ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងថាសំណើរបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលជាង ១០ ស្ថាប័នដែលបានដាក់មកក្រសួង គឺមិនមានភាពច្បាស់លាស់ក្នុងការដែលឱ្យក្រសួងធ្វើការដោះស្រាយឡើយ ក៏ប៉ុន្តែក្រសួងស្វាគមន៍ដោះស្រាយរាល់សំណើរបស់ក្រុមសហជីពដែលមានភាពច្បាស់លាស់។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូថាសំណើដែលក្រុមសហជីព សមាគម និងអង្គការសង្គមស៊ីវិលទាំងនោះ បានដាក់មកក្រសួងការងារ គឺមិនមានភាពច្បាស់លាល់ឡើយព្រោះមិនដឹងថាបញ្ហាការរើសអើង ការគំរាមកំហែង និងការបំបិទសិទ្ធិសេរីភាពទៅលើថ្នាក់ដឹកនាំសហជីព និងសកម្មជនសិទ្ធិការងារ កើតឡើងនៅឯណា ទៅលើសហជីពមួយណា ហើយការដោះស្រាយដល់ណាហើយនោះទេ។
លោកបានបញ្ជាក់ថា៖ «សំណើទាំងនោះ មិនច្បាស់លាល់នោះទេថាតើបញ្ហាកើតឡើងនៅឯណា? ដោះស្រាយដល់ណាហើយ ចប់ឬនៅ? សហជីពណា? ឬគ្រាន់តែជាសំណើរៀបចំទុកជាមុន សម្រាប់សរសេរក្នុងរបាយការណ៍នារដូវកាលសិទ្ធិមនុស្ស១០ធ្នូនេះ។ ប៉ុន្តែក្រសួងស្វាគមន៍រាល់ការលើកយកករណីច្បាស់លាស់មកអង្គុយទល់មុខគ្នាដោះស្រាយ ដើម្បីប្រយោជន៍កម្មករនិយោជិត និងនិយោជកតាមច្បាប់ការងារ»។
បើតាមលោក កត្តា អ៊ន បានអះអាងថា ស្ថានភាពសិទ្ធិការងារគឺមិនដូចអ្វីដែលក្រុមសហជីព អង្គការ និងសមាគមមួយចំនួននោះបានលើកឡើងនោះទេ ព្រោះកម្ពុជា កំពុងមានសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិត ហើយទាំងនិយោជក និងកម្មករទាំងអស់មានការយល់ដឹង និងគោរពច្បាប់ការងារបានល្អ ទោះបីមានករណីខ្លះបានកើតឡើងពាក់ព័ន្ធនឹងការព្យួរ ឬរំលាយកិច្ចសន្យាការងារក៏ដោយ។
គិតត្រឹមរយៈពេល ៩ខែឆ្នាំ២០២៣កម្ពុជាមានរោងចក្រសហគ្រាសជាង ១៧ ០០០កន្លែង ក្នុងនោះរោងចក្រកាត់ដេរមានជាង ១ ៣០០កន្លែង ដែលមានកម្មករនិយោជិតជាង ១លាន៥សែននាក់ និងសហជីពគ្រប់ប្រភេទចំនួនជាង ៦ ២០០នាក់។នេះបើតាមលោក កត្តា អ៊ន បញ្ជាក់។
លោកបានបន្តថា ក្នុងនោះដែរវិវាទការងារមាន ៦៩១ករណីក្រសួងដោះស្រាយបានចំនួន ៥៦៣ករណីនិងកំពុងដោះស្រាយបន្ត ១០៣ករណី ទុកជាមោឃៈចំនួន ២៥ករណីនិងបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ២០ករណី។
សូមរំឭកដែរថា កាលពីថ្ងៃទី៨ ខែធ្នូ តំណាងសហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារ ១២ស្ថាប័នរួមមាន៖ សហព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា អង្គការសង់ត្រាល់ និងសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាជាដើម បានដាក់សំណើដែលជាកង្វល់រួមជុំវិញសិទ្ធិមូលដ្ឋាន និងអនុសាសន៍មួយចំនួន ដល់រដ្ឋមន្ត្រីក្រសួងការងារជួយដោះស្រាយ។
ក្នុងលិខិតដាក់ជូនក្រសួងបញ្ជាក់ថា៖ «យើងខ្ញុំសង្កេតឃើញថា សិទ្ធិ និងសេរីភាពទាំងនោះ មានការរំលោភបំពានគួរជាទីកត់សម្គាល់ និងមានការវាយប្រហារខ្លាំងក្លាមកលើសហជីពឯករាជ្យ និងអង្គការដែលធ្វើការក្នុងវិស័យការងារ ជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ»។
បើតាមលិខិតរួមនេះក៏មានភ្ជាប់ជាមួយឯកសារសំណើរបស់តំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដោយបង្ហាញលម្អិតពីបញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍ដើម្បីឆ្លើយតបជាមួយបញ្ហាប្រឈមទាំងនេះរួមមាន៖ការផ្ដល់ភាពងាយស្រួលដល់ដំណើរការចុះបញ្ជីសហជីព, បញ្ឈប់ការរើសអើង និងការគំរាមកំហែងសហជីព, សហជីពឯករាជ្យ និងសហជីពមកពីគ្រប់វិស័យទាំងអស់ពុំទាន់មានតំណាងពេញលេញសមស្របនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅឡើយ….៕