ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានផ្ដល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​ប្រព័ន្ធ​ដក​ពិន្ទុ​បណ្ណ​បើកបរ ពិន័យ​បទល្មើស​ចរាចរណ៍ និង​ប្រព័ន្ធគ្រប់គ្រង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក តាម​បច្ចេកវិទ្យា​ជំនាន់​ថ្មី ទៅដល់​មន្ត្រីនគរបាល ទាំង ២៥​ រាជធានី​-​ខេត្ត​។​

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងមហាផ្ទៃ មាន​សិក្ខាកាម​ចូលរួម​ជិត ២៧០ ​នាក់ មកពី​អធិការដ្ឋាន និង​ស្នងការដ្ឋាន​នគរបាល​ជាតិ ទាំង​២៥ ​រាជធានី​-​ខេត្ត​។​

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩ ខែធ្នូ បានឱ្យដឹងថា គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​ពង្រឹងសមត្ថភាព​ម​ន្រី្ត​ក្នុងការ​ប្រតិ​ប​តិ្ត​ការងារ​រឹតបន្តឹង​អនុវត្ត​ច្បាប់​លើ​ការប្រើប្រាស់​ឧបករណ៍ និង​កម្មវិធី​ពិន័យ​បទល្មើស​ចរាចរណ៍​និង​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ និង​ការគ្រប់គ្រង​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​បច្ចេកវិទ្យា​ថ្មី ដែល​បាន​បំពាក់​ជាមួយ​ការធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ថ្មី​។​

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ក្នុង​ពិធី​ថា ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​បង្កើន​សមត្ថភាព និង​ផ្តល់នូវ​ចំណេះដឹង​ថ្មី​ដល់​មន្ត្រី​ចរាចរណ៍ ស្របតាម​កាល​វិវត្តន៍​នៃ​សម័យ​ឌីជីថល​នេះ​។​

​ទាក់ទង​នឹង​ការផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​នេះដែរ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា ការបណ្ដុះបណ្ដាល​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​ទៅលើ​ការងារ​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក គឺ​វា​ជា​រឿង​ចាំបាច់ ដើម្បី​បម្រើឱ្យ​ការអនុវត្ត​ការងារ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​បាន​បន្តថា ការគ្រប់គ្រង​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ វា​ក៏មាន​សារៈសំខាន់​ផងដែរ ពីព្រោះ​កាលណា​មាន​ទិន្នន័យ​ជាក់លាក់ បញ្ហា​ប្រឈម​ក៏​ដឹង​ច្បាស់លាស់ នោះ​វា​អាចជួយ​ធ្វើ​សេចក្ដីសម្រេច​របស់​អ្នកពាក់ព័ន្ធ​ឱ្យ​ឆ្លើយតប​ចំ​គោលដៅ​។​

​លោក​ថា​៖ «​ខ្ញុំ​គិតថា​ការងារ​បណ្ដុះបណ្ដាល​នេះ វា​សំខាន់ ព្រោះ​វា​នឹង​ជួយ​ទៅដល់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងមហាផ្ទៃ ក្រសួងផែនការ អគ្គស្នងការ​នគរបាល​ជាតិ​ហ្នឹង គាត់​ប្រមូល​ទិន្នន័យ​កាន់តែ​រហ័ស កាន់តែ​ច្បាស់លាស់ ដើម្បី​បម្រើឱ្យ​ការងារ​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍ ជាពិសេស​ការសម្រេចចិត្ត​ថ្នាក់ដឹកនាំ ដាក់ចេញ​វិធានការ​ឱ្យចំ​គោលដៅ​»​។​

​បើតាម​លោក គឹម បញ្ញា រាល់​ការធ្វើ​សេចក្ដីសម្រេចចិត្ត រៀបចំ​គោលនយោបាយ ឬ​រៀបចំ​ផែនការ​អ្វីមួយ សំខាន់បំផុត គឺ​ការគ្រប់គ្រង និង​ដឹង​ទិន្នន័យ​ច្បាស់លាស់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឆ្លើយតប​ទៅ​បញ្ហា​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​មាន​ប្រសិទ្ធភាព​។

​លោក​បាន​បន្ថែមថា ជារួម ការបណ្ដុះបណ្ដាល​គ្រប់គ្រង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ បើសិន​មាន​ទាំង​ធនធានមនុស្ស មាន​ទាំង​ទិន្នន័យ​ជាក់លាក់ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធាន​ចំ​គោលដៅ នោះ​វា​អាចរួមចំណែក​កាត់បន្ថយ​អត្រា​អ្នកស្លាប់ អ្នករងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល ១០​ខែ ដើមឆ្នាំ​២០២៣​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានកើត​ឡើង​ចំនួន ២ ៧១៦​លើក បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន ១ ២៨៦​នាក់ អ្នករបួសធ្ងន់​ចំនួន ២ ២៥៨​នាក់ និង​អ្នក​របួសស្រាល​ចំនួន ១ ៣៨២​នាក់​។

​បើ​ប្រៀបធៀប​ទៅនឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​ដូចគ្នា ១០​ខែ ឆ្នាំ​២០២២ ឃើញថា​អត្រា​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ៩% អ្នកស្លាប់​បាន​ថយចុះ ១១% អ្នករបួសធ្ងន់​បាន​កើនឡើង ៣% អ្នករបួស​ស្រាល​បាន​កើនឡើង ១០%៕