ភ្នំពេញៈ ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ភាគីពាក់ព័ន្ធជាពិសេសក្រសួងអប់រំ បន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំដែលបានដាក់ចេញរួចព្រមទាំងការពង្រឹងអភិបាលកិច្ចសាលារៀនឱ្យបានល្អ។
តាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានលើកឡើងថា ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ (ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) និងការដាក់ចេញវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ (លើកកម្ពស់ គុណភាពអប់រំ) ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ»។
កិច្ចការសំខាន់ៗទាំងនោះរួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលាជាដើម។
ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះសំខាន់ៗទៅក្នុង «ស្តង់ដាសាលារៀនគំរូ» សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។
ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្សក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ ភាគរយ លើចំណេះដឹង ១០ ភាគរយ លើបំណិន និង ១០ ភាគរយ លើសីលធម៌ និងចរិយាធម៌។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ បានដាក់ចេញគោលការណ៍, លក្ខណវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
លោកនាយករដ្ឋមន្ត្រី រំលេចនៅក្នុងសារលិខិតថា៖ «ការដាក់ចេញនូវអាទិភាពគោលនយោបាយវិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់អភិបាលកិច្ចល្អនិងមានគណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍»។
ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ៤ រួមមានកត្តាសាលារៀន គ្រូបង្រៀន កត្តាសិស្ស និងកត្តាគ្រួសារជាដើម។
ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាលោក គង់ សំនៀង បានលើកឡើងថា ដោយមើលឃើញពីគុណតម្លៃនៃការសិក្សា ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុត ក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាដែលចំណុចទាំងនេះ ទាមទារឱ្យសិស្សានុសិស្សទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ និងត្រូវផ្តោតលើការយកចិត្តទុកដាក់រៀនសូត្រ។
ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក លោក ហ៊ុន ម៉ាណែតបានលើកឡើងពីចំណុចមួយចំនួនដោយស្នើក្រសួងអប់រំ បន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។
ក្នុងនោះគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះបណ្តាលគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។
លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្ដប់គ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនទាននៃការអប់រំពេញមួយជីវិត។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់កិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជា គ្រប់ៗរូប៕