីខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានិងភាគីពាក់ព័ន្ធជាច្រើនរូប ។
ក្រសួងអប់រំបានឱ្យដឹងថា គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដែលត្រូវបានគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលនឹងចំណាយពេលសាងសង់១៥ខែ ហើយគ្រោងបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ ២០២៥។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា គោលបំណងសំខាន់នៃការសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត នេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតមធ្យមសិក្សាទុតិយ្យភូមិ ខណៈនៅវិទ្យាស្ថានជាតិអប់រំគឺជាវិទ្យាស្ថានតែ១គត់ដែលបានបណ្តុះបណ្តាលជំនាញគ្រូកម្រិតឧត្តម។
លោកស្រីបានបន្តថា៖«ជាទូទៅគ្រូដែលបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថានជាតិអប់រំនឹងត្រូវទៅបង្រៀននៅកម្រិតឧត្តមគឺសិស្សថ្នាក់ទី១០ ទី១១ និងទី១២ ហេតុនេះដើម្បីលើកកម្ពស់គុណភាពនៅកម្រិតមធ្យមសិក្សានេះ ក្រសួងបានយកចិត្តទុកដាក់កែលម្អនិងពិនិត្យឡើងវិញនូវរឿង៣សំខាន់ៗ រួមមាន កិច្ចការដែលត្រូវធ្វើនៅកម្រិតក្រសួង ការធ្វើវិក្រឹតការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូដែលជាគ្រូបង្រៀននៅតាមសាលាធនធាននិងចុងក្រោយគឺការកែលម្អគុណភាពវិទ្យាស្ថានជាតិអប់រំ»។
លើសពីនេះលោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា ការសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត គឺផ្នែកមួយនៃកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់វិទ្យាស្ថានជាតិអប់រំស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ។ក្រៅពីជួយលើកកម្ពស់គុណភាពអប់រំនៅកម្រិតមធ្យមសិក្សាហើយនោះបណ្ណាល័យនេះក៏មានលក្ខណពិសេសមួយទៀត គឺមានឆ្លើយតបទៅកំណែទម្រង់របស់វិទ្យាស្ថានជាតិអប់រំ លើការបណ្តុះបណ្តាលគ្រូឱ្យចេះពីវិធីសាស្ត្របង្រៀនថ្មីៗ ដែលជួយជំរុញឱ្យសិស្សានុសិស្សមានបំណិនជីវិតស្របតាមសតវត្សរ៍ទី២១ថែមទៀត។
ជុំវិញរឿងនេះលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានសាទរចំពោះការសាងសង់បណ្ណាល័យនេះឡើង ដោយលោកបានថ្លែងថា បណ្ណាល័យនេះនឹងជួយជំរុញការអប់រំផ្នែកអំណាននៅកម្ពុជាបន្ថែមទៀត។
លោកបានបន្តថា៖«បច្ចុប្បន្នវិស័យអំណាននៅកម្ពុជាគឺមិនអន់ទេវាបានដំណើរការជាបណ្តើរៗហើយ ដោយ
សារតែក្រសួងអប់រំ អង្គការដៃគូ និងស្ថាប័នអប់រំនានា បានយកចិត្តទុកដាក់ច្រើនលើវិស័យនេះ។ ហេតុនេះតាមរយៈបណ្ណាល័យនេះនឹងជួយពង្រឹងបន្ថែម ពិសេសជួយទៅដល់សិស្សដែលស្ថិតនៅតំបន់ដាច់ស្រយាល នៅទីជនបទ ដែលជួបការលំបាក ដើម្បីពង្រីកចំណេះដឹងនិងសមត្ថភាពឱ្យពួកគេឱ្យបានយល់ដឹងពីវិស័យអំណានឱ្យកាន់តែទូលាយ»។
អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត មានកម្ពស់៦ជាន់ រួមទាំងជាន់ផ្ទាល់ដី គ្រោងចំណាយថវិកាប្រមាណ២,៤លានដុល្លារអាមេរិក។បណ្តាល័យនេះនឹងមានការរៀបចំឡើងដោយមានការបំពាក់ឧបករណ៍ សម្ភារទំនើបៗព្រមទាំងសៀវភៅសិក្សាដ៏សម្បូរបែបទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីប្រែក្លាយឱ្យទៅជាបណ្ណាល័យដ៏ធំជាងគេផ្នែកអប់រំនៅកម្ពុជា៕