ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម កំពុងសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានបរិមាណប្រមាណ ១ ៣០០ ម៉ែត្រគូបក្នុង ១ វិនាទី ដើម្បីកុំឱ្យមានការជន់លិចនៅតាមតំបន់មួយចំនួនតទៅទៀត។
ការសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកនេះ ស្ថិតក្រោមគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចភូមិសាស្ត្ររាជធានីភ្នំពេញខណៈដែលលោកថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះពិនិត្យការដ្ឋានសាងសង់ជាមួយអាជ្ញាធរដែលពាក់ព័ន្ធ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។
ក្នុងអំឡុងពេលចុះពិនិត្យ លោក ថោ ជេដ្ឋា បានថ្លែងថា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ជំរុញ និងដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹង និងទន្លេ តាមរយៈការកំណត់តំបន់ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយស្រកទៅវិញ ក៏ដូចជាតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។
លោកបានបន្តថា ហេតុនេះ ក្រសួងធនធានទឹក បានរៀបចំផែនការអភិវឌ្ឍន៍ដោយបានធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពកុំឱ្យទឹកជន់លិចរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។
លោក ថោ ជេដ្ឋា បញ្ជាក់ថា៖ «ការសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកនេះ គឺដើម្បីបញ្ជូននិងពង្វាងទឹកដែលមានបរិមាណច្រើនប្រមាណ ១ ៣០០ ម៉ែត្រគូប ក្នុង១ វិនាទី ដែលតែងតែយាយីបង្កហានិភ័យមកលើរាជធានីភ្នំពេញ និងបណ្តាតំបន់រណបឱ្យហូរចូលក្នុងអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ឱ្យបានឆាប់»។
បើតាមលោករដ្ឋមន្ត្រី ការពង្វាងទឹកទាំងនេះ គឺចាប់ពីតំបន់រលាំងជ្រៃខាងត្បូងក្នុងខេត្តកំពង់ស្ពឺតាមព្រែកខ្សាច់ ព្រែកដូនស្ទឹង ព្រែកពាមសត្ថា តាមអូរទាំងអស់ និងប្រឡាយនាំដីល្បប់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្រៅពីការចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹកទាំងនេះហើយលោកជេដ្ឋាក៏បានចុះពិនិត្យការងារគម្រោងប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងការងារគម្រោងស្តារស្ទឹងតូចស្ថិតក្នុងស្រុកសំរោងទង និងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផងដែរ។
ខណៈដែលក្រសួងកំពុងធ្វើការសាងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅ ជាមួយគ្នានោះក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ ក៏បានទទួលបន្ទុកកិច្ចការរំដោះទឹកចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានា និងប្រព័ន្ធបង្ហូរទឹកចូលទៅក្នុងបណ្តាអាងទន្លេដោយឆ្លងកាត់ប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកកំពុងដំណើរការអនុវត្ត គម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើម សកម្មភាពកាលពីឆ្នាំ ២០២២ និងបញ្ចប់នៅឆ្នាំ ២០២៤ និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ក្នុងឆ្នាំ ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការជាមួយជប៉ុន៕