កោះកុងៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះបានដាក់ចេញគោលនយោបាយសំខាន់ចំនួន ៦ ចំណុចដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
លោកបានថ្លែងដូចនេះនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារួមនឹងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនកុះករ។
នៅក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «ខ្ញុំបានដាក់ចេញនូវគោលនយោបាយដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍវិស័យអគ្គិសនីដែលទី ១ ធ្វើយ៉ាងណាឱ្យគ្រប់ទីកន្លែងនៅកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ដែលក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនី ត្រូវខិតខំរកមធ្យោបាយធ្វើយ៉ាងណាផ្គត់ផ្គង់អគ្គិសនីឱ្យដល់ភូមិជាង១ភាគរយដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ ២០៣០»។
លោកបានបន្តថា ចំណុចទី ២ បន្តធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនអតិថិជនប្រើប្រាស់អគ្គិសនីឱ្យកាន់តែទំនើបកាន់តែស្រួលដោយបង្កើតការបង់ថ្លៃអគ្គិសនីតាមរយៈអនឡាញ ពោលគឺធ្វើឱ្យការបង់ថ្លៃសេវាកាន់តែមានភាពងាយស្រួលដែលនេះជាគោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧។
ចំណែកចំណុចទី ៣ គឺបន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ឱ្យគ្រប់លទ្ធភាពទាំងអស់ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើច្រើនមកហើយនាពេលកន្លងទៅ។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«មុននឹងយើងអនុម័តគម្រោងនីមួយៗទាំងវារីអគ្គិសនី ទាំងសូឡាជាដើម កិច្ចការសំខាន់គឺការចរចាតម្លៃដើម្បីធានាតម្លៃជូនប្រជាពលរដ្ឋ ព្រោះយើងធ្វើមិនមែនធ្វើឱ្យតែល្អមើលទេ សំខាន់ឱ្យភ្លើងបានដល់ផ្ទះប្រជាពលរដ្ឋបានប្រើប្រាស់ មានស្ថិរភាព លំនឹង ហើយតម្លៃសមរម្យសម្រាប់ពលរដ្ឋ»។
សម្រាប់ចំណុចទី ៤ គឺជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន, ទី៥ ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និងចំណុចទី៦ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ទាំងនេះគឺជាផែនការ និងគោលការណ៍បន្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានកសាង និងត្រៀមអនុវត្តបន្ត កសាងមូលដ្ឋានអគ្គិសនីរបស់យើងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិរភាព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើឱ្យវិស័យថាមពលឈានទៅរកអព្យាក្រឹតភាពកាបូនដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងនាឱកាសនោះដែរថា ស្ទឹងតាតៃ បានផ្តល់សក្តានុពលចំនួន ២ ក្នុងនោះទី១ គឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃ ២៤៦ មេហ្គាវ៉ាត់ដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានឱ្យក្រុមហ៊ុនCHMC វិនិយោគ ហើយបានដាក់ឱ្យដំណើរតាំងពីខែធ្នូ ឆ្នាំ ២០១៥ រួចមកម្លេ៉ះ។
លោកបានបន្តថា ទី ២ គឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើទំហំ ១៥០ មេហ្គាវ៉ាត់ដែលកំពុងតែសាងសង់ថ្មីបន្ថែមនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន CHMC ដដែលជាអ្នកវិនិយោគបន្ត និងមានទីតាំងស្ថិតនៅភាគខាងលើនៃវារីអគ្គិសនីស្ទឹងតាតៃបច្ចុប្បន្នដែលមានចម្ងាយប្រមាណ១០ គីឡូម៉ែត្រពីទំនប់វារីអគ្គិសនីស្ទឹងតាតៃទី ១។
លោក កែវ រតនៈ បានបញ្ជាក់ថា៖ «រូបភាពនៃការវិនិយោគគម្រោងនេះគឺតាមរយៈការសាងសង់ ដំណើរការ និងការផ្ទេរ ដែលក្នុងនោះទុនវិនិយោគសរុបមានប្រមាណជា ៣៨៩,៤ លានដុល្លារអាមេរិក។ ទំហំការងារដែលត្រូវសាងសង់រួមមាន ទំនប់ទឹកអាងស្តុកទឹក រូងក្រោមដីសម្រាប់បង្ហូរទឹក ផ្លូវថ្នល់ ស្ពាន ស្ថានីយវារីអគ្គិ
សនីអានុភាព ១៥០ មេហ្គាវ៉ាត់»។
លោករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា រយៈពេលសម្បទានមានចំនួន ៣៩ ឆ្នាំ ក្នុងនោះ ៤ ឆ្នាំសម្រាប់ដំណើរការសាងសង់ ហើយ ៣៥ ឆ្នាំសម្រាប់ធ្វើអាជីវកម្ម ដែលបរិមាណថាមពលផលិតប្រចាំឆ្នាំពីគម្រោងនេះ គឺលក់ទៅឱ្យអគ្គិសនីកម្ពុជា មានជាមធ្យមប្រមាណ ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ ឆ្នាំ។
សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនេះ ប្រើប្រភពទឹករបស់ស្ទឹង ២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង ២ បង្កើត
ជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួន ៤ ២៤៦,៧៧ មេហ្គាវ៉ាត់ ក្នុងនោះចំនួន ៣ ១១៦,៤២ មេហ្គាវ៉ាត់ស្មើនឹងជាង ៧៣ ភាគរយជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ចំណែកចំនួន ១ ១៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ ភាគរយជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង។
ក្រសួងបានបន្តទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីបច្ចុប្បន្នមានខ្សែបញ្ជូនសរុបចំនួន ៣ ៩៥៣ គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស។
ប្រភពដដែលបានបន្តថា គិតត្រឹមចុងឆ្នាំ ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបប្រមាណ ៣,៧២ លានខ្នងផ្ទះទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិស្មើនឹងប្រមាណជិត ៩០ ភាគរយ។ ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨,២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះស្មើនឹង ១,៧៣ ភាគរយមិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»៕