ភ្នំពេញៈ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​អាជ្ញាធរខេត្ត​ទាំងអស់ ត្រូវ​ព​ន្លឿ​ន​ការផ្ដល់សេវា​រដ្ឋបាល​មួយចំនួន និង​មិន​ត្រូវយក​កម្រៃ​សេវា​ស្នើសុំ​ធ្វើលិខិត​ស្នាម ឬ​ការ​បញ្ជាក់​លិខិតស្នាម​ផ្សេងៗ​ ដែល​បម្រើឱ្យ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ឡើយ​។​

​ការណែនាំ​បែបនេះ ធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​មួយ​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោ​ក ស សុខា រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ ចុះ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ស្ដីពី​ការលើកលែង​ការបង់​កម្រៃ​សេវា និង​ព​ន្លឿ​ន​ការផ្តល់សេវា​រដ្ឋបាល​មួយចំនួន​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​បម្រើឱ្យ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ 

​សេចក្តីប្រកាស​នេះ បាន​បញ្ជាក់ថា ក្នុងការ​ចុះបញ្ជី​ដីធ្លី តម្រូវឱ្យ​ប្រជាពលរដ្ឋ​រៀបចំ​ឯកសារ​ភ្ជាប់​មួយចំនួន ក្នុងនោះ​ក៏មាន​ឯកសារ​ភ្ជាប់​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ពិ​និត្យ​សម្រេច​របស់​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ដូចជា ការធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួ​សារ សៀវភៅ​ស្នាក់នៅ ការចេញ​សេចក្ដីចម្លង​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សេចក្ដីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ ឬ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ និង​សេចក្ដីចម្លង​សំបុត្រមរណភាព ឬ​សំបុត្រ​បញ្ជាក់​មរណភាព និង​ការចេញលិខិត​បញ្ជា​ក់ទា​យា​ទ​ជាដើម​។​

​លោ​ក ស សុខា បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាសថា​៖ «​ហេតុដូច្នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនា​ការចុះបញ្ជី​ដីធ្លី​នេះ​ក្រសួង​មហា​ផ្ទៃ សូម​ស្នើឱ្យ​អាជ្ញាធរខេត្ត អនុវត្ត​ការងារ​មួយចំនួន​ដូចជា​ណែនាំ​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់ ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន រៀបចំ និង​ដាក់ចេញ​ដីកា​ស្ដីពី​ការលើកលែង​ការ​បង់​កម្រៃ​សេវា​សម្រាប់​ការស្នើសុំ​លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី និង​លិខិតបញ្ជាក់​ទាយាទ រហូតដល់​ការចុះបញ្ជី​ដីធ្លី​ត្រូវបាន​បញ្ចប់​ក្នុង​មូលដ្ឋាន​ឃុំ​-​សង្កាត់​នីមួយៗ​»​។​

​ជាមួយគ្នានេះ​លោក បាន​ណែនាំ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ផ្ដល់​សេវា​រដ្ឋបាល​នានា ដែល​បម្រើឱ្យ​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​​រហ័ស និង​ទាន់ពេលវេលា​។

លោក​សង្កត់ធ្ងន់ថា រដ្ឋបាល​រាជធានី​-​ខេត្ត​ ត្រូវ​ចាត់​តាំង​ក្រុមការងារ​ចុះ​គាំទ្រ តាមដាន ត្រួត​ពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ​លើ​ការអនុវត្ត​ការងារ​នេះ ព្រមទាំង​ត្រូវធ្វើ​របាយការណ៍​ឱ្យបាន​ជាក់លាក់​មក​អគ្គ​នាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​។​

​ទាក់ទង​នឹង​ការមិន​យក​កម្រៃ​សេវា​លើ​ការស្នើសុំ​ធ្វើលិខិត​ស្នាម​ផ្សេងៗ​នេះ​លោក​ យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពបាន​ថ្លែងថា វិធានការ​របស់​ក្រសួងមហាផ្ទៃ​នា​ពេលនេះ​វា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​ប្រជា​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​។ ការធ្វើ​បែបនេះ វា​ក៏​រួមចំណែក​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​ទាំងនោះ​អាចមក​ធ្វើលិខិត​ឬ​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ ដើម្បី​បម្រើ​ដល់​ការចុះបញ្ជី​ដីធ្លី​របស់ខ្លួន​បាន​គ្រប់ៗ​គ្នា​។​

​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ការមិន​យក​កម្រៃ​សេវា​ហ្នឹង គឺ​វា​ជួយ​សម្រាល​បន្ទុក​ការចំណាយ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ការចុះបញ្ជី​ដីធ្លី​របស់ខ្លួន ប៉ុន្តែ​រឿង​ដែល​សំខាន់​ខាង​មន្ត្រី​សុ​រិ​យោ​ដី​នៅតែមាន​ភាពយឺតយ៉ាវ​លើ​ការ​ងារ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​»​។

លោក​បន្ថែមថា ហេតុនេះ​ដើម្បីឱ្យ​ការងារ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ក្រសួង​គួរតែ​រិះរក​មធ្យោបាយ​យ៉ាងណា​បណ្ដុះបណ្ដាល​មន្ត្រី​មូលដ្ឋាន និង​អ្នក​ស្ម័គ្រ​ចិត្ត​ឱ្យបាន​ច្រើន​លើ​ការងារ​នេះ ដោយ​មិនត្រូវ​រង់ចាំ​ក្រុមការងារ​ពី​ថ្នាក់​ក្រសួង​នោះទេ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី៧​ នេះ​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ​រួម​បញ្ចូល​ការធ្វើកំណែទម្រង់​ដីធ្លី និង​នគ​រូប​នីយកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជាមួយនឹង​ការបង្កើតឱ្យមាន​គោលនយោបាយ​ដីធ្លី ៣ ​ចំណុច​រួមមាន​ការចុះ​បញ្ជី​ដីធ្លី​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធ ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ និង​ការផ្ដល់សេវា​រដ្ឋបាល​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​៕