ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសថា ចាប់ពីឆ្នាំ ២០២៤ តទៅ ភាគទានដែលមាតាបិតាធ្លាប់បង់សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មី (NGS) លែងជាកាតព្វកិច្ចទៀតហើយ ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី ប៉ុន្តែសាលារៀននៅតែអាចបន្តទទួលភាគទានពីសប្បុរសជនក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើងថា គិតត្រឹមឆ្នាំ ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣ កន្លែង ក្នុងនោះសាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។
ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះ សរុបថវិកា ១២,៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានបណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវឱ្យបង់ភាគទាននោះទេ។
ក្រសួងបានបញ្ជាក់ថា ៖ «ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដាក់ចេញនូវគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី ដោយ សាលារៀនជំនាន់ថ្មី ដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដដែល ប៉ុន្តែចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី»។
ក្រសួងបានបន្តទៀតថា៖ «ទោះជាយ៉ាងនេះក្តី សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាព ផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាព (Centre of Excellence) ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌»។
ក្នុងន័យនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្តរាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាននិងកំពុងអនុវត្តរួចហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ បានបញ្ជាក់ទៀតថា ៖ «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍នៅបន្តលើកទឹកចិត្តឱ្យអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងដូចជា ការពិនិត្យតាមដានកម្មវិធីសិក្សា តាមដានការអនុវត្តរបស់សាលារៀន និងចូលរួមប្រជុំផ្សេងៗ»។
សាលារៀនជំនាន់ថ្មី មានគោលដៅផ្តល់ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្ស មានបំណិនសតវត្សរ៍ទី ២១ ក្នុងនោះគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមាន៖ សីលធម៌ និងស្តង់ដា វិជ្ជាជីវៈខ្ពស់, គណនេយ្យភាពនិងនវានុវត្តន៍, ចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន, និងចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី។
លោកសូរ វិស្ណុ ពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅដែលមានកូនស្រីម្នាក់កំពុងរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី (NGS) បានថ្លែងថា លោក មានភាពសប្បាយរីករាយចំពោះសេចក្តីប្រកាសរបស់ក្រសួងអប់រំ។
លោកថា៖«បើចាប់ពីឆ្នាំ ២០២៤ តទៅការបង់ភាគទាន លែងជាកាតព្វកិច្ចសម្រាប់មាតាបិតាសិស្សនៅសាលារៀនជំនាន់ថ្មីទៀត នោះគឺជាការជួយសម្រាលបន្ទុកមួយផ្នែកសម្រាប់ឪពុកម្តាយដែលកំពុងមានជីវភាពខ្វះខាតដូចខ្ញុំ។ និយាយទៅខ្ញុំពេញចិត្តណាស់ចំពោះកម្មវិធីសិក្សាបែបទំនើបនៅសាលារៀនជំនាន់ថ្មី»។
បើតាមលោកសូរ វិស្ណុ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ឪពុកម្តាយសិស្សនៅសាលា NGS ត្រូវបានតម្រូវឱ្យបង់ភាគទានយ៉ាងតិច ៣៣០ ដុល្លារក្នុង ១ ឆ្នាំសម្រាប់សិស្សប្រឡងជាប់ដែលទៅរៀននៅសាលាផ្ទាល់ពេញ ១ ថ្ងៃ និងបង់ភាគទានយ៉ាងតិច ៦០០ ដុល្លារ សម្រាប់សិស្សប្រឡងធ្លាក់ត្រូវរៀនថ្នាក់ អនឡាញផ្លើស (Online Plus) ដែលត្រូវរៀនតាមអនឡាញនៅផ្ទះ ៤ ម៉ោងនិងរៀនផ្ទាល់នៅសាលា ៣ ម៉ោងក្នុង ១ ថ្ងៃ។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងនៅថ្ងៃទី ១០ ខែធ្នូ ដោយលោកគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍ក្នុងការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មីសម្រាប់គាំទ្រដល់ធនធានមនុស្សនៅកម្ពុជា ព្រោះសាលារៀនជំនាន់ថ្មី ដែលបានបង្កើតឡើងនាពេលកន្លងមកនេះ គឺមានស្តង់ដា ព្រមទាំងដំណើរការល្អ និងទទួលបានជោគជ័យ។
ទោះជាយ៉ាងណា លោក គង់ សំនៀង បញ្ជាក់ទៀតថា ភាពជោគជ័យនៃសាលារៀនជំនាន់ថ្មីនេះ គឺមិនដូចគ្នានោះទេ អាស្រ័យទៅលើលោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំសាលារៀន ការរៀបចំផែនការបណ្តុះបណ្តាល និងបង្រៀនដល់សិស្សានុសិស្ស។ ទោះជាបែបនេះ លោកថា ការដាក់ចេញនូវផែនការអប់រំ ទៅលើការអប់រំនេះ គឺជាការល្អ ហើយបើអាចក្រសួងអប់រំ គួរតែពង្រីកបន្ថែមទៀត។
លោកបានថ្លែងថា៖«ស្តង់ដានៃសាលារៀនជំនាន់ថ្មីនេះ មានបន្ទប់រៀនទំនើប និងថ្មី វាបម្រើឱ្យការរៀនពាក់ព័ន្ធនឹង STEM ហ្នឹង មានគុណភាព និងលើកកម្ពស់ការអប់រំរបស់កម្ពុជាយើង ស្មើមុខស្មើមាត់ដូចប្រទេសនៅក្នុងតំបន់របស់យើងដែរ»៕