លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ ដែលបាន​សហការគ្នា​ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តទៅ​ដោយរលូន និងទទួលបាន​ជោគជ័យ​ទាំងផ្នែក​សន្តិសុខ នៅរាជ​ធានី​ភ្នំពេញ និងតាម​បណ្តាខេត្ត ដែលបង្ក​លក្ខណៈ​ឱ្យប្រជាពលរដ្ឋ​បានចូលរួម​យ៉ាង​សប្បាយរីករាយ។

ការវាយតម្លៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានធ្វើ​ឡើងក្នុង​ឱកាសអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី ដើម្បី​ពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយលោកបាន​កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មការរៀបចំ​ពិធី​បុណ្យអុំទូក សាលា​រាជធានី​ភ្នំពេញ សមត្ថកិច្ច​គ្រប់​អង្គភាព ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែលបានសហការគ្នា​ក្នុងការរៀបចំ​ពិធី​ប្រព្រឹត្ត​ទៅដោយ​រលូន និងមានសន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ។

លោក ហ៊ុន ម៉ាណែត បានថ្លែង​ថា៖«បន្ទាប់ពី​យើងបានផ្អាក​ជាច្រើនឆ្នាំ​ដោយសារ​បញ្ហា​កូវីដ ១៩ ហើយព្រះរាជ​ពិធី​បុណ្យ​អុំទូក​លើកនេះ មានប្រជាជន​ច្រើនកុះករ​រាប់លាន​ដែលបាន​ចូលរួម ជាពិសេស​នៅ រាជធានី​ភ្នំពេញ​ដែលបង្កើន​ឱ្យ​បរិយាកាសនេះ​ប្រកបទៅដោយ​សប្បាយរីករាយ»។

ជាមួយគ្នា​នេះ លោកបានថ្លែង​អំណរគុណ​ទៅដល់អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងនោះ​មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងបណ្តា​ក្រុមហ៊ុន​ក្នុងវិស័យ​ឯកជន​ផងដែរ ដែលបានចូលរួម​រៀបចំ​កម្មវិធី​នានា រួមទាំង​ពិព័រណ៍ តន្រ្តី ល្បែងកម្សាន្ត នៅរាជធានី​ភ្នំពេញ​ដែលបង្ក​លក្ខណៈ​ឱ្យ​កម្មវិធី​នេះ កាន់តែ​អធិកអធម ធ្វើឱ្យ​ពលរដ្ឋ​គ្រប់ទិសទី​មានការ​សប្បាយរីករាយ។

លោកបញ្ជាក់​ថា៖«នេះ​ឆ្លុះបញ្ចាំង​អំពី​តថភាព​ជាក់ស្តែង​នៃការវិវត្តន៍​របស់​ប្រទេស​កម្ពុជា នេះក៏ជា​ជោគជ័យ​មោទនៈមួយ​របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ដែលក្រោម​ម្លប់ត្រជាក់​នៃសន្តិភាព ដែលពេលនេះ​ចាប់ផ្តើម​ដំណើរការ​ពេញលេញ​ថែមទាំង​មានសមត្ថភាព​អាចប្រមូល​កម្លាំងរួម សម្រាប់​រាជរដ្ឋាភិបាល និងក្តាប់បាន​នូវ​សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈ គ្រប់​បែបយ៉ាង»។

ឆ្លៀតក្នុងឱកាស​នោះលោក ហ៊ុន ម៉ាណែត បានថ្លែង​កោតសរសើរ​គ្រប់​ក្រសួង ស្ថាប័ន ដែលបានរៀបចំ​ប្រទីប​បានល្អ និងប្រកបដោយ​អត្ថន័យ ខណៈ​សមត្ថកិច្ច​គ្រប់ស្ថាប័ន នគរបាល កងរាជ​អាវុធហត្ថ បញ្ជាការដ្ឋាន​អង្គរក្ស និងគ្រប់​អង្គភាព​ទាំងអស់ ក៏ដូចជា​ប្រជាការពារ​ដែលបានរួមគ្នា​ថែរក្សា​នូវ​ស្ថិរភាព ជាមួយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែលមក​កម្សាន្ត។

លោកថ្លែង​ថា៖«អរគុណ​ដល់ប្រជាពលរដ្ឋ​ផងដែរ ដែលបានចូលរួម​សប្បាយ ប្រកបដោយ​ស្មារតី​សាមគ្គី និងសប្បាយរីករាយ​រួមគ្នា ជាពិសេស​បងប្អូន​កីឡា​អុំទូក ទាំងស្រី ប្រុស និងបងប្អូន​បរទេស​ដែលបានចូលរួម ដែលកិច្ចការ​ឆ្នាំនេះ​សរុប​សេចក្តីមក​បានជោគជ័យ​ល្អ ដោយសារការ​ចូលរួម​របស់យើង​ក្នុងនាមជា​កម្លាំង​ជាតិ​រួមមួយ»។

គួរជម្រាប​ថា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ដែលទើប​បញ្ចប់ទៅថ្មីៗ​នេះ មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត​ចំនួន ១១ បានទទួល​ភ្ញៀវទេសចរ​ដែលមក​កម្សាន្ត​ប្រមាណជិត ៦ លាន​នាក់៕

កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី ដើម្បី​ពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ហ្វេសប៊ុក ហ៊ុន ម៉ាណែត