ភ្នំពេញៈ ប្រតិភូអង្គការ APLMA បានបង្ហាញជំហរ បន្តគាំទ្រក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ខណៈកម្ពុជាបានប្រកាសដាក់ចេញផែនការអាទិភាពសំខាន់ៗ ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ។
ការបង្ហាញជំហរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Dr.Xavier Chan អគ្គនាយកប្រតិបត្តិរង ទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រនៃអង្គការ APLMA កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមក្រសួងសុខាភិបាល។
នាឱកាសនោះ លោក Dr. Xavier Chan បានបញ្ជាក់ជំហរថា នឹងបន្តសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត និងក្រសួងពាក់ព័ន្ធផ្សេងទៀត។
លោកបន្តថា៖«អង្គការ APLMA នឹងបន្តគាំទ្រក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាដើម្បីបង្កើតផែនទីបង្ហាញផ្លូវនិរន្តរភាព និងផែនការដែលគូសបញ្ជាក់ពីការកំណត់ពេលវេលា និងការចំណាយ ព្រមទាំងតួនាទីដៃគូ និងភាពទទួលខុសត្រូវជាធាតុចូល នៃប្រព័ន្ធសុខាភិបាល ក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់»។
ជាការឆ្លើយតបវិញ លោកស្រី យក់ សម្បត្តិ បានបង្ហាញការស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ APLMA ដែលបានគាំទ្រក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ក្នុងក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិក និងមហាអនុតំបន់ទន្លេមេគង្គនាពេលកន្លងមក។
លោកស្រីថ្លែងថា៖« សូមលើកទឹកចិត្ត អង្គការ APLMA ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តផែនការអាទិភាព ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅត្រឹមឆ្នាំ២០២៥ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
អង្គការ APLMA បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីចូលរួមសហការគាំទ្រផែនការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជួយបង្កើតផែនទីបង្ហាញផ្លូវលុបបំបាត់ជំងឺគ្រុនចាញ់ដើម្បីបម្រើជាក្របខ័ណ្ឌកម្រិតខ្ពស់សម្រាប់ប្រទេស និងតំបន់។
ចាប់តាំងពីពេលនោះមក អង្គការ APLMA បានបន្តចូលរួមជាមួយមជ្ឈមណ្ឌលជាតិនេះ លើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ចូលរួមជួយសម្របសម្រួលក្នុងការកៀរគរធនធាន សម្រាប់កិច្ចការងារអនុវត្តន៍ផែនការសុខាភិបាល ពាក់ព័ន្ធនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ ជួយសម្របសម្រួលការងារបច្ចេកទេសពីអ្នកជំនាញក្នុងកិច្ចការសហប្រតិបត្តិការផែនការសុខាភិបាល ពាក់ព័ន្ធនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងសហការរៀបចំបង្កើតផែនការនិរន្តរភាពសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការការពារការកើតមានជំងឺគ្រុនចាញ់សាជាថ្មីឡើងវិញ។
សូមជម្រាបថា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារលិខិត បានប្តេជ្ញានឹងកម្ចាត់ចោលជំងឺគ្រុនចាញ់ ឱ្យដល់កម្រិតសូន្យ ចាប់ពេលនេះ តទៅ ។
ក្នុងសារលិខិតនេះបានបញ្ជាក់ថា ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា កំពុងសម្រេចបានជោគជ័យនូវវឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ដោយឆ្នាំ២០១៦ បានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគគ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់។
ឯករណីឈឺដោយជំងឺគ្រុនចាញ់ ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ ម៉ឺន ករណីឈឺ និងស្លាប់ជាង ៥០០ នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤ ០៤១ ករណីឈឺ នៅឆ្នាំ២០២២៕