ប្រជាពលរដ្ឋខ្វះខាតប្រមាណ ២ ០០០ នាក់ នៅក្នុងខេត្តកណ្តាល ត្រូវបានរំពឹងថា នឹងមានទឹកស្អាតប្រើប្រាស់នៅរយៈពេល ៦ ខែខាងមុខ ខណៈគម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ ត្រូវបានអង្គការវ័តធឺអេតកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទិកា (Etiqa Life Insurance Cambodia) បានសហការគ្នាដំណើរការគម្រោងចាប់ពីដើមឆ្នាំ ២០២៤ ខាងមុខនេះ។
គម្រោងនេះ ត្រូវបានបង្ហាញឱ្យដឹងនាពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ៥០ ០០០ ដុល្លារអាមេរិក សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាត រវាងក្រុមហ៊ុនធានារ៉ាប់រង អេទីកា និងអង្គការវ័តធឺអេតកម្ពុជា (WaterAid) កាលព្រឹកថ្ងៃ ទី ១ ខែធ្នូ ឆ្នាំ ២០២៣។
គម្រោងនេះផងដែរ គឺតាមរយៈការសហការជាមួយអាជ្ញាធរ សេវាករផ្គត់ផ្គង់ទឹក ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការគាំទ្រថវិកាបដិភាគដល់គ្រួសារក្រីក្រជាដើម។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានផ្តល់ថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក ដល់អង្គការវ័តធឺអេតកម្ពុជា ដែលថវិកានេះនឹងយកទៅអនុវត្តគម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ នៅខេត្តកណ្តាល ដែលរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ២០០០ នាក់ ឬស្មើ៥០០គ្រួសារ ក្នុងរយៈពេល ៦ ខែខាងមុខ។
ថ្លែងនាឱកាសនោះ លោក ដាតូ ចូហានអាហ្វ្រីហ្វីន (Dato' Johan Ariffin) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa មានប្រសាសន៍ថា អេទីកា ជាក្រុមហ៊ុនសាជីវកម្មឈានមុខមួយដែលមានគោលបំណងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានសេវាគាំពារសុខភាព។
លោកថា គម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត ដែលជាការសហការជាមួយអង្គការវ័តធីអេតកម្ពុជា នឹងជួយពង្រឹងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ និងតំបន់បរិស្ថានប្រឈម។
លោកថា៖ «គោលដៅយើងតែមួយ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់ មានសុខភាពល្អ និងមានជីវភាពកាន់តែប្រសើរ ហេតុនេះ ការសហការគ្នានេះ គឺយើងចង់ឃើញ ប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន»។
បន្ថែមពីនេះ លោកបានបញ្ជាក់ដែរថា កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម ដែលផ្តល់ជូនអង្គការវ័តធឺអេតកម្ពុជានាពេលនេះ នឹងបានដាក់បញ្ចូលនូវសកម្មភាពដែលគាំទ្រដល់តម្រូវការរបស់មនុស្សគ្រប់រូប និងធានាថាគ្រប់គ្នាមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងអនុវត្តអនាម័យបានពេញលេញ ព្រមទាំងមិនទុកចោលនរណាម្នាក់ឡើយ។
ជុំវិញគម្រោងនេះ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា បានឱ្យដឹងថា សកម្មភាពគាំទ្រដល់កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យ គឺជាភារកិច្ចដ៏ចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាចូលរួមតាមលទ្ធភាព។
លោកថា ប្រសិនបើរបាំងឬឧបសគ្គនៃទឹកស្អាត និងអនាម័យ ត្រូវបានដោះស្រាយដោយមានការគាំទ្រពីមនុស្សគ្រប់គ្នា នោះប្រជាជនគ្រប់ទីកន្លែង ជាពិសេសប្រជាជនរស់នៅតាមទីជនបទ នឹងមានសុខភាពល្អ កាត់បន្ថយការចំណាយលើការថែទាំសុខភាព ព្រមទាំងអាចសន្សំថវិកាសម្រាប់ទុកបំពេញតម្រូវការផ្សេងៗនៅក្នុងគ្រួសារទៀតផង។
លោក ឆាត់ សុភាព បានបន្តថា៖«អង្គការវ័តធឺអេតនឹងប្រើប្រាស់ថវិកា សប្បុរសធម៌នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកគាំទ្រសុខុមាលភាពប្រជាជនក្នុងតំបន់គោលដៅរបស់គម្រោង ដែលក្នុងរយៈពេល ៦ ខែខាងមុខនេះ យើងរំពឹងថាគម្រោងនឹងជួយផ្ដល់ឱ្យប្រជាពលរដ្ឋប្រមាណ ២០០០ នាក់ មានទឹកស្អាតប្រើប្រាស់តាមតម្រូវការ»។
លោកបន្ថែមថា៖ «យើងអាចនិយាយបានថាគ្មានជនណាម្នាក់អាចរស់នៅក្នុងជីវិតដែលមានសុខភាពល្អពេញលេញបានដោយគ្មានទឹកស្អាត និងគ្មានបង្គន់អនាម័យសម្រាប់ប្រើប្រាស់បាននោះទេ ហើយបញ្ហាទឹកស្អាតនិងអនាម័យ គួរតែជារបស់ចាំបាច់ជាមូលដ្ឋានសម្រាប់ជនគ្រប់រូបនៅគ្រប់ទីកន្លែងតែម្ដង»។
ចំណែកលោកស្រី សែម ចាន់ថូ អភិបាលរងស្រុកស្អាង ខេត្តកណ្តាល បានបង្ហាញក្តីសាទរនៅពេលវិស័យឯកជន បានបង្កើតគម្រោងដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋរងគ្រោះក្នុងសហគមន៍ ខណៈលោកស្រីរំពឹងថា តាមរយៈគម្រោងនេះ នឹងអាចធ្វើឱ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះ មានទឹកស្អាតប្រើប្រាស់ និងលើកកម្ពស់អនាម័យពួកគាត់កាន់តែប្រសើរថែមទៀត។
លោកស្រីបន្តថា៖ «ខ្ញុំមានក្តីរំភើបជាខ្លាំង នៅពេលមានស្ថាប័នរដ្ឋ និងវិស័យឯកជននានា ខិតខំសហការជាមួយរដ្ឋាភិបាល ជំរុញវិស័យទឹកស្អាត និងអនាម័យដល់ពលរដ្ឋកម្ពុជា ពិសេសក្នុងខេត្តកណ្តាល ព្រោះថា បើពួកគាត់មានទឹកស្អាតប្រើនឹងធ្វើឱ្យគាត់លែងមានជំងឺរាករួស កាត់បន្ថយចំណាយក្នុងគ្រួសារ ពិសេសជំរុញសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ឱ្យកាន់តែរីកចម្រើនខ្លាំង»។
ស្ថាប័នទាំងពីរខាងលើ រំពឹងថា តាមរយៈគម្រោងខាងលើ នឹងក្លាយជាចំណែកមួយជួយជំរុញកម្ពុជា ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦ ស្តីពីទឹកស្អាត និងអនាម័យ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ៕