ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មឌូបៃ គ្រោងនឹងរៀបចំឱ្យមានវេទិការវាងផ្នែកឯកជនកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខ ដែលជាវេទិកានឹងនាំឱ្យវិនិយោគិន និងផ្នែកឯកជននៃប្រទេសទាំង២អាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម។
នេះគឺជាលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសភាពាណិជ្ជកម្មឌូបៃ លោក Marwan Al Marri ដែលជានាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែធ្នូ នេះ ក៏មានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជាផងដែរ ។
តាមរយៈហ្វេសប៊ុកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Marwan Al Marri បានលើកឡើងថា កន្លងមក សមាជិករបស់សភាពាណិជ្ជកម្មឌូបៃ បានធ្វើសកម្មភាពវិនិយោគច្រើននៅក្នុងតំបន់ ដោយក្នុងនោះសភាពាណិជ្ជកម្មឌូបៃដើរតួរនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ីនេះ។
លោក Marwan បានថ្លែងថា៖ «កិច្ចពិភាក្សាដ៏មានសារៈសំខាន់នៅក្នុងថ្ងៃនេះ គឺឈរលើទស្សនវិស័យវិជ្ជមាននៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ»។
ឆ្លើយតបលើការលើកឡើងនេះស៊ុន ចាន់ថុល ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅរាល់កិច្ចការងារវិនិយោគ និងពាណិជ្ជកម្មដែលសភាពាណិជ្ជកម្មឌូបៃ តំណាងឱ្យអាជីវកម្មផ្សេងៗគ្នាមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នានេះ។
លោកបានបញ្ជាក់ថា៖«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរវាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជូនផ្នែកឯកជន ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមឧកញ៉ាកម្ពុជា ដែលជាតួអង្គវិនិយោគិនផ្ទាល់ផងដែរ»។
អ្នកនាំពាក្យ និងជាតំណាងសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន ឡាក់ ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានេះ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១០ ខែធ្នូ ថា ជំនួបនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចង់ឱ្យវិស័យឯកជន មានការកសាងបណ្តាញទំនាក់ទំនងជាមួយវិនិយោគិនបរទេស។
លោកបានបញ្ជាក់ថា៖«កិច្ចប្រជុំនេះក៏បានពិភាក្សាគ្នាដែរថា ធ្វើយ៉ាងណាដើម្បីឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាដើម្បីទាក់ទងគ្នារវាងភាគីទាំងសងសងខាង រវាងសមាគមឧកញ៉ាកម្ពុជា និងខាងសភាពាណិជ្ជកម្មឌូបៃហើយភាគីខាងឌូបៃ គេបានសន្យាថា ឱ្យមានជំនួបធុរកិច្ចរវាងប្រទេសទាំង២ ដើម្បីពិភាក្សាគ្នាលើការវិនិយោគនៅក្នុងប្រទេសទាំង២»។
លោកបានបន្ថែមថា នេះគឺជារឿងសំខាន់ណាស់ ព្រោះវាជាបេសកកម្មរបស់សមាគឧកញ៉ាកម្ពុជា ក្នុងការលើកឧត្តមភាព និងគុណតម្លៃសម្រាប់ងារជាឧកញ៉ា នៅកម្ពុជា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ទៀតថា៖«សមាគមយើងទទួលបាននូវការទទួលស្គាល់ ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ជាមួយស្ថាប័នក្រសួង និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើនទំនាក់ទំនងគ្នា និងការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនក្នុងនិងក្រៅប្រទេសផងដែរ។ ដូចនេះវេទិការវាងផ្នែកឯកជនរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេលខាងមុខនេះ នឹងផ្តល់ឱកាសឱ្យយើងពង្រីកបណ្តាញទំនាក់ទំនងវិនិយោគបន្ថែមទៀតនៅទីផ្សារក្រៅប្រទេស»។
សូមរំឮឭកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ទើបតែត្រូវបានចុះហត្ថលេខា កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីបើកទីផ្សារកម្ពុជាកាន់តែធំជាងមុន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដែលចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្ពុជា នាពេលកន្លងទៅ ធ្លាប់បានប្រកាសថា កម្ពុជានឹងមានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។
ក្រសួងបន្តថា ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះកម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអាទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ៕