ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខណៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស ៧៥» នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដែលធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១០ ខែធ្នូ។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសរសេរលើបណ្តាញតេឡេក្រាមរបស់លោកនាថ្ងៃទី ១០ ខែធ្នូថា៖ «អបអរសាទរខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំឭកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសរសេរលើបណ្តាញសង្គមរបស់លោកដែរថា ៖ «អបអរសាទរខួបលើកទី៧៥ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY)»។
ជាមួយគ្នានេះលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូទៅប្តេជ្ញាចិត្តពីការអនុវត្តគោលនយោបាយគាំពារសង្គមនិងសេវាសុខភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅចំពោះមុខឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងចូលរួមអបអរសាទរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ក្រោមប្រធានបទ «ខួប ៧៥ ឆ្នាំ» នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
លោក កែវ រ៉េមី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ព្រឹត្តិការណ៍កម្រិតខ្ពស់នេះនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើ «ការពង្រឹងការគាំពារសង្គម» ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត។
លោកថ្លែងថា៖ «ខ្ញុំមានមោទនភាព ដែលសម្តេចធិបតីហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យកម្ពុជាបញ្ចេញមុខមាត់នៅលើយន្តការចំពោះមុខប្រទេសផ្សេងៗលើការប្តេជ្ញាចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងការគាំពារសង្គម ជាពិសេសផ្តោតលើសេវាសង្គម តាមរយៈការការពង្រីកសេវាសុខភាព ដើម្បីគ្របដណ្តប់ជាសកល»។
ជាមួយគ្នានោះដែរ លោក កែវ រ៉េមី សង្ឃឹមថា តាមរយៈសេវាសុខភាព និងការគាំពារសង្គមនឹងធ្វើឱ្យអាយុកាលរបស់ប្រជាពលរដ្ឋកម្ពុជា នឹងមានអាយុវែង និងទទួលបានផលប្រយោជន៍ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី ៧ នេះ។
បើតាមលោក កែវ រ៉េមី ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះប្រជាពលរដ្ឋប្រមាណ៩លាននាក់ទទួលបានផលប្រយោជន៍សេវាសុខភាព រួមមានប្រជាពលរដ្ឋក្រីក្រ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាដើម។ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្តោតលើយុវជន មកពីគ្រួសារក្រីក្រនិងមានហានិភ័យ ១,៥ លាននាក់ ក៏ទទួលបានការបណ្តុះបណ្តាលជំនាញ ដើម្បីធានានូវមុខរបរការងាររបស់ពួកគេក្នុងការចិញ្ចឹមជីវិតតាមរយៈការរៀបចំយន្តការអប់រំយុវជន ពីថ្នាក់ទី ៩ឡើងទៅសម្រាប់អ្នកស្ម័គ្រចិត្ត។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា ក្នុងឱកាសខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន ក៏បានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យនិង មានការដើរហែក្បួនផងដែរដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានពេញលេញ។ លោកថា ក្នុងរយៈពេល ១០០ ថ្ងៃ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ មិនទាន់ឃើញមានវឌ្ឍនភាពនៃការអនុវត្តសិទ្ធិមនុស្សនៅឡើយទេ។
លោកថ្លែងថា៖ «បើនិយាយពីសិទ្ធិមនុស្សមកដល់ពេលនេះយើងជាអង្គការសង្គមស៊ីវិលមិនទាន់មានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែស្ថិតនៅក្នុងការរិះគន់ជាបន្តបន្ទាប់នៅឡើយទេ»។
ចំពោះការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើ «ការពង្រឹង ការគាំពារសង្គម» នៅចំពោះមុខឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសស្វ៊ីសលោក អំ សំអាត បញ្ជាក់ថា៖ «អ្វីៗមិនអាចស្ថិតនៅលើការប្តេជ្ញាចិត្តនោះទេ គឺយើងត្រូវមើលទៅលើការអនុវត្តជាក់ស្តែងនៅពេលខាងមុខ»។
លោក ប៉ែន បូណា អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» កាលពីថ្ងៃ ៧ ធ្នូថា សិទ្ធិសេរីភាពនៅកម្ពុជាមានវិសាលភាពទូលំទូលាយណាស់ ប៉ុន្តែអ្វីដែលនៅសេសសល់គឺការប្រើសិទ្ធិសេរីភាពប្រកបដោយទំនួលខុសត្រូវ។
លោកលើកឡើងថា៖ «បើនិយាយពីសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិលនៅប្រទេសកម្ពុជាយើង បក្សនយោបាយមានរាប់សិបត្រូវបានបង្កើតឡើង និងចូលរួមការបោះឆ្នោត។ អង្គការក្រៅរដ្ឋាភិបាល សហជីពមានពី ៥ ពាន់ទៅ ៦ ពាន់អង្គភាពត្រូវបានបង្កើតឡើង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា។ សារព័ត៌មានជាង ២ ពាន់អង្គភាព និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់កំពុងបំពេញការងារ បូករួមនឹងបណ្តាញសង្គមគ្រប់ប្រភេទដោយប្រើដោយសេរីផងដែរ»។
លោកថា ប្រជាពលរដ្ឋគឺមានសិទ្ធិសេរីភាពដើរហើរគ្រប់ពេលវេលា ចំណែកឯសិទ្ធិសេរីភាពនៃការបញ្ចេញមតិ គឺមានគ្រប់បែបយ៉ាង។ «និយាយរួមសិទ្ធិសេរីភាពនេះមានវិសាលភាពធំធេងណាស់នៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែអ្វីដែលនៅសេសសល់ដែលនៅកើតឡើងចុងក្រោយជាបញ្ហា គឺនៅត្រង់ការទទួលខុសត្រូវថាតើយើងចេះប្រើសិទ្ធិរបស់យើងឱ្យបានត្រឹមត្រូវហើយឬនៅ»៕