ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ។
ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អន្តរជាតិ។
យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរ ដូចជា សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម, វេទិកាធុរកិច្ច និងវិនិយោគ, កម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម, កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ១០ ខែធ្នូថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រចាំឆ្នាំតែ១គត់ ដែលបានរៀបចំ និងចាត់ចែងដោយក្រសួងពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។
ពិព័រណ៍នេះបានកំណត់កាលបរិច្ឆេទរៀបចំចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ជារៀងរាល់ឆ្នាំ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលគោលបំណងរបស់ក្រសួង គឺបង្កើត និងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឱ្យបានផុលផុស ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការងារ លើកកម្ពស់ផលិតផល និងសេវាក្នុងស្រុក និងចូលរួមក្នុងគ្រោងការណ៍សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖«ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ នឹងជួយលើកទឹកចិត្តផលិតករកម្ពុជាខិតខំបន្ថែមទៀត ក្នុងការធ្វើទំនើបកម្មផលិតកម្ម និងអភិវឌ្ឍន៍ផលិតផល និងសេវាសម្រាប់បម្រើទីផ្សារ និងជាវេទិកាសម្រាប់ការជួបជុំរវាងគ្រប់ភ្នាក់ងារពាក់ព័ន្ធសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតសកម្មភាពពាណិជ្ជកម្ម រវាងសហគ្រាសកម្ពុជា និងអន្តរជាតិ»។
ស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយលីលី លោកស្រី កែវ មុំ ជា បានថ្លែងនៅថ្ងៃទី១០ ខែធ្នូថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលម្ចាស់សហគ្រាសផលិតនៅក្នុងស្រុក មិនគួរមើលរំលង ព្រោះវាជាឱកាសមួយដែលបង្ហាញពីផលិតផលរបស់ខ្មែរ និងទាក់ទាញស្វែងរកដៃគូវិនិយោគ ពីបណ្តាក្រុមហ៊ុនសហគ្រាសនានា ដែលគេចង់ចាប់ដៃគូ។
លោកស្រីបានបន្ថែមថា វាមិនមែនត្រឹមតែជាពិព័រណ៍ដាក់តាំងបង្ហាញផលិតផលក្នុងស្រុកប៉ុណ្ណោះទេ តែវាក៏ជាវេទិកា ជំនួបរវាងវិនិយោគិនក្នុងស្រុក ជាមួយនឹងវិស័យឯកជនដូចគ្នា និងវិស័យរដ្ឋ ដែលភាគីទាំង២អាចលើកឡើងពីបញ្ហាប្រឈមនានា ដល់រាជរដ្ឋាភិបាល ក្នុងការជួយរកដំណោះស្រាយ។
លោកស្រីបានថ្លែងថា ៖«និយាយទៅ យើងមិនដែលខកខាន ឆ្នាំណាទេ ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ យើងប្រើប្រាស់ពិព័រណ៍ ដើម្បីតាំងបង្ហាញពីផលិតផលរបស់យើង ឱ្យសាធារណជនបានដឹងថា បច្ចុប្បន្ននេះ សហគ្រាសក្នុងស្រុក មានសមត្ថភាពផលិតបានផលិតផលមានគុណភាពច្រើនណាស់ មិនចាញ់ប្រទេសជិតខាងយើងឡើយ»។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ ក្រសួងពាណិជ្ជកម្ម បានដាក់បញ្ចូលសកម្មភាពពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្រិតអន្តរជាតិនេះ ជារបៀបវារៈអាទិភាពមួយ ក្នុងការចាប់យកឱកាសទីផ្សារ ជំរុញការនាំចេញផលិតផល និងសេវា និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយអន្តរជាតិ៕