សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៤៥ ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់គម្រោងបន្តអភិរក្សប្រាសាទភ្នំបាខែង នៃសតវត្សរ៍ទី១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ។
ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ ត្រូវរៀបចំឡើងក្រោមអធិបតីភាពរវាងលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទឹកដីខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ខែធ្នូ ឆ្នាំ ២០២៣។
គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ ដង មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប ៤ លានដុល្លារអាមេរិក។
លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងថា ៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក មានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។
សេចក្តីប្រកាសដដែលបានរំលេចថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ។
ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ។
គួរជម្រាបថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកា ៦ លានដុល្លារអាមេរិកតាំងពីឆ្នាំ ២០០១ មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា៕