ព្រៃវែង: ទំនប់ការពារទឹកជំនន់ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីប្រជុំជនអ្នកលឿង ដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គក្នុងខេត្ដព្រៃវែង បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងការអភិវឌ្ឍកសិកម្មនៅតំបន់ទំនាបនេះ។
មុនការសាងសង់ទំនប់នេះ ប្រជាពលរដ្ឋស្រុកពាមរក៍ជាច្រើនម៉ឺននាក់បានប្រឈមនឹងការជន់លិចជាញឹកញាប់ដែលគំរាមកំហែងដល់ការប្រកបរបរចិញ្ចឹមជីវិត។ការដាំដុះដំណាំរួមផ្សំដូចជា ពោត ស្រូវ និងចេក ជារឿយៗត្រូវបានរំខាន ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការលំបាកផ្នែកសេដ្ឋកិច្ច។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានពន្យល់ថា ទំនប់ការពារទឹកជំនន់នេះ កាត់បន្ថយការជន់លិចតាមរដូវនៅត្រើយខាងកើតអ្នកលឿង ដោយលើកស្ទួយទីប្រជុំជននេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ទាក់ទាញ និងប្រកួតប្រជែង។
លោកស្រី Varma បាននិយាយនៅក្នុងកម្មវិធីទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានឆ្នាំ ២០២៣ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅស្ថានីយបូមទឹកអ្នកលឿង កាលពីថ្ងៃទី ៦ ខែធ្នូថា ទំនប់នេះ ដែលជារបាំងការពារទឹកជំនន់មានប្រវែង៤,៣ គីឡូម៉ែត្រ ហ៊ុមព័ទ្ធផ្ទៃដីដាំដុះ ៣៦៣ ហិកតា។
លោកស្រីបានឱ្យដឹងថា៖ «វាត្រូវបានកសាងឡើងជាមួយនឹងផ្លូវធ្វើដំណើរនៅលើទំនប់ដែលតភ្ជាប់ទៅផ្លូវធំៗស្រះទឹកធំៗ ស្ថានីយបូមទឹកដែលដំណើរការដោយម៉ាស៊ីនបូមទឹកធំៗចំនួន ៤ ប្រព័ន្ធលូ បណ្តាញអគ្គិសនី ម៉ាស៊ីនភ្លើង និងស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍។ ប្រព័ន្ធរួមបញ្ចូលគ្នាទាំងនេះត្រូវបានរចនាឡើងដើម្បីបញ្ជូន បញ្ចូល និងយកទឹកដែលលើសចេញពីតំបន់ការពារប្រកបដោយប្រសិទ្ធភាព ធានាបានការគ្រប់គ្រងទឹកល្អបំផុត»។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំអនុវត្ដគម្រោងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងសាងសង់ទំនប់ទឹកគ្រប់គ្រងទឹកជំនន់នេះមាននៅ ៤ ក្រុង-ស្រុក។
លោកបានថ្លែងនៅស្ថានីយបូមទឹកក្រុងអ្នកលឿងថា៖ «ទីក្រុងទាំង ៤ គឺក្រុងបាវិត ក្រុងអ្នកលឿង ក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត ដែលស្ថិតនៅបណ្ដោយផ្លូវអាស៊ានភ្ជាប់ពីប្រទេសថៃឆ្ពោះទៅទីក្រុងភ្នំពេញ ក្នុងបំណងឱ្យក្រុងតាមបណ្ដោយផ្លូវអាស៊ាននេះ ក្លាយជាតំបន់ភ័ស្ដុភារកម្ម និងអាជីវកម្ម»។
ការផ្តល់មូលនិធិសម្រាប់គម្រោងរងចំនួន ៨ នៅក្នុងទីក្រុង-ស្រុកទាំងនេះ គឺបានមកពីបេសកកម្មត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់ ADB ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨។
ការចាប់ផ្ដើមទំនប់ការពារទឹកជំនន់យោងតាមលោកស្រី Varma ក្នុងដំណាក់កាលរចនាគម្រោង មានការគិតគូរស៊ីជម្រៅទៅលើសណ្ឋានដីដែលមានស្រាប់ ដោយផ្តោតលើការអភិរក្សផ្លូវទឹកធម្មជាតិ។ វិធីសាស្ត្រនៃការរចនាគម្រោងនេះសម្របសម្រួលអ្នករៀបចំទីតាំង និងវិស្វករសហការគ្នាដើម្បីរក្សាសណ្ឋានដីធម្មជាតិនៃតំបន់នេះ ដោយលើកទឹកចិត្តឱ្យមានការបំពេញដីតិចតួច និងការអភិរក្សផ្លូវទឹកធម្មជាតិ ដើម្បីគ្រប់គ្រងទឹកភ្លៀងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
លោកស្រី Varma បានបន្ដថា ការអភិវឌ្ឍសម្រាប់អនាគតនៃតំបន់ទីប្រជុំជនអ្នកលឿងផ្តោតសំខាន់លើការធានាសុវត្ថិភាពពីទឹកជំនន់នៃតំបន់នៅភាគអាគ្នេយ៍នៃទីក្រុង ដែលភាគច្រើនត្រូវបានកំណត់សម្រាប់ការពង្រីកលំនៅឋាន និងពាណិជ្ជកម្ម។
នៅពេលដំណើរការពេញលេញ ទំនប់ការពារទឹកជំនន់នឹងអនុញ្ញាតឱ្យមានការអភិវឌ្ឍបន្ថែមក្នុងតំបន់ទំនាបកណ្តាលដែលមិនសូវមានផលិតភាព ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលរៀបចំ។ ការសាងសង់ទំនប់ការពារទឹកជំនន់នេះចំណាយអស់ ៧,៨ លានដុល្លារដោយប្រើរយៈពេល ៣ ឆ្នាំរហូតដល់ចុងឆ្នាំ ២០២៣ នេះ។ ចំនួនអ្នកទទួលផលសរុបប្រមាណ ២៥ ០០០ នាក់។លោកស្រី ថ្លែងថា៖ «គម្រោងរងនេះបានបង្កើតឱកាសការងារ ១ ៧២០ នាក់សម្រាប់កម្មករជំនាញ និងគ្មានជំនាញ ដែលក្នុងនោះ ១៥ ភាគរយជាស្ត្រីក្នុងអំឡុងពេលសាងសង់រយៈពេល ៣ ឆ្នាំ»។
ប្រវត្ដិតំបន់ជន់លិច
លោក ហ៊ី ធួក អភិបាលរងខេត្ដព្រៃវែង បានឱ្យដឹងថា តំបន់លើផ្ទៃដី ៣៦៣ ហិកតានេះ គឺជាតំបន់គំរូមួយនៃការអភិវឌ្ឍតំបន់ជនបទ ដោយសារទីនេះជាតំបន់ទីប្រជុំជន ដែលអាចដាំដុះដំណាំចម្រុះ ដូចជា ស្រូវ ចេក និងពោតជាដើម។
លោក ធួក បាននិយាយនៅស្ថានីយបូមទឹកនាទីប្រជុំជនអ្នកលឿងថា៖ «ការបង្កបង្កើនផលស្រូវ ដែលធ្លាប់ធ្វើឡើងតែម្ដងឬ២ដងជាមួយនឹងក្ដីបារម្ភពីទឹកជន់លិច បានកើនឡើង ៣ ដងដោយគ្មានកង្វល់ចំពោះការខូចខាតដំណាំពីការជន់លិច»។
លោកបានស្នើឱ្យអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាសមិទ្ធផលថ្មី សម្រាប់ខេត្ដព្រៃវែងឱ្យបានគង់វង្សច្រើនជំនាន់ទៀត។
លោក នឹក សុវ៉ាត មេភូមិអ្នកលឿង ស្រុកពាមរក៍ ខេត្ដព្រៃវែង បានឱ្យដឹងថា ភូមិអ្នកលឿង ស្ថិតក្នុងចំណោមភូមិជាច្រើននៃផ្ទៃដីទំនាប ៣៦៥ ហិកតា មានប្រជាជន ៥០២ គ្រួសារ ឬប្រជាជនជាង ៣ ៣០០ នាក់។
លោកបាននិយាយថា ការកសាងទំនប់ ដែលដើរជាផ្លូវថ្នល់ដ៏សំខាន់ប្រវែងជាង ៤ គីឡូម៉ែត្រ មិនត្រឹមតែជួយទប់ទឹកជំនន់ពីការជន់លេចដំណាំកសិកម្មរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយសម្រួលដល់កិច្ចការជាច្រើន ជាពិសេសស្ដ្រី រួមទាំងការធ្វើដំណើរទៅសម្រាលកូន និងការទៅសាលារៀនរបស់សិស្សានុសិស្ស។
លោក សុវ៉ាត បានថ្លែងអំឡុងពេលកម្មវិធីទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានឆ្នាំ ២០២៣ របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា៖ «ក្ដីបារម្ភចុងក្រោយ គឺបញ្ហាជំនន់ទឹកភ្លៀងត្រូវបានដោះស្រាយ ពេលដំណើរការស្ថានីយបូមទឹក ដែលទើបកសាងរួច និងកំពុងដាក់ដំណើរការ»។
អត្ថប្រយោជន៍ និងអ្នកទទួលប្រយោជន៍
លោកស្រី Varma លើកឡើងថា ទំនប់ទឹកមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារទឹកជំនន់តាមរដូវ និងជំនន់ទឹកភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញផលិតកម្មកសិកម្ម ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច នគរូបនីយកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍នៅទីនេះផងដែរ។
កសិករអាចដាំដុះបន្លែឬដំណាំបានចំនួន ៣ ដង បើធៀបនឹងការប្រមូលផលតែ ១ ឬ ២ ដង នៅពេលដែលកសិករទទួលរងទឹកជំនន់ដែលមិនអាចទាយទុកជាមុនបាននារដូវវស្សា។ នៅក្នុងដំណាក់កាលសាងសង់ មានឱកាសការងារជាច្រើនសម្រាប់ទាំងកម្មករជំនាញ និងគ្មានជំនាញ ផ្តោតលើពលករក្នុងស្រុក។
រយៈពេលនេះក៏ឃើញមានការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម ដោយសារតែលំហូរនៃកម្មករសំណង់។ វានឹងក្លាយជាការបន្ថែមតម្លៃដ៏ធំធេង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធអាចលើកទឹកចិត្ត និងគាំទ្រដល់កសិករដាំដុះក្នុងស្រុក និងកសិករខ្នាតតូចឱ្យទទួលយក និងអភិវឌ្ឍវិធីសាស្ត្រកសិកម្មទំនើបសម្រាប់ទាំងដំណាំហូបផ្លែ និងបន្លែ។
លោក ពិសិដ្ឋ បានបន្ដថា ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដ៏មានសារៈសំខាន់ចំពោះរាជរដ្ឋាភិបាលដើម្បីធ្វើការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកបានថ្លែងថា៖ «ការទទួលប្រយោជន៍ពីគម្រោងនេះ គឺការទាក់ទាញសោភណភាព ក៏ដូចជា ការប្រែក្លាយតំបន់ធ្លាប់លិចទឹកទៅជាតំបន់សេដ្ឋកិច្ច»។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ អាចទាញបានផលច្រើនពីគម្រោងទំនប់ទប់ទឹកជំនន់នេះដោយពួកគេអាចបង្កបង្កើនផលពី ១ រដូវទៅ ៣ រដូវ ហើយដីរបស់ពួកគេអាចសាងសង់ជាលំនៅឋាន។
លោក ពិសិដ្ឋ បានលើកឡើងថា ក្រោយកសាងហេដ្ឋារចនាសម្ព័ន្ធរួច តំបន់នេះ ជាពិសេស តម្លៃដីនឹងឡើងថ្លៃខ្ពស់ពី ៥ ទៅ ១០ ដង។ លោកបានបន្ថែមថា៖ «ផ្អែកលើគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ នេះ យើងពិនិត្យមើលថា តើគួររៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងដូចម្ដេចដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាយើងកើនឡើង»។
លោកសុវ៉ាត ដែលអរគុណដល់គម្រោង ADB បានបន្ដថា ប្រជាពលរដ្ឋរស់នៅក្បែរទីប្រជុំជនទំនាបនេះ ដាំដំណាំគោលពោត ស្រូវ និងចេក ហើយរដូវនេះ ពួកគេចាប់ផ្ដើមប្រមូលផលស្រូវ ខណៈពោតទើបចាប់ផ្ដើមដាំហើយចេកផ្ដល់ផលរៀងរាល់ខែ។
លោក សុវ៉ាត បានថ្លែងថា៖ «ស្ថានីយបូមទឹកដែលទើបសាងសង់ថ្មីកំពុងដោះស្រាយបញ្ហាទឹកជំនន់ដែលកើតមានជាយូរមកហើយនៅតំបន់នោះយ៉ាងមានប្រសិទ្ធភាព»៕