ភ្នំពេញៈ កម្ពុជាបានជំរុញឱ្យសន្និសីទកំពូលអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ចាប់ផ្តើមដាក់ចេញកិច្ចសហការជាសកលពុំដែលធ្លាប់មាន ដើម្បីអន្តរាគម៍ដោះស្រាយវិបត្តិអាកាសធាតុឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុខុមាលភាពសហគមន៍ និងសុខភាពភពផែនដី ខណៈកម្ពុជាប្តេជ្ញាចិត្តជាថ្មីក្នុងការដើរនាទីសំខាន់ក្នុងកិច្ចប្រឹងប្រែងជាសកលនេះ។
ការជំរុញ និងការប្តេជ្ញាចិត្តរបស់កម្ពុជាធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅក្នុងសន្និសីទកំពូលអាកាធាតុ COP28 នាទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣។
តាមរយៈសុន្ទរកថា លោក អ៊ាង សុផល្លែត បានថ្លែងថា ក្នុងនាមកម្ពុជាជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍ពិភពលោក កម្ពុជាប្តេជ្ញាចិត្តដើរនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីដោះស្រាយជាបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកអាកាសធាតុទោះបីកម្ពុជាបញ្ចេញឧស្ម័នទាបក្ដី ប៉ុន្តែកម្ពុជាយល់ច្បាស់ពីផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិនៃការប្រែប្រួលអាកាសធាតុនេះ។
លោកបញ្ជាក់ថា៖ «កម្ពុជារួមនឹងប្រជាជាតិដទៃទៀតបានឈានទៅមុខចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ទោះជាយ៉ាងណាក៏ដោយ ការបំភាយឧស្ម័ននៅតែខ្ពស់ពេកដើម្បីការពារកុំឱ្យសីតុណ្ហភាពកើនឡើងលើសពីកម្រិតនៃ ១,៥ អង្សារសេ»។
រដ្ឋមន្ត្រីបរិស្ថានបានបង្ហាញជំនឿជឿជាក់ថា ការប្តេជ្ញាចិត្តក្នុងទំហំទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ ត្រូវតែជាអាទិភាពចម្បងក្នុងការដោះស្រាយវិបត្តិអាកាសធាតុជាសកល ហើយពិភពលោកត្រូវសម្រេចមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័ន ក៏ដូចជាពន្លឿនសកម្មភាពសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការគិតគូរចំពោះការបាត់បង់និងខូចខាតនានា។
លោក អ៊ាង សុផល្លែត ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាពីការចូលរួមទប់ស្កាត់វិបត្តិអាកាសធាតុ តួយ៉ាងកិច្ចខិតខំលើអន្តរកម្មថាមពលស្អាត ការសម្រេចបានសមត្ថភាពថាមពលកកើតឡើងវិញចំនួន ៦២ ភាគរយ ការលុបគម្រោងថាមពលធ្យូងថ្មក្នុងស្រុកទំហំ ៧០០ មេហ្គាវ៉ាត់ ជាពិសេសកម្ពុជាបានអភិវឌ្ឍបណ្តាញថាមពលក្នុងតំបន់សម្រាប់ការចែកចាយថាមពលកាបូនទាបកាន់តែប្រសើរ ហើយកម្ពុជាក៏កំពុងងាកទៅរកការនាំចេញថាមពលស្អាតផងដែរ ពោលគឺទៅកាន់ប្រទេសសិង្ហបុរីផង។
លើសពីនេះទៀត លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ប្រាប់អន្តរជាតិពីបំណងដែលកម្ពុជាចង់បង្កើនចំណែកថាមពលកកើតឡើងវិញរហូតដល់ ៧០ ភាគរយនៅឆ្នាំ ២០៣០ បំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនី ១៩ ភាគរយនៅឆ្នាំ ២០៣០ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការមិនសាងសង់វារីអគ្គិសនីនៅលើដងទន្លេមេគង្គជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការដោះស្រាយវិបត្តិអាកាសធាតុជារឿងសកលដែលត្រូវមានការចូលរួមពីគ្រប់ភាគីប្រទេស ខណៈកម្ពុជាក៏បានចូលរួមចំណែកច្រើនក្នុងកិច្ចការនេះ ទោះបីកម្ពុជាមិនមែនជាប្រទេសបញ្ចេញឧស្ម័នច្រើនក្តី។
លោកបានប្រាប់ថា៖ «រដ្ឋាភិបាលបានប្រឹងប្រែងបង្កើតតំបន់ការពារធនធានធម្មជាតិរហូត ៧៣ កន្លែងប្រមាណ ៤១ ភាគរយនៃផ្ទៃដីប្រទេសស្មើនឹង ៧ លានហិកតាដើម្បីការពារព្រៃឈើដែលជាអ្នកស្រូបឧស្ម័នបង្កហានិភ័យដល់វិបត្តិអាកាសធាតុ។ រដ្ឋាភិបាលក៏ប្តេជ្ញាចិត្តប្រើប្រាស់ថាមពលស្អាត ហើយកាត់បន្ថយការប្រើធ្យូងថ្ម ហើយក្រៅពីនេះ យើងមានយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ជាដើមផង»។
លោក សាម អ៊ីន បានបន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាលក៏បានគិតគូរយន្តការជួយសហគមន៍ផងដែរពីការរងគ្រោះពីបញ្ហានេះ ដោយអប់រំ និងបណ្តុះបណ្តាលសហគមន៍បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដូចជាការជួយកសិករឱ្យយល់ដឹងពីការជ្រើសរើសដំណាំ និងពូជសត្វជាដើម ដើម្បីសម្របនឹងការប្រែប្រួលអាកាសធាតុនេះផង។
ដោយឡែក លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមយុវជនកម្ពុជា (CYN) សាទរចំពោះការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងវិបត្តិអាកាសធាតុក្នុងសន្និសីទ COP28 នេះ ជាពិសេសការលុបចោលគម្រោងថាមពលដើរដោយធ្យូងថ្មដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ក៏ដូចជាកាត់បន្ថយរយៈពេលដំណើរការរោងចក្រថាមពលធ្យូងថ្ម។
ទោះជាយ៉ាងណា លោកមិនសាទរចំពោះការប្រើប្រាស់ថាមពលដើរដោយទំនប់វារីអគ្គិសនី នៅតំបន់ខ្លះទេ ដោយលោកថា វាបង្កការបំផ្លាញជីវចម្រុះ ធនធាន ធម្មជាតិ ប៉ុន្ដែលោកលើកទឹកចិត្តឱ្យប្រើថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យតាមតំបន់អាទិភាព។
លោកថា៖ «ដើម្បីទប់ស្កាត់វិបត្តិអាកាសធាតុ កម្ពុជាគួរបង្កើនការពារព្រៃឈើ ដោយកន្លងមកព្រៃឈើរបស់កម្ពុជារងការកាប់បំផ្លាញ ការដឹកជញ្ជូនទៅក្រៅប្រទេស កម្ពុជាត្រូវបង្កើនការប្តេជ្ញាចិត្ត ជាពិសេសសហការជាមួយដៃគូពាក់ព័ន្ធ។ យើងត្រូវពង្រឹងវិធានការច្បាប់ទៅលើអ្នកបំផ្លាញធនធានធម្មជាតិ ជាយន្តការល្អបំផុត»៕