ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រដល់អង្គការ សមាគមចំនួន ១២ សម្រាប់ជាមណ្ឌលថែទាំកុមារ ដែលការទទួលស្គាល់នេះ ដើម្បីទប់ស្កាត់ការបើកមណ្ឌលដែលគ្មានគុណភាព និងអនាធិបតេយ្យ និងទប់ស្កាត់ការរំលោភបំពានកុមារ។
ក្រសួងសង្គមកិច្ច បានឱ្យដឹងថា ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងអង្គការ និងសមាគមថែមទាំងកុមារផងដែរ។
មណ្ឌលថែទាំកុមារសរុបចំនួន ១៦ នៃអង្គការ សមាគម ដៃគូចំនួន ១២ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទម្រង់បែបបទនៃការស្នើសុំការអនុញ្ញាតបង្កើតមណ្ឌលថែទាំកុមារ ដែលក្រសួងសង្គមកិច្ច បានសម្រេចផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាមណ្ឌលថែទាំកុមារ ទាំងនោះរួមមាន ១ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ២ អង្គការបម្រើដើមឈើសេវាសង្គមដើមឈើសប្បាយ ៣ អង្គការគ្រួសារថ្មី ៤ អង្គការខេខេអ៊ីវី កម្ពុជា ៥ អង្គការ World Mobilization ៦ សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ៧ អង្គការមូលនិធិនៃក្តីសង្ឃឹម (Operation Hope Foundation) ៨ អង្គការបេះដូងតូច ៩ អង្គការតំណក់ទឹក ១០ អង្គការបេសកកម្មជីវិតថ្មី ១១ អង្គការបណ្ដាញកុមារឥតព្រំដែនកម្ពុជា និង១២ អង្គការ Friends International។
ថ្លែងក្នុងពិធីនោះ លោក ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានបញ្ជាក់ផងដែរថា ការផ្តល់ការអនុញ្ញាតឱ្យបើកមណ្ឌលដំណើរការថែទាំកុមារ គឺមានតែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែមួយគត់ដែលជាស្ថាប័នសមត្ថកិច្ច ហើយមណ្ឌលថែទាំមិនបានទទួលស្គាល់ទេ គឺមណ្ឌលថែទាំនោះជាមណ្ឌលខុសច្បាប់។
លោកថ្លែងថា៖«សារៈសំខាន់នៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌល រួមមាន ទប់ស្កាត់ការបើកមណ្ឌលដែលគ្មានគុណភាព និងអនាធិបតេយ្យ ទប់ស្កាត់ការរំលោភបំពានកុមារ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ អាចត្រួតពិនិត្យបាននូវឥរិយាបថរបស់អ្នកថែទាំកុមារ និងគ្រប់គ្រងបាននូវប្រភពហិរញ្ញវត្ថុរបស់អង្គការ»។
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្នុងចំណោមអង្គការខាងលើបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ របស់ខ្លួន បានមើលថែទាំគ្រួសារចំនួន៣៥០០ ដែលមកពី ២៤ សហគមន៍ផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញ។
អង្គការបន្តថា ស្ថានភាពនៃការរស់នៅក្នុងសហគមន៍ទាំងនោះគឺពិតជាលំបាកខ្លាំង ដោយទីជម្រករបស់ពួកគាត់មិនច្បាស់លាស់ ផ្លូវមធ្យោបាយធ្វើដំណើរមិនស្អាត មានសំរាមគ្រប់ទីកន្លែង កុមារមិនមានអាហារបរិភោគគ្រប់គ្រាន់ ហើយអំឡុងរដូវវស្សាទឹកកខ្វក់តែងតែនាំមកនូវមេរោគជាច្រើនប៉ះពាល់ដល់សុខភាព ឬសត្វល្អិតដែលនាំឱ្យមានគ្រោះថ្នាក់នានា ម្យ៉ាងទៀតគ្រួសារមួយចំនួនមិនមានអគ្គិសនី ឬទឹកស្អាតប្រើប្រាស់។
PSE បន្ថែមថា៖«ដូច្នេះហើយទើបអង្គការ (PSE) គឺជាទីតាំងជំនួយដ៏មានសារៈសំខាន់បំផុតសម្រាប់គ្រួសាររបស់ពួកគាត់ ដែលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការផ្ដល់អង្ករ ការសិក្សាសម្រាប់កូនៗ ហើយសម្រាប់ករណីខ្លះយើងបានផ្ដល់ជូនជាហិរញ្ញវត្ថុសម្រាប់ការចំណាយលើការស្នាក់នៅរបស់ពួកគាត់ផងដែរ»៕