លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានធ្វើការជំរុញទៅកាន់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរួមសហការគ្នា ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។ ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់ក្នុងសារលិខិតខាងលើថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជាយើងធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។
លោកស្រីបន្តថា៖ «កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ក្នុងការចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ កំពុងលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ ពីអ្នករងគ្រោះផ្ទាល់។ ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ»។
ហេតុនេះ ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ឱ្យសម្រេចបានជោគជ័យ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានបន្តស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់ គោលការណ៍សមភាព និងបរិយាបន្ន។
ជាមួយគ្នានេះលោកស្រី ក៏បានជំរុញឱ្យនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ។
ជាថ្មីម្តងទៀត លោកស្រី ប៊ុន រ៉ានី ក៏បានស្នើឱ្យបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ខណៈស្ត្រីមានផ្ទៃពោះវិញ ក៏ត្រូវទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាលផងដែរ។
ក្រៅពីនេះ លោកស្រី ក៏បានជំរុញឱ្យបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងអ្នកជំងឺអេដស៍ឡើយ និងបានអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ត្រូវចូលរួមអនុវត្តវិធានការបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន។
ទាក់ទិនទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវទស្សនៈមួយចំនួន ក្នុងការលុបបំបាត់អេដស៍នៅកម្ពុជា ដោយលោកបានជំរុញឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់។
ក្នុងនោះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥នៅកម្ពុជា។
សូមរំឭកថា នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ន អត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី ១៥ ទៅ ៤៥ ឆ្នាំ មានប្រមាណ ០.៦% នៅក្នុងឆ្នាំ២០២១ ដែលមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៧៤ ០០០ នាក់ អត្រាឆ្លងថ្មីនៅមានបន្តនៅឡើយ គឺប្រមាណ ១១០០ នាក់ នៅក្នុងឆ្នាំ ២០២២៕