ភ្នំពេញៈ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារមានភាពល្អប្រសើរ ជាក់ស្តែងនៅក្នុងមណ្ឌលអប់រំ កែប្រែទី ២ អ្នកជាប់ឃុំទទួលបានរបបអាហារគ្រប់គ្រាន់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការថែទាំសុខភាព ខណៈអគ្គនាយកដ្ឋានពន្ធនាគារក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយ CHRC ផងដែរ។
លោក កែវ រ៉េមី បានលើកឡើងដូច្នេះ ក្នុងអំឡុងលោកដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមណ្ឌលអប់រំកែប្រែទី ២ ឬម ២ ជុំវិញកិច្ចសហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។ នេះបើតាមការឱ្យដឹងពីលោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យរបស់ CHRC។
លោក ស្រ៊ាង ចិន្តា បានថ្លែងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងអគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំជំនួបពិភាក្សានេះឡើង មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ឱ្យកាន់តែជិតស្និទ្ធដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងកន្លែងឃុំឃាំងនានាមានភាពល្អប្រសើរ ស្របទៅតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
បើតាមលោក ស្រ៊ាង ចិន្តាប្រធាន CHRC បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ ហើយជាក់ស្តែងដូចនៅមណ្ឌលអប់រំកែប្រែទី ២ ដោយសារអ្នកជាប់ឃុំបានទទួលរបបអាហារគ្រប់គ្រាន់ បរិស្ថាន និងអនាម័យក៏មានភាពល្អប្រសើរ អ្នកជាប់ឃុំអាចចេញពីកន្លែងឃុំឃាំងទៅស្រូបខ្យល់អាកាសនៅខាងក្រៅ មានពេលវេលាហាត់ប្រាណ ទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ថែមទាំងមានបណ្ណាល័យអានសៀវភៅផង ជាពិសេសមានទីតាំងគោរពបូជាសាសនា គ្រប់សាសនា។
លោកបញ្ជាក់ថា៖ «ក្នុងយន្តការតាមដានស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារនេះ យើងមានក្រុមការងារ ដែលចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាការ និងមណ្ឌលអប់រំកែប្រែនៅទូទាំង ២៥ រាជធានី-ខេត្ត ហើយនៅភ្នំពេញ យើងមានទាំងប្រអប់សំបុត្រសម្រាប់អ្នកជាប់ឃុំដាក់ស្នើផ្សេងៗ ហើយខាងយើងជាអ្នកកាន់កូនសោ និងចុះពិនិត្យជាប្រចាំ»។
លោកបន្ថែមថា កន្លងមកអគ្គនាយកដ្ឋានពន្ធនាគារ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធ ហើយប្តេជ្ញាបន្តកិច្ចសហការនេះបន្ថែមទៀត ដើម្បីអាចចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេសហើយមានជំនួបពិភាក្សាគ្នាជាទៀងទាត់។
ជុំវិញបញ្ហានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា បញ្ហារបបអាហារហូបចុកនៅក្នុងពន្ធនាគារអាចមានភាពគ្រប់គ្រាន់តែសម្រាប់រង្វង់អ្នកជាប់ឃុំដែលមានក្រុមគ្រួសារជួយជ្រោមជ្រែង ដោយឡែកអ្នកជាប់ឃុំខ្លះទៀតមិនទទួលបានគ្រប់គ្រាន់ឡើយ។ ឯការបណ្តុះបណ្តាលវិជ្ជាជីវៈវិញនៅមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនោះទេ។ លោកថាបញ្ហាចម្បងក្នុងពន្ធនាគារគឺភាពចង្អៀតណែនដែលមិនទាន់ដោះស្រាយចេញ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមពី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។
លោកពន្យល់ថា៖ «ភាពចង្អៀតណែននៅក្នុងពន្ធនាគារនេះវាជះឥទ្ធិពលទៅដល់សុខភាពបរិស្ថានរស់នៅ អនាម័យ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ ខាងសង្គមស៊ីវិលទទូចឱ្យមានដំណោះស្រាយ លើបញ្ហានេះដែលកន្លងមកខាងក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារសាកល្បងឱ្យអ្នកជិតផុតទោសនៅក្រៅឃុំបណ្តោះអាសន្នវិញ ដែលបានអនុវត្តតិចតួច»។
លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាលគួរពិនិត្យកែតម្រូវការផ្តល់ជូននូវការបណ្តុះបណ្តាលវិជ្ជាជីវៈស្តារនីតិសម្បទាអ្នកជាប់ឃុំ សម្រាប់ជាស្ពានជួយពួកគេមានលទ្ធភាពប្រឡូកទៅក្នុងសង្គមឡើងវិញ ពេលចេញពីពន្ធនាគារ ដែលការណ៍នេះទាមទារការយកចិត្តទុកដាក់បន្ថែមពីរដ្ឋាភិបាល៕