ភ្នំពេញៈ នៅសល់រយៈពេលប្រមាណ ១ ខែទៀត ប្រទេសឡាវ នឹងកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៤ ដោយបន្តវេនពីប្រទេសឥណ្ឌូនេស៊ី ខណៈវិបត្តិនៅមីយ៉ាន់ម៉ាដែលជាបញ្ហាផ្ទៃក្នុងអាស៊ាននៅមិនទាន់រកច្រកចេញបាននៅឡើយ បើទោះបីជាមានការជំរុញពីប្រធានអាស៊ានប្តូរវេន ១ ឆ្នាំៗ ដូចជា ប្រ៊ុយណេ ក្នុងឆ្នាំ ២០២១ កម្ពុជានៅឆ្នាំ ២០២២ និងឥណ្ឌូនេស៊ីនៅឆ្នាំ ២០២៣ នេះក្ដី។
ជុំវិញវិបត្ដិនៅមីយ៉ាន់ម៉ានេះ អ្នកវិភាគលើកឡើងថា ទោះក្នុងឋានៈឡាវនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយក្ដី ក៏ឡាវនឹងមានការលំបាកក្នុងការរកដំណោះស្រាយចំពោះវិបត្តិមួយនេះដែលបានអូសបន្លាយពេលជិត ៣ ឆ្នាំចាប់តាំងពីឆ្នាំ ២០២១ ក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រធានអាស៊ានឆ្នាំ ២០២៣ បានប្រគល់អាណត្តិជាប្រធានអាស៊ានបន្ទាប់ជូននាយករដ្ឋមន្ត្រីឡាវ លោក SonexaySiphandone ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា។ ញញួរជានិមិត្តរូបនេះត្រូវបានប្រគល់ជាសញ្ញាបញ្ជាក់ថា ឡាវនឹងចូលកាន់តំណែងជាប្រធានអាស៊ានជាផ្លូវការសម្រាប់ឆ្នាំ ២០២៤។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា បើទោះបីជាឡាវនៅឆ្នាំ ២០២៤ នឹងធ្វើជាប្រធានអាស៊ានក្ដី តែបញ្ហាមីយ៉ាន់ម៉ានឹងនៅតែពិបាករកដំណោះស្រាយ។ ការបន្តអូសបន្លាយនេះពីព្រោះបញ្ហាមីយ៉ាន់ម៉ាមានពាក់ព័ន្ធផ្ទាល់ជាមួយនឹងសុច្ឆន្ទៈ ភាពស្មោះត្រង់ និងកិច្ចសហការក្នុងការអនុវត្តកិច្ចព្រមព្រៀង ឬកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានដែលមានមេដឹកនាំយោធាមីយ៉ាន់ម៉ាចុះហត្ថលេខាផងដែរ។
លោកថ្លែងថា៖«ប្រសិនបើភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់ មិនរួមចំណែកស្វែងរកដំណោះស្រាយដោយផ្ទាល់ទេគឺវាមានការលំបាក អាហ្នឹងទី ១ គឺចាំបាច់ណាស់ត្រូវតែភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាហ្នឹងគាត់មានសុច្ឆន្ទៈ មានការប្តេជ្ញាចិត្ត និងមានភាពស្មោះត្រង់ក្នុងការដោះស្រាយ វិបត្តិផ្ទៃក្នុងរបស់ប្រទេសគាត់»។
លោក គិន ភា បានបន្តថា៖«ចំណុចទី២ ខ្ញុំគិតថា ក៏វាពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយក៏ដូចជាតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ។ ប្រសិនបើមហាអំណាចម្ខាងគាំទ្រខាងរដ្ឋាភិបាល ហើយយោធាម្ខាងទៀតគាំទ្រក្រុមប្រឆាំងទេ ខ្ញុំមើលទៅ គឺដំណោះស្រាយក៏មានការលំបាកដែរ លុះត្រាតែសមាជិកអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ៥ ហ្នឹងគាត់មានសំឡេងតែ ១ ក្នុងបញ្ហាមីយ៉ាន់ម៉ាហ្នឹង មានន័យថា គាត់មើលឃើញរូបភាពដូចគ្នា និយមន័យដូចគ្នាហើយមានសំឡេងឯកភាពគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយ។ អាហ្នឹងយើងអាចមានការរំពឹងខ្ពស់»។
លោកបន្ថែមថា សហគមន៍អន្តរជាតិក៏គួរតែជំរុញ និងដាក់សម្ពាធទាំងសងខាង គឺទាំងក្រុមប្រឆាំងជាពិសេសគឺដាក់សម្ពាធទៅលើរដ្ឋាភិបាលយោធាឱ្យមានសម្បទាននយោបាយ ឬក៏មានការសម្របសម្រួលខ្ពស់ ពីព្រោះក្រុមយោធាជាអ្នកកាន់អំណាចដើម្បីឱ្យក្រុមប្រឆាំងអាចមានច្រក មានផ្លូវចូលរួមនៅក្នុងដំណោះស្រាយបាន។
លោក គិន ភា បានបន្តថា អង្គការសហប្រជាជាតិក៏មិនគួរបន្តព្រងើយកន្តើយតទៅទៀតដែរ ហើយគួរតែរុញបញ្ហានេះបន្ថែមទៀត ជាពិសេសអាស៊ានត្រូវតែមានសំឡេងច្បាស់លាស់ជាងមុន ក្នុងន័យស្ថាបនាជុំវិញបញ្ហាមីយ៉ាន់ម៉ា។
នៅឆ្នាំ ២០២៤ គឺជាលើកទី៣ ហើយដែលឡាវធ្វើជាប្រធានអាស៊ាន បន្ទាប់ពីប្រទេសនេះបានធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០០៤ និងឆ្នាំ ២០១៦។សម្រាប់អាណត្តិជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំ ២០២៤ នឹងផ្តោតលើប្រធានបទ «អាស៊ាន៖ ការលើកកម្ពស់ការតភ្ជាប់និងភាពធន់»។ ប្រធានបទនេះស្របតាមការសន្យារបស់ឡាវក្នុងការកសាង និងសម្រេចបាននូវអាស៊ានដែលមានការតភ្ជាប់ និងធន់ជាងមុន។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា យោងតាមប្រធានបទដែលឡាវបានដាក់ចេញនៅពេលខ្លួនជាប្រធានអាស៊ាននៅឆ្នាំក្រោយ ឡាវហាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំកិច្ចប្រជុំអាស៊ានក៏ដូចជាធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃក្នុងការដោះស្រាយបញ្ហាតំបន់ និងជំរុញសេដ្ឋកិច្ចតំបន់។
លោកថា៖ «បញ្ហាមីយ៉ាន់ម៉ានឹងក្លាយជាប្រធានបទក្តៅ ហើយឡាវនឹងបន្តជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើអំពើហិង្សា ជំរុញឱ្យមានបទឈប់បាញ់រវាងភាគីទាំងសងខាង»។
លោក ថុង ម៉េងដាវិត លើកឡើងថា បញ្ហាមីយ៉ាន់ម៉ាបានបង្កឱ្យមានវិបត្តិមនុស្សជាតិ ដោយសារតែអស្ថិរភាព និងអសន្តិសុខ បញ្ហាស្បៀងអាហារនិងថ្នាំសង្កូវ បញ្ហាជួញដូរខុសច្បាប់ជាដើម ដែលកត្តាទាំងអស់នេះបានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅប្រទេសជិតខាង និងជះឥទ្ធិពលអវិជ្ជមានដល់អាស៊ានទាំងមូល។
ចំណែក លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាមើលឃើញថា បញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាចាក់ស្រែះ និងស្មុគស្មាញក្នុងនយោបាយអំណាច (power politics) និងការរស់រាននៃរបប (regime survival) ដែលជាទ្វេគ្រោះសន្តិសុខ និងនយោបាយសម្រាប់របបយោធា និងភាគីរដ្ឋាភិបាលនិរទេសដែលគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី។ បន្ថែមពីនេះ ការពាក់ព័ន្ធនឹងផលប្រយោជន៍មហាអំណាច និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកនៅចំពោះមុខការរះឡើងនៃរបបអត្តាធិបតេយ្យ (autocracy) បានបន្ថែមភាពស្មុគស្មាញលើជម្លោះនេះ។
លោកបានអះអាងថា៖ «ឡាវ ជាប្រទេសតូច គ្មានទឹកមាត់ ឬទម្ងន់នយោបាយក្នុងឆាកតំបន់និងអន្តរជាតិនោះទេ។ ហេតុនេះ ឡាវមិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានឡើយ»។
ទោះយ៉ាងណា លោក Siphan done ក្នុងឱកាសទទួលញញួរប្រធានអាស៊ានឆ្នាំ ២០២៤ បានសន្យាថានឹងបន្តកេរដំណែលរបស់ឥណ្ឌូនេស៊ីក្នុងការកសាងអាស៊ានដែលមានការតភ្ជាប់គ្នា និងរឹងមាំជាងមុន។ លោកថ្លែងថា៖«យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង រួមមានការផ្តោតកាន់តែខ្លាំងលើសហគមន៍អាស៊ាន ការចាប់យកឱកាសចំពេលដែលបញ្ហាប្រឈមនិងការប្រែប្រួលភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច»។
លោក Siphandone បានលើកឡើងថា ប្រទេសឡាវ នឹងពង្រីកទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងពង្រឹងមជ្ឈភាពនិងឯកភាពរបស់អាស៊ាន ព្រមទាំងកសាងនិម្មាបនកម្មក្នុងតំបន់ដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់អាស៊ាន។នៅចំពោះមុខមេដឹកនាំអាស៊ានដទៃទៀតដែលបានចូលរួមក្នុងពិធីប្រគល់ញញួរប្រធានអាស៊ាននេះ លោក Widodo បានបង្ហាញពីសុទិដ្ឋិនិយម និងក្តីសង្ឃឹម ហើយបន្តធ្វើការតទៅទៀតដើម្បីឈានឆ្ពោះទៅរកការបង្កើតតំបន់អាស៊ានមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាព។
ថ្មីៗនេះ គឺនៅថ្ងៃទី ១៥ វិច្ឆិកា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៧ នៅទីក្រុងហ្សាការតា រដ្ឋមន្ត្រីការពារជាតិអាស៊ានបានប្រកាសគាំទ្រការអនុវត្តឱ្យបានពេញលេញនូវកុងសង់ស៊ីសអាស៊ាន ៥ ចំណុចនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានរំឭកឡើងវិញពីការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះស្ថានភាពបច្ចុប្បន្ន ដោយមានជំនួយពីអាស៊ាន។
រដ្ឋមន្ត្រីការពារជាតិអាស៊ានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «[យើង]ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់អាស៊ាន ការពិនិត្យឡើងវិញ និងការសម្រេចចិត្តរបស់មេដឹកនាំអាស៊ានលើការអនុវត្តកុងសង់ស៊ីស ៥ ចំណុច ដូចដែលបានឯកភាពគ្នានៅទីក្រុង-ភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជួយស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាព និងអន្តរកាលដោយសន្តិវិធីទៅរកភាពប្រក្រតីនៅមីយ៉ាន់ម៉ា»។
យ៉ាងណាក្ដី ជុំវិញវិបត្ដិនៅមីយ៉ាន់ម៉ានេះ អាស៊ានបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះ ជាពិសេសនៅក្នុងរដ្ឋសាន (Shan)ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាដែលបានបណ្តាលឱ្យមានការភៀសខ្លួននៃជនស៊ីវិល រួមមានជនបរទេស និងពលរដ្ឋជាសមាជិកអាស៊ានផងដែរ។
អង្គការតំបន់មួយនេះ បានអំពាវនាវឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពនៃជនជាតិនៃប្រទេសសមាជិកអាស៊ានដែលជាប់ក្នុងជម្លោះកំពុងបន្តកើតឡើងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «យើងសូមជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា ប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការចាំបាច់ដើម្បីធានានូវការការពារ និងសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់»។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន នៃសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ានធ្វើទស្សនកិច្ច ៣ ថ្ងៃ នៅប្រទេសឡាវពីថ្ងៃទី ២៨-៣០ ខែវិច្ឆិកា ក្នុងការត្រៀមខ្លួនចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ របស់ប្រទេសនេះ។ លោកបានជួបទ្វេភាគីជាមួយលោក Siphandone ព្រមទាំងគណៈរដ្ឋមន្ត្រីសំខាន់ៗផ្សេងទៀត ដែលទទួលខុសត្រូវលើសសរស្តម្ភសហគមន៍នយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ដើម្បីធានាភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់ឡាវ។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ បាន ១ សប្តាហ៍ បានទៅជួបជាមួយមេដឹកនាំយោធាលោកមីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្គ្រាមស៊ីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
បើទោះបីជាមានការរិះគន់អំពីដំណើរទស្សនកិច្ចរបស់លោកក្នុងការជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាក៏ដោយ ក៏លោក ហ៊ុន សែន បានអះអាងថា លោកក៏ទទួលបានការគាំទ្រច្រើនផងដែរពីដំណើរទស្សនកិច្ចនេះ ព្រោះវាជាវិធីសាស្ដ្រក្នុងការបញ្ចៀសមិនឱ្យមានមនុស្សស្លាប់៕