លោក ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានថ្លែង​កោតសរសើរ​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ក្នុងការលើកកម្ពស់​ការបង្រៀន​ភាសាបារាំង​នៅប្រទេស​កម្ពុជា តាមរយៈ​ការប្រើប្រាស់​នូវវិធីសាស្រ្ត​បង្រៀនថ្មីៗ និងទំនើប ដែលជាចំណែក​ដល់ការអភិវឌ្ឍ​សមត្ថភាព​របស់​សិស្ស។
 
លោករដ្ឋមន្រ្តី​បានលើកឡើង​បែបនេះ នាឱកាសបាន​អញ្ជើញចូលរួម​ជាអធិបតី ក្នុងពិធី​អបអរ «ទិវា​គ្រូបង្រៀន​ភាសា​បារាំង​​អន្តរជាតិ» ដែលបានប្រារព្ធឡើង​នៅស្ថានទូត​បារាំង ​ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធីនេះ ក៏មានការចូលរួម​ពីសំណាក់​តំណាង​ស្ថាប័ន និងសាកលវិទ្យាល័យ​ប្រើប្រាស់​ភាសាបារាំង និងលោកគ្រូ អ្នកគ្រូ ដែលជា​គ្រូបង្រៀន​ភាសាបារាំង​ជាច្រើន​រូបផងដែរ។
 
ឆ្លៀតក្នុងឱកាស​នោះលោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ​ចំពោះ ប្រធានាធិបតី​នៃសាធារណរដ្ឋ​បារាំង ដែលបានផ្ដួចផ្ដើម​គំនិតបង្កើត «ទិវា​គ្រូបង្រៀន​ភាសាបារាំង​អន្តរជាតិ» នេះឡើង។ 
 
លោកក៏បានថ្លែង​កោតសរសើរ​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ក្នុងការលើកកម្ពស់​ការបង្រៀន​ភាសាបារាំង​នៅប្រទេស​កម្ពុជា តាមរយៈ​ការប្រើប្រាស់​នូវវិធីសាស្រ្ត​បង្រៀនថ្មីៗ និងទំនើប ដើម្បី​លើកទឹកចិត្ត​សិស្ស​ក្នុងការសិក្សា ដែលនេះ​ជាកត្តា​ដ៏ចាំបាច់ និងមានសារៈសំខាន់​បំផុត​ក្នុងការចូលរួម​ចំណែក​ដល់ការអភិវឌ្ឍ​សមត្ថភាព​សិស្ស។
 
លោកបានគូសបញ្ជាក់​ផងដែរ នូវកិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និងកីឡា ជាមួយដៃគូ​ពាក់ព័ន្ធ​នានា​ដែលប្រើប្រាស់​ភាសាបារាំង ក្នុងគោលបំណង​បង្កើនការ​យល់ដឹង​បន្ថែមដល់​សិស្សានុសិស្ស និងមាតាបិតា​អំពីសារៈសំខាន់​នៃការសិក្សា​ភាសាបារាំង។ ក្នុងនោះរួមមាន ការបន្តកិច្ច​សហប្រតិបត្តិការ​ក្នុងការអនុវត្ត​ផែនការ​រួមសម្រាប់​ភាសាបារាំង​សំដៅ​ពង្រឹង​គុណភាព និងភាពទាក់ទាញ​នៃការសិក្សា​ភាសាបារាំង និងការបន្ត​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ភាសាបារាំង​នៅប្រទេស​កម្ពុជា។
 
នៅក្នុង «ទិវា​គ្រូបង្រៀន​ភាសាបារាំង​អន្តរជាតិ» មានគ្រូបង្រៀន​ភាសាបារាំង​ប្រមាណ ៣០០ នាក់​មកពីតំបន់​នានា​នៃប្រទេស​កម្ពុជា​បានជួបជុំគ្នា​ក្នុងពិធីនោះ​នៅស្ថានទូត។ ជារៀងរាល់​ថ្ងៃ លោកគ្រូ អ្នកគ្រូ ទាំងនេះ​បានផ្ទេរ​ចំណេះដឹង ភាសាបារាំង​ដល់​សិស្ស​របស់ខ្លួន។ នេះបើយោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។
 
ស្ថានទូតបារាំងបញ្ជាក់ទៀតថា៖«ប្រទេសបារាំង បានប្រឹងប្រែងលើកស្ទួយការសិក្សាភាសាបារាំងនៅកម្ពុជា ហើយក្នុងភាពជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបានបង្កើតកម្មវិធីពង្រឹងការបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់ភាពទាក់ទាញនៃភាសាបារាំង»។ 
 
ពាក់ព័ន្ធ​ភាសាបារាំង​នេះដែរ ក្រសួងព័ត៌មាន បានស្នើ​ដល់​ស្ថានទូត​បារាំង​ប្រចាំនៅ​កម្ពុជា​ជួយគាំទ្រ​លើការបណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ព័ត៌មាន និងការផ្សព្វផ្សាយ​ព័ត៌មាន​ជាភាសា​បារាំង ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​ភាសាបារាំង​នៅ​កម្ពុជា។ 
 
សំណើនេះ​ត្រូវបានលើកឡើង​នៅក្នុងជំនួប​ពិភាក្សាការងារ​រវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន និងលោក M. Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួង​ព័ត៌មាន៕

លោក ហង់ជួន ណារ៉ុន និងលោក M. Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នាឱកាសអញ្ជើញចូលរួម​ជាអធិបតី ក្នុងពិធី​អបអរ «ទិវា​គ្រូបង្រៀន​ភាសាបារាំង​អន្តរជាតិ» ដែលប្រារព្ធឡើង​នៅស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២៣។ ក្រសួង​អប់រំ យុវជន និងកីឡា