ភ្នំពេញៈ ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាបន្ថែមទៀត។
សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ នេះបើតាមក្រសួងព័ត៌មានស្តីពីជំនួបនោះ។
លោក នេត្រ ភក្ត្រា ថ្លែងថា ដោយសារប្រទេសបារាំងមានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងការងារនេះ ដូច្នេះការជួយគាំទ្រទៅលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាននេះដើម្បីឱ្យកម្ពុជាអាចធ្វើការដកបទពិសោធន៍បន្ថែម។
ក្រសួងព័ត៌មាន បានកំពុងធ្វើ ទី១ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ទី២ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឱ្យការវិវឌ្ឍនៃសង្គមឱ្យបានល្អ និងទី៣ ការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល។
លោក M. Jacques Pellet បានថ្លែងដោយបានផ្តល់ការគាំទ្រលើការបណ្តុះបណ្តាល ដោយសហការជាមួយនឹងដៃគូសម្រាប់អ្នកសារព័ត៌មានកម្ពុជា។
ភាគីទាំង ២ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង នៅឆ្នាំ ២០២៦ ហើយប្រទេសកម្ពុជាក៏កំពុងតែធ្វើកិច្ចការងារដើម្បីស្វែងរកការគាំទ្រពីបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។
លោក នេត្រ ភក្ដ្រា ក៏បានគូសបញ្ជាក់អំពីផែនការមួយចំនួននៅក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសដែលជាសមាជិកនៃប្រទេសនិយាយបារាំង។
ការផ្សព្វផ្សាយនេះដោយត្រូវការជំរុញបន្ថែមលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភាសាបារាំង តាមរយៈការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យបងប្អូនប្រជាជនដែលជាជនជាតិបារាំងនៅកម្ពុជា ក៏ទទួលបានព័ត៌មានអំពីកម្ពុជា ជាភាសាបារាំង និងឱ្យអ្នករៀនសូត្រភាសាបារាំង អាចអានព័ត៌មានអំពីកម្ពុជាជាភាសាបារាំងបាន។ ក្រសួងព័ត៌មាន មានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារ AKP បានផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង៕
វង្ស ដារាវ៉ាឌី