ភ្នំពេញៈ ក្រុមកំពុងឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានជួបបរាជ័យជាថ្មីម្តងទៀត ក្រោមថ្វីដៃក្រុមចំណូលថ្មី ISI ដង្កោសែនជ័យ ចំណែកក្រុមលេខ ២ ភ្នំពេញក្រោនបានជួបការមិនសប្បាយចិត្តដូចគ្នា ខណៈពួកគេបានវាយបកតាមស្មើក្រុមណាហ្គាវើលដ៍ទាំងលំបាកនោះ ប៉ុន្តែគ្រូបង្គោលលោក Oleg Starynskyi បានរិះគន់លោកអាជ្ញាកណ្តាល ជី សាមឌី ដែលមិនបានបំពេញតួនាទីបានល្អក្នុងនាមជាអ្នកការពារកីឡាករនៅលើទីលាន។
សម្រាប់ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានស្មាតអអេសអិនកាលពីយប់ថ្ងៃទី៨ ខែធ្នូ កន្លងមក ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ គួរណាស់តែអាចរកបានគ្រាប់បាល់ឱ្យក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនតាំងពីដើមតង់ទី១ ខណៈ ពៅ ប៉ុនវុឌ្ឍី បានបោះបាល់កាត់ចូលតំបន់គ្រោះថ្នាក់ឱ្យរូបគេយ៉ាងល្អនោះ ប៉ុន្តែ ពិសុទ្ធ បែរជាស៊ុតបាល់ដាច់ចម្ងាយប្រមាណ៣ម៉ែត្រពីទីនេះ ខុសគោលដៅទៅវិញ។
ជាមួយការបាត់បង់ឱកាសនេះ ក្រុមណាហ្គាវើលដ៍ និង ភ្នំពេញក្រោន បានព្យាយាមវាយសម្រុកគ្នាដើម្បីបង្កើតបានឱកាសជាច្រើនលើកដូចគ្នា តែក្រុមទាំង២មិនអាចរកបានគ្រាប់បាល់ឡើយគឺរហូតដល់នាទីទី៩០+៣ ទើបមានគ្រាប់បាល់កើតឡើង ដែលស៊ុតបញ្ចូលទីពីចម្ងាយដោយខ្សែបម្រើរបស់ណាហ្គា សុះ ស៊ូហាណា បន្ទាប់ពីរូបគេ បានទទួលបាល់ពីការទាត់ឡើងទៅលើខុសគោលដៅរបស់អ្នកចាំទី អ៊ុំ វិចិត្រ នោះ។
ទោះបីជាយ៉ាងណា ការព្យាយាមចេញទៅសង្គ្រោះបាល់ចេញពីកីឡាករ លឹម វិសាល ដែលត្រូវបានភ្នំពេញក្រោន ដាក់ឱ្យចូលលេងជាលើកដំបូងនៅនាទីទី៨៩នោះ បានបង្កជាកំហុស ដោយ រូបគេបានជ្រុលទៅប៉ះ វិសាល ឱ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់នាំឱ្យលោកអាជ្ញាកណ្តាល ផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅក្រុមភ្នំពេញក្រោន ហើយ លឹម ពិសិទ្ធ ជាអ្នកស៊ុតបានសម្រេចនៅនាទីទី ៩០+៧ ដើម្បីធ្វើឱ្យការប្រកួតនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។
យ៉ាងណាក៏ដោយ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ហាក់មិនស្ងប់ចិត្ត ជាមួយការផ្តល់បាល់ពិន័យ១គ្រាប់របស់លោកអាជ្ញាកណ្តាល ជី សាមឌី នៅចុងម៉ោងនេះទេ ព្រោះលោកបានមើលឃើញថា ក្រុមណាហ្គាវើលដ៍ គួរតែទទួលបានកាតក្រហម១ ព្រោះនៅក្នុងការប្រកួត ឡុង ភារ៉ាត ត្រូវបានគេទាត់ឱ្យដួល និងមានរបួសត្រូវបានប្តូរចេញនៅនាទីទី៣១ ចំណែកអ្នកចាំទី អ៊ុំ វិចិត្រ ក៏ប៉ះទង្គិចគ្នាជាមួយកីឡាករណាហ្គានាំឱ្យមានឈាមនៅរន្ធត្រចៀកដែរ ប៉ុន្តែមិនត្រូវបានអាជ្ញាកណ្តាលពិន័យកីឡាកររបស់ណាហ្គាដូចគ្នា។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន លោក Oleg បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំគិតថា គួរតែមានការពិន័យច្រើនជាងនេះ ហើយអាជ្ញាកណ្តាលគួរតែឱ្យកាតក្រហមយ៉ាងហោចណាស់១ទៅកាន់កីឡាករក្រុមណាហ្គាវើលដ៍។ ដូចជា ឡុង ភារ៉ាត់ ត្រូវពួកគេទាត់ក្នុងប្រអប់ដែលធ្វើឱ្យគេមិនអាចបន្តលេងទៀតបាន។ អាជ្ញាកណ្តាលមិនបានការពារកីឡាករទេ ជាក់ស្តែងកីឡាករត្រូវទាត់ចំមុខ ប៉ុន្តែអាជ្ញាកណ្តាលមិនពិន័យអ្វីទាំងអស់ ហើយបញ្ហាទាំងនេះ ជារឿងដែលបានកើតមានឡើងដដែលៗ»។
យ៉ាងណាក៏ដោយ លោក Oleg Starynskyi បានទទួលស្គាល់ថា ក្រុមណាហ្គាវើលដ៍ ដែលទើបបានយកឈ្នះកំពូលតារាងព្រះខ័នរាជស្វាយរៀង ១-០ កាលពីថ្ងៃទី៣ ខែធ្នូនោះ ពិតជាមានទម្រង់លេងប្លែកជាងមុន ស្របពេលដែលក្រុមភ្នំពេញក្រោនកំពុងមានបញ្ហារបួសកីឡាករច្រើនដែលទាមទារដាក់កីឡាករចំណូលថ្មីមួយចំនួនឱ្យចូលលេងជំនួស។
លោក Oleg បានបញ្ជាក់ថា៖ «ដូចអ្វីដែលយើងរំពឹងអ៊ីចឹង គឺនេះជាការប្រកួតលំបាកមួយ ដោយសារណាហ្គា មានការផ្លាស់ប្តូរដោយនាំយកកីឡាករថ្មីៗមួយចំនួនមកចូលរួមហើយពួកគេពិតជាស្រេកឃ្លានការប្រកួតណាស់។ ទោះយ៉ាងណា ខ្ញុំគួរតែរីករាយជាមួយទម្រង់លេងរបស់ក្រុម ព្រោះយើងមានកីឡាកររបួសច្រើន និងបានដាក់កីឡាករមួយចំនួនឱ្យចូលលេងជំនួស តែយើងនៅតែបង្កើតឱកាសបានច្រើន។ យើងគួរតែរកគ្រាប់បាល់បានលឿនជាងគេ តែយើងបានបង្កើតកំហុសធ្វើឱ្យមានគ្រាប់បាល់កើតឡើង ប៉ុន្តែពេលខ្លះរឿងនេះវាកើតមានឡើងក្នុងបាល់ទាត់»។
ចំណែកលោក ឃឹម បូរី គ្រូបង្គោលក្រុមណាហ្គាវើលដ៍ក៏សោកស្តាយចំពោះការរបូត១គ្រាប់ចុងក្រោយដោយសារបាល់ពិន័យ១១ម៉ែត្រ។ លោកថា៖ «បើមើលពីការប្រកួតជុំទី១ ក្រុមរបស់យើងមានបញ្ហាកីឡាករច្រើនមែនទែន តែយើងបានផ្លាស់ប្តូរកីឡាករមួយចំនួនធ្វើឱ្យការប្រកួតជុំទី២នេះ មានភាពប្រសើរឡើងវិញ។ ប៉ុន្តែថ្ងៃនេះ យើង
ពិតជាស្តាយមែនទែនសម្រាប់គ្រាប់បាល់ចុងម៉ោង តែបាល់ទាត់នៅពេលយើងបាត់បង់ការប្រមូលអារម្មណ៍ចុងក្រោយ គឺឱកាសតាមស្មើ វាតែងតែកើតមានឡើងហើយ»។
ជាមួយការចែកគ្នាម្នាក់១ពិន្ទុរវាងក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៍នេះ ត្រូវបានគេមើលឃើញថា វាជាឱកាសយ៉ាងសំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងការដណ្តើមបាន៣ពិន្ទុពីក្រុម ISI ដង្កោសែនជ័យដើម្បីមានគម្លាតគ្រាប់បាល់កាត់តែដាច់ឆ្ងាយពី ភ្នំពេញក្រោន ប៉ុន្តែពួកគេបែរជាជួបការខកចិត្តទៅវិញ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៩ ខែធ្នូនោះ កីឡាករ របស់ឡាវ Bounkong Bounphachan រកបានគ្រាប់នាំមុខឱ្យក្រុមម្ចាស់ផ្ទះស្វាយរៀងនៅនាទីទី២៧ ប៉ុន្តែខ្សែប្រយុទ្ធ សំអុល ទីណា បានស៊ុតតាមស្មើឱ្យក្រុម ISI វិញ នៅនាទីទី៤៤ មុនពេលខ្សែប្រយុទ្ធ Ndongo Louis Willy បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៦៧ ដើម្បីជួយឱ្យ ក្រុម ISI ឈ្នះក្រុមស្វាយរៀង ២-១ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។
ជាមួយលទ្ធផលនេះបានធ្វើឱ្យក្រុមកំពុងឈរនៅកំពូលតារាង ព្រះខ័នរាជស្វាយរៀងមាន៣១ពិន្ទុដដែល ខណៈភ្នំពេញក្រោនដែលឈរនៅលេខ២ មាន២៧ពិន្ទុ ហើយក្រុម ISI ដង្កោសែនជ័យ មាន២០ពិន្ទុ ចំណែកក្រុមណាហ្គាវើលដ៍ទើបតែមាន១៤ពិន្ទុ៕