ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី ៨ ខែធ្នូ បានរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» លើកដំបូងនៅទីស្ដីការក្រសួងដើម្បីឱ្យមានការជួបគ្នារវាងសហគមន៍អ្នកផលិត កែច្នៃកសិផលជាមួយនឹងអ្នកជំនួញផ្សេងៗ ពិសេសបង្ហាញផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជាសំដៅពង្រឹង និងពង្រីកទីផ្សារ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅក្នុងពិធីនោះថា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់បានចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបានចូលរួមភ្លក្សម្ហូបអាហារធ្វើពីផលិតផលខ្មែរដែលមានគុណភាព ដាក់តាំងពិព័រណ៍នៅទីនោះ។ លោកថា តាមរយៈរដូវកាលបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ក្រសួងកសិកម្មក៏បានរៀបចំឱ្យមានជាកម្មវិធី ដាល់អំបុក ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ បានស្គាល់ និងបានភ្លក្សរសជាតិមួយគ្នាផងដែរ។
លោកថ្លែងថា៖ «ថ្ងៃនេះជាឱកាសដែលយើងចង់បង្ហាញ ហើយនិងដាក់ឱ្យជួបគ្នារវាងអ្នកផលិតកសិផល អ្នកកែច្នៃកសិផល ជាមួយអ្នកជំនួញផ្សេងៗដើម្បីយើងពង្រឹង និងពង្រីកទីផ្សារ ហើយដូចគ្នានេះដែរក៏បង្ហាញទៅដល់មិត្តទាំងអស់ដែលជាដៃគូក្នុងការអភិវឌ្ឍឱ្យឃើញពីអ្វីដែលយើងបានរៀបចំជាគម្រោងជាមួយគ្នាកន្លងមក»។
លោកហ៊ុន យ៉ាដាណា តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានឱ្យដឹងថា កម្មវិធី «កសិកម្ម វាលបៃតង» គឺជាកម្មវិធីមួយដ៏សំខាន់សម្រាប់អ្នកវិទ្យាសាស្ត្រ ដែលបានបង្កើតលទ្ធផលដ៏ច្រើន ហើយបានចូលរួមបង្ហាញចាប់តាំងពីការចាប់ផ្តើមស្រាវជ្រាវបែបវិទ្យាសាស្ត្រ រហូតដល់ការផ្សព្វផ្សាយលទ្ធផល ការជំរុញផលិតកម្ម និងការអភិវឌ្ឍទីផ្សារដើម្បីបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែចង្វាក់សេដ្ឋកិច្ចស្បៀងបច្ចុប្បន្ន។
លោកថ្លែងថា៖ «ពូជស្រូវ និងអង្ករដែលយើងដាក់បង្ហាញនេះ សុទ្ធតែមានការបញ្ជាក់ពីកម្រិតអាហារូបត្ថម្ភ ដែលយើងបានវិភាគ ហើយទទួលស្គាល់ដោយមន្ទីរពិសោធន៍លំដាប់អន្តរជាតិដែលយើងបានធ្វើកន្លងមក»។
លោក ហ៊ុន វត្ថា តំណាងសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានឱ្យដឹងដែរថា កម្មវិធី «កសិកម្មវាលបៃតង» ដែលរៀបចំដោយក្រសួងកសិកម្មនេះ ជាឱកាសសម្រាប់សហគមន៍ក៏ដូចជាកសិករ និងក្រុមហ៊ុនដៃគូដែលធ្វើការលើវិស័យកសិកម្ម ទាំងអស់មានឱកាសបានបង្ហាញដល់ប្រជាជនក៏ដូចជាដៃគូពាក់ព័ន្ធនានាថា ខ្លួនអាចផលិតបានល្អ។
លោកថ្លែងថា៖«កន្លងមកបងប្អូនគាត់ឃើញល្អអ៊ីចឹង តែងគិតថា អាហ្នឹងបន្លែរបស់វៀតណាម ឬរបស់ចិនអ៊ីចឹងទៅ ប៉ុន្តែតាមពិតជាក់ស្តែងយើងដាំនៅក្នុងស្រុក ដែលមានសហគមន៍ ឬក៏មានកសិករ គាត់មានលទ្ធភាពក្នុងការដាំ»។
លោក ជា វិសាល តំណាងក្រុមហ៊ុន KC Food បានបង្ហាញការគាំទ្រដល់ក្រសួងកសិកម្ម ដែលបានរៀបចំកម្មវិធីនេះឡើង ហើយជាមួយគ្នានោះលោកក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់ ងាកមកចាប់អារម្មណ៍ផលិតផល ដោយផ្តោតលើសុវត្ថិភាព គុណភាព ចំណីអាហារ ដែលទទួលស្គាល់ដោយប្រព័ន្ធវិភាគគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ (HACCP) ក៏ដូចជាការទទួលស្គាល់ដែលមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ផងដែរ។
ចំណែកលោក ហេង ឆាយ នាយកកសិដ្ឋានអេកូទេសចរណ៍ ចម្ការម្រេច ផ្លែឈើ កសិដ្ឋានសត្វ ខេត្តកែប បានឱ្យដឹងថា តាមរយៈកម្មវិធី «កសិកម្ម វាលបៃតង» នេះ កសិដ្ឋានរបស់លោកបាននាំយកផលិតផលម្រេចស្តង់ដាអឺរ៉ុបដែលមានវិញ្ញាបនបត្រ GI បញ្ជាក់ពីសហគមន៍អឺរ៉ុប ដែលមាន ៣ ពណ៌ គឺក្រហម ស និងខ្មៅ ព្រមទាំងមានម្រេចជ្រក់ផ្កាអំបិល ដែលផលិតដោយស្នាដៃកូនខ្មែរទៀតផង។ បន្ថែមលើនេះ លោកក៏បានដាក់បង្ហាញផលិតផលកសិផលក្រោយប្រមូលផលដែលមានផ្លែឈើ ៣ ប្រភេទទៀតគឺ ក្រូចថ្លុង ត្របែកពូជភ្នំវល្លិ៍ និងខ្នុរការ៉ុត។
លោកបញ្ជាក់ថា៖«ផលិតផលទាំងអស់នេះ យើងផ្គត់ផ្គង់ក្នុងស្រុក ហើយកន្លែងរបស់ខ្ញុំ ក៏មានជាលក្ខណៈអេកូទេសចរណ៍ អ៊ីចឹងភ្ញៀវគាត់អាចទៅបេះដោយផ្ទាល់ដៃ»៕