​ភ្នំពេញៈ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​ភាគី​ពាក់​ព័ន្ធ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែន​ការ​សកម្ម​ភាព​គោល​នយោ​បាយ​ស្តីពី​គ្រូ​បង្រៀន​ឆ្នាំ​ ២០២៤-​២០៣០ ដែល​នឹង​ជួយ​អភិ​វឌ្ឍ​សមត្ថ​ភាព​​គ្រូ​បង្រៀន​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​​។

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​កាល​ពី​ថ្ងៃទី​១០​ ខែធ្នូ ​ឆ្នាំ​២០២៣ ​បាន​ឱ្យដឹង​ថា ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​គោល​នយោ​បាយ​ស្តីពី​គ្រូ​បង្រៀន​ឆ្នាំ​២០២៤-​២០៣០​បាន​ធ្វើ​ឡើង​ក្រោម​វត្ត​មាន​លោក ហង់​ជួន ​ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​,​លោក​AnirbanChatterjeeនាយ​ករង​ប្រចាំ​ប្រទេស​នៃ​អង្គកា​រ UNICEF ប្រចាំ​កម្ពុជា​, មន្ត្រី​ពាក់​ព័ន្ធ និង​តំណាង​ដៃគូ​អភិ​វឌ្ឍន៍​ជា​ច្រើន​រូប​ទៀត​។​

​នា​ឱកាស​នោះ​លោក​ហង់​ជួន ណា​រ៉ុ​ន ​បាន​លើក​ឡើង​ថា​៖«​សូម​កោត​សរសើរ​ដល់ដៃ​គូ​ពាក់​ព័ន្ធ​និង​អង្គ​ការ​យូ​នី​សេហ្វ ​ដែល​បាន​សហ​ការ​ និង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ ​ទាំង​សម្ភារ ​ថវិកា និង​បច្ចេក​ទេស​ក្នុង​ការ​ជួយ​រៀបចំ​ផែន​ការ​សកម្ម​ភាពនិង​ការ​ចូល​រួម​អនុវត្ត​ផែន​ការ​សកម្ម​ភាព​គោល​នយោ​បាយ​ស្តីពី​គ្រូ​បង្រៀន​ជា​ច្រើន​ឆ្នាំ​មក​នេះ​និង​សម្រេច​បាន​លទ្ធ​ផល​ជា​ច្រើន​»​។​

​លោក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ដែរ​ថាសម្រាប់​ផែន​ការ​សកម្ម​ភាព​គោល​នយោ​បាយ​ស្តីពី​គ្រូ​បង្រៀន​នៅ​ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ​២០២៣​ដល់​ឆ្នាំ​២០២៨​ ក្រសួង​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រូបង្រៀន​ដោយ​ចាត់ទុ​កថា​គ្រូបង្រៀន​នៅ​កម្ពុជា​នឹង​ត្រូវ​ទទួលបា​ន​ការ​ជឿ​ទុក​ចិត្ត​និង​ការ​ទទួល​ស្គាល់ថា​​ជា«​អ្នក​ផលិត​ចំណេះដឹ​ង អ្នក​អនុវត្ត​ន៍ពិត​ប្រា​កដ​នៅ​កម្រិត​សា​លា​រៀន និង​ជា​ដៃគូ​សម្រាប់​កែ​លម្អ​គោល​នយោបា​យ​»​។​

​ជុំវិញ​រឿង​នេះ ​លោក គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១១ ​ខែធ្នូ បាន​សារ​ទរ​ចំពោះ​ការ​ដាក់​ឱ្យ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​គោល​នយោ​បាយ​នានាដើ​ម្បី​អភិវឌ្ឍ​គ្រូ​បង្រៀន​នៅ​កម្ពុជា ​ដោយ​លោក​និយាយថា វិស័យ​អប់រំ​ឯក​ជន ​នៅតែ​ត្រូវកា​រ​គ្រូ​បង្រៀន​ពីសា​លា​រដ្ឋ ​ដើម្បី​មក​បង្រៀន ​និង​ចែក​រំលែក​វិធី​សាស្ត្រ​បន្ថែម​។​

​ជា​មួយ​គ្នានេះ ​លោក​ក៏​រំពឹង​ដែរ​ថា តា​មរយៈ​ការដាក់​ឱ្យ​អនុវត្ត​ផែនកា​រ​សកម្មភា​ព​គោលន​យោបា​យ​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​បណ្តុះ​បណ្តាល​គ្រូ​នៅ​កម្ពុជា​ កាន់​តែ​មាន​គុណ​ភាព​ប្រសើរ​ឡើង​។​

​លោក ​គង់ សំនៀង បាន​បញ្ជាក់​ថា​៖«​ជា​ការពិត​​ដើម្បីឱ្យ​​គុណភា​ព​បង្រៀន​បានល្អ​ប្រសើរ​គឺ​ទាម​ទារ​ឱ្យមាន​ការ​កែ​លម្អ​នៅ​វិធី​សាស្ត្រ​បណ្តុះ​បណ្តា​ល​ល្អៗ​និង​ថ្មីៗ​ដើម្បី​ដើរ​ទាន់​សម័យ​កាល​បច្ចុប្បន្ន​ខណៈ​ខ្ញុំ​ក៏​សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​កម្រិត​ជីវ​ភាព​គ្រូ​បង្រៀន​បន្ថែម​ទៀត​ដើម្បី​ជា​កា​តាលី​ករ​ជំរុញ​វិស័យ​អប់រំ​របស់​យើង​កាន់​តែ​ប្រសើរ​»​។​

​យ៉ាង​ណា​ក្ដី លោក​គង់ សំនៀង បាន​អំពាវនា​វ​ឱ្យ​ក្រសួង​អប់រំរា​ប់ប​ញ្ចូល​គ្រូ​មក​ពី​វិស័យ​ឯក​ជន​និង​សា​លារៀន​ឯក​ជន​ដើម្បីឱ្យ​មាន​លទ្ធ​ភាព​ទ​ទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឬ​វិធីសា​ស្ត្រ​ថ្មីៗ​ដូច​គ្រូ​មកពី​សា​លា​រដ្ឋ​ដែរ​។​

​បើតា​ម​ក្រសួង​អប់រំ​ យុ​វជន និង​កីឡា ​ផែន​ការ​សកម្ម​ភាព​គោលន​យោបា​យ ​ស្តីពី​គ្រូប​ង្រៀន​សម្រាប់​ឆ្នាំ២០២៤-២០៣០​គឺជា​ឯក​សារ​ដ៏​សំខាន់​មួយស​ម្រាប់​ចូលរួ​ម​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​​ទី​១​។​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​អប់​រំជា​វិស័យ​អាទិ​ភាព​ទី​១ឆ្ពោះ​ទៅ​អភិ​វឌ្ឍ​មូល​ធន​មនុស្ស​ឱ្យមាន​ចំណេះដឹ​ងនិ​ង​សមត្ថ​ភាព​ខ្ពស់ ​ភាព​ច្នៃប្រ​ឌិត​ ស្មារតី​សហ​គ្រិន​ភាព​ នវានុវត្ត​ន៍ និង​ក្រម​សីលធ​ម៌​ខ្ពស់​ក្នុង​ការ​រួ​មចំណែក​ដ​ល់​ការ​អភិ​វឌ្ឍ​សង្គម​ និង​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព​ និង​បរិ​យា​បន្ន​។​

​ក្រសួង​បន្ត​ថា ដើម្បី​សម្រេច​បាន​គោលដៅ​និង​ផែនកា​រ​សកម្ម​ភាព​គោល​នយោ​បាយ​នេះក្រ​សួង​នឹង​បន្តធ្វើ​​កំណែ​ទម្រង់​គ្រឹះស្ថា​ន​បណ្តុះប​ណ្តាល​គ្រូដោយ​ផ្ដោតលើ​​ចំណុច​សំខាន់ៗ​ដូច​ជា​ការកែ​លម្អ​កម្មវិធី​ប​ណ្តុះ​បណ្តាល ​និង​វិ​ក្រឹ​ត​ការ​គ្រូ​,​ការអ​ភិវឌ្ឍ​សមត្ថ​ភាព​វិជ្ជាជីវៈ​គ្រូឧ​ទ្ទេស​ខាង​ផ្នែក​ខ្លឹម​សារ​មេរៀន​,ការ​អភិវឌ្ឍ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ស្រប​តាម​បច្ចេក​វិទ្យា​ថ្មីៗ​ បណ្ណា​ល័យ​និង​សម្ភារ​ឧប​ទេស​ទំនើប​សម្បូរ​បែប​និង​ការ​ធានា​គុណ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​ជា​ដើម​៕