សៀមរាបៈ សិស្សានុសិស្សសរុបប្រមាណ ១ ២៥០ នាក់ បានចូលរួមហែក្បូនធ្វើព្យុហយាត្រាជាលើកទី៣ ក្នុងព្រឹត្តិការណ៍ «រំឭកគុណអង្គរ» សំដៅរួមចំណែកផ្សព្វផ្សាយឱ្យសាធារណជនទាំងជាតិ និងអន្ដរជាតិរួមគ្នាថែរក្សា និងដឹងគុណដល់ប្រាសាទអង្គរ ដែលជាដួងព្រលឹងរបស់ជាតិ។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការហែក្បួនព្យុហយាត្រាក្នុងព្រឹត្តិការណ៍ «រំឭកគុណអង្គរ» របស់សិស្សជាង១ពាន់នាក់នេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ដោយចាប់ផ្តើមចេញពីមុខប្រាសាទអង្គរឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។
ក្រសួងវប្បធម៌ បានបន្តថា ព្យុហយាត្រានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំឭកគុណដល់ប្រាសាទអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។
ថ្លែងក្នុងកម្មវិធីនេះដែរ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា កម្មវិធីដង្ហែក្បួនព្យុហយាត្រានេះបានបង្ហាញពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាតិជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តមដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។
លោកបានបន្តថា ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សាតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិ ហើយការដែលមានការរៀបចំរំឭក និងផ្តល់គុណតម្លៃដល់បុព្វការីជននេះ គឺជាការគោរពខ្លួនឯងផងហើយក៏ជាការផ្តល់ភាពថ្កុំថ្កើងនៃប្រវត្តិសាស្ត្រផងដែរ។
លោក ឡុង កុសល បានបញ្ជាក់ថា៖ «ក្នុងនាមអាជ្ញាធរជាតិអប្សរាពិតជាមានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅដែលសិស្សានុសិស្សចំនួន១ ២៥០នាក់បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំឭកគុណអង្គរ ហើយនេះជារូបភាពមួយយ៉ាងសំខាន់ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមាំទៅថ្ងៃអនាគត»។
បើតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍រំឭកគុណអង្គរ បានរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទនិងថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។
ក្រសួងបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ ហើយការរំឭកគុណអង្គរនេះ មិនត្រឹមតែរំឭកគុណបុព្វការី តែក៏ជាការរំឭកពីការខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។
ទាក់ទិននឹងព្រឹត្តិការណ៍នេះដែរ លោកស្រីពេជ ចន្ទមុន្នី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត ក៏បានចាត់ទុកថា ព្រឹត្តិការណ៍រំឭកគុណអង្គរនេះ គឺជាការបង្ហាញពីមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សែនយូរលង់របស់ជាតិសាសនាខ្មែរដ៏ចំណាស់មួយ។
ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវឱ្យសាធារណជន ចូលរួមផ្សព្វផ្សាយពីប្រាសាទអង្គរវត្តដើម្បីអភិវឌ្ឍសក្ដានុពលវប្បធម៌ និងទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត៕