ភ្នំពេញៈអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិនបាន រួមគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការស្វែងរក ការចាប់យក ការវេចខ្ចប់ ការក្សាទុក និងការដឹកជញ្ជូនសំណាក DNA ក្នុងស្មារតីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទឧក្រិដ្ឋផ្សេងៗ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីពង្រឹងជំនាញថ្មីៗជូននគរបាលជាតិកម្ពុជា ដែលអាចជួយដល់ការងារស៊ើបអង្កេត វិនិច្ឆ័យភ័ស្តុតាងស្នាមម្រាមដៃ និងកំណត់អត្តញ្ញាណជនសង្ស័យនៅក្នុងរឿងក្ដីនីមួយៗឱ្យមានភាពត្រឹមត្រូវសុក្រឹត និងយុត្តិធម៌នៅចំពោះមុខច្បាប់។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការដឹកនាំលោក មួង សុធា អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌និងលោក Li Ying អនុប្រធានវិទ្យាស្ថានស្រាវជ្រាវទី១ នៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំភាគីទាំង២ បានវាយតម្លៃខ្ពស់ចំពោះនាយកដា្ឋននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានបង្ហាញអំពីស្នាដៃការងាររបស់អង្គភាពកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អរវាងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងមន្ត្រីការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងស្មារតីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទឧក្រិដ្ឋផ្សេងៗ។
ជាមួយគ្នានោះ លោក មួង សុធា បានកោតសរសើរដល់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ (មេគង្គ-ឡានឆាង) ដែលបានជួយគាំទ្រទាំងស្មារតីនិងសម្ភារបច្ចេកទេសព្រមទាំងការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាដើម្បីលើកកម្ពស់សមត្ថភាពក្នុងការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌ ការស្វែងរក និងប្រមូលចាប់យកវត្ថុតាងប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖«វគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន តែវាអាចផ្តល់ចំណេះដឹងដល់យើងបានច្រើន ដែលយើងទាំងអស់គ្នា មានតួនាទីភារកិច្ចជាអ្នកអនុវត្តច្បាប់ និងជាអ្នកផ្តល់ភ័ស្តុតាងនៅចំពោះមុខច្បាប់ និងចំពោះមុខតុលាការ»។
ដូច្នេះសិក្ខាកាមទាំងអស់ត្រូវតែខិតខំយកចិត្តទុកដាក់រៀនសូត្រស្វែងយល់អំពីមេរៀនមុខជំនាញទាំងឡាយ ដែលលោកគ្រូឧទ្ទេសបានពន្យល់ ចែករំលែកបទពិសោធន៍មកឱ្យយើង និងត្រូវចេះសួរដេញដោលលើការងារមុខជំនាញដើម្បីទុកធ្វើជាបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្ដែងទៅថ្ងៃខាងមុខ។
បើតាមលោក មួង សុធា តាមរយៈនៃកិច្ចសហប្រតិបត្តិការជាដៃគូកន្លងមករវាងនាយកដា្ឋនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់។ ជាក់ស្ដែងនៅពេលនេះនាយកដ្ឋានក៏ទទួលបានជំនួយជាសម្ភារបច្ចេកទេសពីភាគីចិនចំនួន ៣មុខបន្ថែមទៀតដូចជា មន្ទីរពិសោធន៍ DNA ឧបករណ៍ស៊ើបអង្កេតកន្លែងកើតហេតុ និងឧបករណ៍កំណត់អត្តសញ្ញាណស្នាមខ្ចៅដៃ។
លោកបានបន្ថែមថា ជំនួយឧបករណ៍បច្ចេកទេសទាំង៣មុខខាងលើនេះ វាពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងជួយឱ្យវិស័យបច្ចេកទេសកោសល្យវិច័យនៅកម្ពុជា កាន់តែមានការរីកចម្រើនបោះជំហានទៅមុខបន្ថែមទៀត។
ដើម្បីឱ្យការបំពេញភារកិច្ចកាន់តែប្រសិទ្ធភាពបន្ថែមទៀតលោក មួង សុធា បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់វគ្គបណ្តុះបណ្តាលត្រូវមានឥរិយាបថល្អ សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកម្លាំងឯកភាពសំដៅលើកកម្ពស់ កិត្តិយស កិត្យានុភាពកងកម្លាំងនគរបាលជាតិ និងត្រូវយកចិត្តទុកដាក់និងខិតខំក្រេបជញ្ជក់ចំណេះវិជ្ជាដែលគ្រូឧទ្ទេសនាម បានបង្ហាត់បង្រៀន ដើម្បីបង្កើនសមត្ថភាពនិងបំពេញតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ៕