ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញនូវជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការបណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋសម្រាប់ដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិការប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យស្រឡាញ់ និងថែរក្សាព្រៃឈើ។
លោក អ៊ាង សុផល្លែត បានលើកឡើងដូចនេះក្នុងជំនួបទ្វេភាគីជាមួយនឹងលោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ UN Forum on Forest (UNFF)នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
យោងតាមតេឡេក្រាមរបស់លោក អ៊ាង សុផល្លែត នៅថ្ងៃទី១០ ខែធ្នូ បានឱ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីការងាររបស់វេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) រួមទាំងលទ្ធផលរំពឹងទុកនៃសម័យប្រជុំរបស់ UNFF19 ដែលនឹងរៀបចំនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាពេលខាងមុខ រួមទាំងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀរគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។
នៅក្នុងជំនួបនោះ លោកបានបញ្ជាក់ថា ៖ «កម្ពុជាមានជំហរក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការបណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំដល់ប្រជាពលរដ្ឋដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិការប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យចូលរួមជាមួយក្រសួងបរិស្ថាន ស្រឡាញ់ និងថែរក្សាព្រៃឈើដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់រូប»។
ទន្ទឹមនឹងនោះ លោកក៏សង្កត់ធ្ងន់ដែរថា ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិផងដែរ។
លោក អ៊ាង សុផល្លែត បានបន្តថា ៖ «ក្រសួងបរិស្ថានទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត ដែលមានប្រជាជនសរុបចំនួន ៣,៤លាននាក់»។
តាមរយៈហ្វេសប៊ុកក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ក្នុងជំនួបនោះដែរ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ បានសម្តែងនូវការកោតសរសើរដល់ការផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានយុទ្ធនាការទាំងនេះឡើង។
លោកស្រីបញ្ជាក់ថា ៖ «ការដាក់ចេញនូវយុទ្ធនាការនេះគឺជាការសម្រេចចិត្ដដ៏ឆ្លាតវៃបំផុត គឺការបំផុសចលនាមហាជនឱ្យយកចិត្តទុកដាក់ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់»។
លោកស្រីក៏បានបង្ហាញពីការគាំទ្រ បញ្ជាក់ពីឆន្ទៈក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនេះ តាមរយៈការសិក្សា និងពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន ស្វាគមន៍ជានិច្ចចំពោះគ្រប់ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលមានបំណងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសគឺចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចគោលដៅដើម្បីកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោក សាន់ ម៉ាឡា មន្ត្រីផ្នែកតស៊ូមតិនៃសមាគមយុវជនកម្ពុជា(CYN) ព្រមទាំងជាសកម្មជនបរិស្ថាន បានថ្លែងនៅថ្ងៃទី១០ ខែធ្នូថា សកម្មភាពដាំដើមឈើតែ១មុខ ហើយមិនមានយន្តការមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ នឹងមិនអាចទប់ទល់ការបាត់បង់គម្របព្រៃឈើបានឡើយ ព្រោះដើមឈើដាំថ្មី ត្រូវការពេលវេលាយូរដើម្បីដុះលូតលាស់ ហើយការបាត់បង់ព្រៃឈើមានល្បឿនលឿន ដែលរឿង២ នេះមិនអាចទូទាត់គ្នាដោយតុល្យភាពបាន ខណៈរឿងដាំដើមឈើនេះ មិនមែនជារឿងថ្មីឡើយ។
លោកនិយាយថា ៖ «ដើម្បីបណ្តុះទឹកចិត្តឱ្យពលរដ្ឋស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ រដ្ឋាភិបាលត្រូវបញ្ឈប់ការលាបពណ៌ដល់អ្នកការពារបរិស្ថាន អ្នកការពារព្រៃឈើជាអ្នកប្រឆាំង ឬជាអ្នកធ្វើនយោបាយប្រឆាំង ដោយរឿងបរិស្ថានជារឿងមនុស្សជាតិទាំងមូល ហើយរដ្ឋាភិបាលគួរលើកទឹកចិត្តដល់អ្នកការពារបរិស្ថានវិញ ដែលនឹងជំរុញទឹកចិត្តពលរដ្ឋឱ្យក្លាហានចូលរួមចំណែក»។
លោកបន្ថែមថា ដើម្បីអាចមានតុល្យភាពដល់ការគ្រប់គ្រងធនធានធម្មជាតិ រដ្ឋាភិបាលគួរគិតគូរគម្រោង អភិវឌ្ឍនានានៅក្នុងតំបន់ដែលមិនបង្កការគំរាមកំហែងដល់ព្រៃឈើ និងធនធានធម្មជាតិ ផ្ទុយទៅវិញគួរអភិវឌ្ឍ និងវិនិយោគនៅក្នុងតំបន់ដីទំនេរនានា ចៀសវាងមកអភិវឌ្ឍនៅតំបន់ព្រៃឈើ ហើយរដ្ឋាភិបាលត្រូវធានាដល់សិទ្ធិការពារបរិស្ថានរបស់ពលរដ្ឋ ជាពិសេសសកម្មជនបរិស្ថាន៕