ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានផ្តល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋពិតៗ ដោយបានគិតគូរជំរុញជីវភាពពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនមែនជាការសម្តែងតែរូបភាព ដូចការលើកឡើងរបស់ក្រុមប្រឆាំងថា រដ្ឋាភិបាលធ្វើនយោបាយប្រជាភិថុតិនោះឡើយ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាល បានធ្វើឡើងតាមរយៈសុន្ទរកថា ក្នុងឱកាសធ្វើជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោកគូសបញ្ជាក់ថា មានសារព័ត៌មាននៅក្រៅស្រុកចោទថា រដ្ឋាភិបាលរបស់លោកធ្វើនយោបាយប្រជាភិថុតិដោយរិះគន់ថា ធ្វើអ្វីគ្រាន់តែធ្វើតែរូបភាព គ្មានលទ្ធផលជាក់ស្តែងទេ។
លោកបញ្ជាក់ថា៖«ឥឡូវសួរពលរដ្ឋនៅទីនេះ ភ្លើងហ្នឹង[អគ្គិសនី] ភ្លើងសិប្បនិម្មិត ឬភ្លើងមែនទែន? មិនមែនគេថតកុន ហើយយកទៅវិញទេ? ជាក់ស្តែង ពលរដ្ឋបានភ្លើងប្រើ បើសិនជាអត់ភ្លើង អម្បាញ់មិញ ពលរដ្ឋលើកទូរស័ព្ទមកសុទ្ធតែទូរស័ព្ទឆ្លាត បានអីសាកថ្ម»។
លោកឱ្យដឹងទៀតថា ថាមពលអគ្គិសនីបានផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ៩៨ ភាគរយនៅទូទាំងភូមិស្រុក ជុំវិញប្រទេស ហើយអគ្គិសនីបានបញ្ជ្រាបទៅដល់គ្រប់បណ្តាខេត្ត និងនៅតាមភូមិស្រុក មិនចំពោះតែទីប្រជុំជន និងក្រុងឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងដោយសុខចិត្តឱ្យគេហៅថាមេដឹកនាំផ្តាច់ការ ឱ្យតែប្រជាពលរដ្ឋទទួលបានសុខសន្តិភាព មានការអភិវឌ្ឍ រស់នៅសមរម្យ ជាជាងដឹកនាំប្រទេសឱ្យកើតមានសង្គ្រាម។
លោកថ្លែងថា៖ «មានអ្នកខ្លះថា ១០០ ថ្ងៃរបស់រដ្ឋាភិបាល គួរតែកាន់ទុក្ខ។ សូមកាន់ទុក្ខតែអ្នកឯងចុះ ប្រជាជនទើបតែមកពីសប្បាយនៅព្រះរាជពិធីបុណ្យអុំទូក ហើយអ្នកកាន់ទុក្ខ គាត់កាន់តែគាត់ចុះ»។
លោកបញ្ជាក់ថា សមិទ្ធផលនៃការអភិវឌ្ឍដែលអាចឃើញជាក់ស្តែងនេះ កើតចេញពីផ្លែផ្កានៃសុខសន្តិភាព ដែលប្រជាពលរដ្ឋកំពុងទទួលបានផលពីគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញក្នុងនោះផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
រដ្ឋាភិបាលអាណត្តិថ្មីនេះ បានប្តេជ្ញាចិត្តបន្តការអភិវឌ្ឍប្រទេសប្រកបដោយស្មារតីទទួលខុសត្រូវចំនួន ៣ ក្នុងនោះ ជំរុញជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចឱ្យដើរទៅមុខ ការអភិវឌ្ឍត្រូវគិតគូរពីផលប៉ះពាល់ទៅលើមូលដ្ឋាន បរិស្ថានមនុស្ស សត្វ និងក្នុងនាមប្រទេសកម្ពុជាជាសមាជិករបស់ពិភពលោក កម្ពុជាគិតគូរថែរក្សាបរិស្ថានពិភពលោក ប្រឆាំងការប្រែប្រួលអាកាសធាតុ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គេអាចមើលឃើញពីសមិទ្ធផលជាក់ស្តែងដែលរដ្ឋាភិបាលបានធ្វើ តួយ៉ាងផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេ ទំនប់វារីអគ្គិសនី ទឹកស្អាត ដែលបានស្រោចស្រពទៅដល់ទីជនបទ។
លោក យង់ ពៅ បានថ្លែងបន្តទៀតថា៖ «បើគេមើលពីជ្រុងអវិជ្ជមាន ទោះមានស្នាដៃយ៉ាងណាក៏នៅចេញប្រជាភិថុតិនោះដែរ តែរាជរដ្ឋាភិបាលបានធ្វើចេញលទ្ធផលជាក់ស្តែង ប្រជាជនបានប្រើប្រាស់។ ពិតណាស់ការងារអភិវឌ្ឍន៍ខ្លះប៉ះពាល់ទៅដល់ប្រជាជន នៅក្នុងជ្រុងតិចតួច តែវាបានបម្រើដល់ប្រយោជន៍សាធារណៈ»៕