លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការរវាងគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលជារឿងសំខាន់ និងចាំបាច់បំផុត។
សំណើទាំងនេះ ត្រូវបានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ស្តីពី«ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានា។
លោក ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ហើយចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយ ដែលនេះគឺជាបញ្ហារួម ដែលយើងទាំងអស់គ្នាត្រូវធ្វើរួមគ្នា។
លោកបានបញ្ជាក់ទៀតថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត វាគឺជារឿងសំខាន់ និងចាំបាច់បំផុត។
លោកថ្លែងថា៖«កិច្ចការទាំងនេះ ទាំង ប.ស.ស. ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើន ត្រូវបង្កើនកិច្ចសហការរវាងគ្នា ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព ជូនដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតទាំងអស់បានយល់ដឹងច្បាស់ស្តីពីច្បាប់ចរាចរណ៍ ពិសេសគឺសុវត្ថិភាពក្នុងការធ្វើដំណើរ ក្នុងន័យកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត»។
លោកក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យស្ថិតនៅកម្រិតទាប។
លោកក៏ស្នើឱ្យ (AIP) សិក្សាឈ្វេងយល់ និងដកស្រង់បទពិសោធន៍អំពីរថយន្តដឹកកម្មករនិយោជិត ដែលមានផាសុខភាព និងសុវត្ថិភាព ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីអាចកំណត់យកជម្រើសណាមួយពីបណ្តាប្រទេសទាំងនោះ មករៀបចំរថយន្តដឹកកម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែមានផាសុខភាព និងសុវត្ថិភាព ជាងមុន។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើង ហើយទទួលរងគ្រោះថ្នាក់មានប្រមាណជាង ៦៧% នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលកើតមានលើកម្មករនិយោជិត (គ្រប់វិស័យ) ដែលធ្វើដំណើរទៅមកបំពេញការងារ។
លោកសង្កត់ធ្ងន់ថា៖«គ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រឹមតែប៉ះពាល់ទៅដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេដែលមានប្រមាណ ជាង ២ លាននាក់ ដែលកម្មករនិយោជិតទំនុកបម្រុង ព្រមទាំងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេដែរ»។
ក្នុងនាមសង្គមស៊ីវិលដែលធ្វើលើការងារនះ លោក គឹម បញ្ញា ស្នើសុំដល់ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពណែនាំ និងកំណត់ឱ្យរោងចក្រសហគ្រាសនៅទូទាំងប្រទេស បង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងសកម្មភាពនានាឱ្យបានជាទៀងទាត់ និងផ្ដល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេ៕