ភ្នំពេញៈ ខួបលើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា ត្រូវបានប្រារព្ធឡើងមួយឆ្នាំពេញ ដោយមានការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗច្រើនជាង៧០នៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈព្រឹត្តិការណ៍ទាំងនេះបានជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក កាន់តតែខ្លាំង និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។
នេះជាការថ្លែងរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅនិវេសនដ្ឋានឯកអគ្គរាជទូត។
ប្រភពដដែលបានលើកឡើងថា មានព្រឹត្តិការណ៍ជាច្រើនដែលគួរឱ្យកត់សម្គាល់បំផុត ក្នុងខួបលើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា រួមមាន មហោស្រពគីហ្សូណាក្នុងខែកុម្ភៈ ដែលឯកអគ្គរាជទូតសុច្ឆន្ទៈនៃប្រទេសទាំង២បានចូលរួម ការប្រគំតន្ដ្រីអូខេស្ត្រាខួប៧០ឆ្នាំនៃ មិត្តភាព ជប៉ុន-កម្ពុជា ដោយវង់តន្ត្រីអូខេស្ត្រាជប៉ុនក្នុងខែកញ្ញា និងចុងសប្តាហ៍មុន មានទិវារត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី នៅមុខប្រាសាទបាយ័ន ផងដែរ។
លោកថ្លែងថា៖«ខ្ញុំបានឃើញការសម្ដែងដ៏អស្ចារ្យរបស់សិល្បករមកពី ប្រទេសជប៉ុន និងកម្ពុជា ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសំណាងណាស់ដែលបានរាប់អានជាមួយ មនុស្សអស្ចារ្យជាច្រើន»។
ទោះជាយ៉ាងណាក៏ដោយ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ច្បាស់ណាស់នឹងមិនបញ្ចប់ ដោយការបញ្ចប់ដោយជោគជ័យ នៃពិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការ ទូតនោះទេ។ កម្ពុជា-ជប៉ុន ត្រូវកសាងសមិទ្ធិផលក្នុងឆ្នាំនេះ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បន្ថែមក្នុងរយៈពេលច្រើនឆ្នាំទៀត។ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី មិនអាចសម្រេចបានតាមរយៈអន្តរកម្មរវាង រដ្ឋាភិបាលនៃប្រទេសទាំង២តែប៉ុណ្ណោះទេ។ ទំនាក់ទំនងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងប្រជាជនយ៉ាងទូលំទូលាយផងដែរ។
លោកថ្លែងថា៖«យើងខ្ញុំចង់ទាញយកប្រយោជន៍ពីសម្ទុះដែល បង្កើតតាមរយៈខួបលើកទី៧០ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាននៅកម្រិតផ្សេងៗ និងក្នុងវិស័យនានារវាងប្រទេសទាំង២។ ជាទីបញ្ចប់នេះ យើងខ្ញុំនឹងជំរុញកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើនការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនលើគ្រប់វិស័យ»។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងពិធីនោះថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនកាន់តែរឹងមាំ ចំពេលមានការកើនឡើងនៃពាណិជ្ជកម្ម និងការវិនិយោគរបស់ជប៉ុនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនទាំង២។
លោកថ្លែងថា៖«ខ្ញុំរីករាយដែលក្រុមហ៊ុនឈានមុខគេដូចជា Minebea, AEON និង Toyota បានពង្រីកប្រតិបត្តិការរបស់ពួកគេនៅទីនេះ ហើយថា Toyota នឹងបើករោងចក្រដំឡើងនៅឆ្នាំក្រោយ»។
លោកបញ្ជាក់ថា ភាពជោគជ័យនៃម៉ាកយីហោជប៉ុនធំៗនៅកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចដ៏អំណោយផលនៃប្រទេសទាំង២ នឹងទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតមកកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រទេសជប៉ុនចំពោះដំណើរការសន្តិភាពរបស់កម្ពុជា និងបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសុខភាពរបស់កម្ពុជា ដូចអ្វីដែលបានឃើញសព្វថ្ងៃនេះ។
កញ្ញា ម៉ម ឡរា ទេវរី អគ្គរាជទូតសុច្ឆន្ទៈខួបលើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា ថ្លែងថា ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់តន្ត្រី សិល្បៈ និងទំនាក់ទំនងជប៉ុន-កម្ពុជា។ ជាពិសេស កិច្ចសហការផលិតចម្រៀងរវាង វណ្ណដា និង Auich ក៏ចូលរួមបង្ហាញពី ទំហំមិត្តភាពរវាងជប៉ុន និង កម្ពុជា ផងដែរ។
កញ្ញានិយាយថា៖«នាងខ្ញុំរំពឹងថា យើងពិតជានឹងមានកម្មវិធីជាច្រើនទៀត ដែលយើងនឹងមានឱកាសចូលរួមសហការ រវាងប្រទេសយើងទាំងពីរនៅក្នុងថ្ងៃអនាគត។កិច្ចសហការទាំងនេះ នឹងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរបស់យើង ដោយការផ្លាស់ ប្តូរវប្បធម៌ ឥទ្ធិពលនៃវប្បធម៌ និង ការគោរពស្រឡាញ់ រវាងប្រទេសជប៉ុន និងកម្ពុជា»៕