ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានមហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា«អនុប្រធាន គណបក្សប្រជាជនកម្ពុជា» ខណៈសមាជិកប្រមាណ ៥០០ នាក់បន្ថែមទៀតត្រូវបាន CPP សម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សផងដែរ។
ការបោះឆ្នោតផ្តល់ទំនុកចិត្តនេះត្រូវបានសម្រេចឡើងនៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន, ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស ខេង ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបោះឆ្នោតគាំទ្រ ១ រូបបានលើកឡើងថា ការបន្ថែមសមាជិកថ្មីជិត ៥០០ រូបនេះធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចមានសមាជិកសរុប ១ ៣១២ រូប។
លោកបានសរសេរលើហ្វេសប៊ុកលោកនៅថ្ងៃទី ១០ ខែធ្នូថា៖ «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយភក្តីភាពស្មោះស្ម័គ្រគោរពជូនចំពោះថ្នាក់ដឹកនាំគណបក្សទាំងអស់ និងសមាជិក សមាជិកានៃអង្គមហាសន្និបាតវិសាមញ្ញទាំងមូលដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះយើងខ្ញុំទាំងអស់គ្នា»។
លោកបានបន្តថា សេចក្តីទុកចិត្តនិងជំនឿជឿជាក់ដែលមហាសន្និបាតផ្តល់នេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម និងការផ្តល់ការទទួលខុសត្រូវដ៏សំខាន់មួយបន្ថែមទៀតដល់រូបលោក និងសមាជិកថ្មី ដើម្បីចូលរួមចំណែកដឹកនាំការងារគណបក្ស ការពារគណបក្ស ការពារសមិទ្ធផលគណបក្ស បម្រើជាតិ និងប្រជាជនតាមស្មារតីនៃលក្ខន្តិកៈបក្ស និងសេចក្តីសម្រេចនានា។
យោងតាមសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញរបស់បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៩ ខែធ្នូ បានឱ្យដឹងថា ការជួបជុំនាពេលនេះ គឺនៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភានីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្សបានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។
ប្រភពដដែលបន្តថា គណបក្សប្រជាជនកម្ពុជាពុំដែលធ្វេសប្រហែសឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់គណបក្សប្រជាជនកម្ពុជាតែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្ដែង និងទស្សនៈអភិវឌ្ឍន៍ជានិច្ច។
យ៉ាងណាមិញ ការត្រៀមលក្ខណៈ សម្រាប់ការបន្តវេនគឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្ដូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវបានពិនិត្យពិច័យយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងសុន្ទរកថាដដែល។
គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖ «ការវិវឌ្ឍនៃសភាពការណ៍កម្ពុជាតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣ ភាគរយបានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី ១០ ខែធ្នូ ថា ការសម្រេចចិត្តជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចតាមបែបប្រជាធិបតេយ្យនៅក្នុងបក្ស និងស្របតាមបទបញ្ជាផ្ទៃក្នុងរបស់បក្ស។
លោកបានបញ្ជាក់ថា៖ «ការជ្រើសតាំងនេះមានលក្ខណៈងាយស្រួលក្នុងការចាត់ចែងនយោបាយបក្សសម្រាប់ការដឹកនាំ ពីព្រោះយើងដឹងហើយថាបក្សប្រជាជនគឺជាបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល។ អ៊ីចឹង!កាលដែលនាយករដ្ឋមន្ត្រីមានតួនាទីសំខាន់ក្នុងបក្ស គឺងាយស្រួលក្នុងការអនុវត្តកម្មវិធីនយោបាយរបស់បក្ស»។
លោក យង់ ពៅ បានបន្តថា ដោយសារបក្សប្រជាជនជាគណបក្សកាន់អំណាចបច្ចុប្បន្ន ដូច្នេះមហាសន្និបាតប្រចាំឆ្នាំរបស់បក្សដែលតំណាងទូទាំងប្រទេសគឺមានសារៈសំខាន់ដល់សង្គមជាតិពីព្រោះការកំណត់របៀបវារៈ និងគោលនយោបាយសកម្មភាពនានា គឺកើតចេញពីសន្និបាតនេះ។
លោកថា៖ «អ៊ីចឹង! វាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ពីព្រោះបក្សប្រជាជន គឺជាគណបក្សកាន់អំណាចដឹកនាំប្រទេសដែលមានរយៈពេលយូរមកហើយ និងបន្តដឹកនាំនីតិកាលទី ៧ នេះ»។
បើតាមសុន្ទរកថារបស់គណបក្សប្រជាជនកម្ពុជាដដែល បានបង្ហាញថា៖ «ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមាញឹកខ្លាំងឡើង»។
ប្រភពដដែលបានឱ្យដឹងដែរថា ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះគឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕