ភ្នំពេញៈ រដ្ឋបាលជលផល និងអង្គការអភិរក្ស បានលើកឡើងថា អណ្ដើកហ្លួង នឹងត្រូវធ្លាក់ចុះដោយសារការទន្ទ្រានដី ព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល និងការនេសាទខុសច្បាប់ខណៈដែលស្ថាប័នពាក់ព័ន្ធកំពុងបង្កើនការងារចុះល្បាត និងបង្កើនការបង្កាត់ពូជអណ្ដើកហ្លួង។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១០ ខែធ្នូថា សព្វថ្ងៃនេះ អណ្ដើកហ្លួង គឺលែងរងសម្ពាធពីការបូមខ្សាច់ទៀតហើយ ដោយសារអាជ្ញាធរបានចុះទៅបង្ក្រាបជនល្មើស និងមិនឱ្យមានសកម្មភាពបូមខ្សាច់បន្តឡើយ។ ទោះបីមិនមានសកម្មភាពបូមខ្សាច់ដែលធ្វើឱ្យប៉ះពាល់ដល់អណ្ដើកហ្លួងក៏ពិតមែន ប៉ុន្តែបែរជាមានសកម្មភាពទន្ទ្រានដីព្រៃនៅតាមមាត់ព្រែកដែលអណ្ដើកហ្លួងកំពុងរស់នៅ ហើយក្រៅពីនេះក៏មានបទល្មើសនេសាទខុសច្បាប់ផងដែរ។
ស្របពេលដែលមានបទល្មើសនេសាទខុសច្បាប់ និងការទន្ទ្រានព្រៃលិចទឹក បច្ចុប្បន្ននេះ ខាងរដ្ឋបាលជលផល បានបង្កើនសកម្មភាពការងារអភិរក្សដូចជា៖ ការចុះល្បាត ការលែងអណ្ដើកហ្លួងឱ្យត្រឡប់ទៅវិញ និងការអប់រំផ្សព្វផ្សាយទៅដល់សហគមន៍ ក៏ដូចជាការបង្កើនការភ្ញាស់ពងអណ្ដើកហ្លួងនៅតាមមជ្ឈមណ្ឌលអភិរក្ស។
លោក អ៊ុក វិបុល បានបន្តថា ជាពិសេស គឺការបង្កើនមុខរបរចិញ្ចឹមជីវិតទៅដល់សហគមន៍ ដើម្បីកុំឱ្យពួកគាត់ពឹងផ្អែកទាំងស្រុងពេកទៅលើមុខរបរការធ្វើនេសាទ។
លោកបានថ្លែងថា៖ «ដូច្នេះ វត្តមានអណ្ដើកហ្លួង គឺបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាយើងដែលអាចអភិរក្សអណ្ដើកហ្លួងឱ្យនៅសេសសល់មកដល់បច្ចុប្បន្ននេះខណៈដែលប្រទេសគេផ្សេងៗដែលមានពីមុនមក គឺបានផុតពូជអស់ហើយ ប៉ុន្តែផ្ទុយទៅវិញយើងអាចបង្កើនការចិញ្ចឹមជាពិសេសគឺការបង្កាត់ភ្ញាស់នៅតាមមជ្ឈមណ្ឌលរបស់យើង ដែលនៅឆ្នាំនេះ គឺបានទទួលពងច្រើន ហើយក៏ភ្ញាស់កូនច្រើនផងដែរ»។
វត្តមានអណ្ដើកហ្លួង ក៏ជាសូចនាករមួយដែលបង្ហាញពីគុណភាពទឹកដែលមិនមានការបំពុល និងបង្ហាញពីជីវចម្រុះដ៏សម្បូរបែបនៅពេលមានអណ្ដើកហ្លួងរស់នៅហើយជាពិសេសនៅពេលដែលមានការអភិរក្ស បង្កាត់ភ្ញាស់ឱ្យបានច្រើន នោះវាអាចទាក់ទាញភ្ញៀវទេសចរក្នុងពេលអនាគត។
លោក អ៊ុក វិបុល បញ្ជាក់ថា៖ «យើងកំពុងគិតថា ទៅពេលអនាគត យើងនឹងពង្រីកស្ថានីយមជ្ឈមណ្ឌលរបស់យើងឱ្យធំ និងលែងអណ្ដើកហ្លួងចូលព្រៃធម្មជាតិឱ្យច្រើន នោះធ្វើឱ្យប្រជាពលរដ្ឋយើង គាត់អាចនឹងបង្កើតតំបន់អេកូទេសចរណ៍ ដើម្បីជួយជីវភាពរបស់ពួកគាត់ឱ្យប្រសើរឡើង»។
បើតាមលោក អ៊ុក វិបុល ក្នុងឆ្នាំ ២០២៣ នេះ មន្ត្រីអភិរក្ស បានភ្ញាស់ពងរបស់អណ្ដើកហ្លួង បានកូនចំនួនជាង ២០០ ក្បាល ហើយក៏បានលែងមេពូជអណ្ដើកហ្លួងចូលទៅក្នុងព្រៃធម្មជាតិបានចំនួនជាង ១០០ ក្បាល ចំណែកនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២០០ ក្បាលផងដែរ។
ដូច្នេះទាំងកូនអណ្ដើកហ្លួង ទាំងមេអណ្ដើកហ្លួងនៅក្នុងមជ្ឈមណ្ឌលអភិរក្ស និងអណ្ដើតហ្លួងដែលលែងចូលព្រៃធម្មជាតិ មានចំនួនសរុបប្រមាណ ៥០០ ក្បាល។ ទន្ទឹមនឹងនោះ អណ្ដើកហ្លួង ក៏បានបែងចែកទៅតំបន់អង្គរក្នុងខេត្តសៀមរាប ទៅស្ថានីយវារីវប្បកម្មក្នុងខេត្តកណ្ដាលផងដែរ ដែលការបែងចែកនេះ គឺដើម្បីគិតគូរប្រសិនជាមានតំបន់ណាមួយដែលអណ្ដើកហ្លួងរស់នៅ មានហានិភ័យ គឺវាអាចនៅសល់កន្លែងផ្សេងទៀត។
លោក ធន ផុន ប្រធានក្រុមអភិរក្សអណ្ដើកហ្លួង និងក្រពើត្រី នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជាក៏បានឱ្យដឹងដែរថា ពពួកសត្វអណ្ដើកហ្លួងជាសត្វ ១ ប្រភេទ ក្នុងចំណោមពពួកសត្វអណ្តើក និងអណ្តើកទឹកសាបចំនួន ២៥ ប្រភេទដែលជិតផុតពូជបំផុតរបស់ពិភពលោក។
នៅកម្ពុជាប្រភេទសត្វនេះត្រូវបានគេជឿថា ផុតពូជបាត់ទៅហើយរហូតដល់ឆ្នាំ ២០០០ នៅពេលដែលប្រជាជនមួយចំនួនបានរកឃើញវាឡើងវិញនៅក្នុងទន្លេស្រែអំបិល ជាមួយនឹងក្រុមការងាររដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ។
លោក ធន ផុន បានបញ្ជាក់ថា៖ «ប្រភេទសត្វនេះអាចនឹងត្រូវធ្លាក់ចុះដោយសារការបំផ្លិចបំផ្លាញទីជម្រកធម្មជាតិ ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃនៅតាមដងព្រែកក្នុងប្រព័ន្ធស្រែអំបិល ការនេសាទខុសច្បាប់ ក៏ដូចជាការអភិវឌ្ឍតាមមាត់ទន្លេ ជាពិសេសការបូមខ្សាច់ ដែលថ្មីៗនេះ រដ្ឋបាលជលផល បានសហការជាមួយខាងអាជ្ញាធរដែនដី ចុះបង្ក្រាបបានមួយចំនួនផងដែរ ប៉ុន្តែវានៅតែកើតបន្តមានជារឿយៗដែរ»។
បើតាមលោក ធន ផុន បច្ចុប្បន្ននេះការងារអភិរក្សអណ្ដើកហ្លួង គឺខាងអង្គការរបស់លោក និងអាជ្ញាធរបានចាប់ផ្តើមកម្មវិធីបង្កាត់ពូជសត្វអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដែលកម្មវិធីនេះធ្វើឡើងបានជោគជ័យរយៈពេល ៣ ឆ្នាំមកហើយ ខណៈដែលឆ្នាំនេះ ជាឆ្នាំទី៤ ដែលកម្មវិធីបង្កាត់ពូជសត្វអណ្ដើកហ្លួង បានទទួលពងច្រើន និងភ្ញាស់កូនច្រើន៕