ភ្នំពេញៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានអះអាងថា ការដាក់ចេញនូវគោលការណ៍ យ៉ាងម៉ឹងម៉ាត់ ឱ្យបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោះចេញនូវវាំងនន ស្លាកសញ្ញា (Sticker) ណា ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរ ដែលបានបិទនៅលើកញ្ចក់មុខរថយន្តធំៗនោះ មិនមែនជាការផាកពិន័យនោះទេ ប៉ុន្តែជាការលុបបំបាត់ និងអប់រំណែនាំ មិនឱ្យធ្វើអំពើបែបនោះទៀត ដែលនាំឱ្យមានផលប៉ះពាល់ការធ្វើចរាចរណ៍នៅលើដងផ្លូវ។
លោក ទូច សុខៈ បានលើកឡើងបែបនេះនៅថ្ងៃទី៩ ខែធ្នូ តាមរយៈហ្វេសប៊ុកក្រសួងមហាផ្ទៃ បន្ទាប់ពីស្នងការដ្ឋាននគរបាលចាប់ផ្ដើមអនុវត្តអនុសាសន៍របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលដាក់បទបញ្ជាឱ្យអនុវត្តនូវការដោះចេញវាំងនន ស្លាកសញ្ញានានា ឬស្ទិកឃ័រដែលបានបិទនៅលើកញ្ចក់រថយន្តធំៗ ចេញឱ្យអស់។
លោកបានបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍ណែនាំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះ គឺពុំមែនជាការផាកពិន័យឡើយ តែជាការលុបបំបាត់ និងជាការអប់រំណែនាំ មិនឱ្យធ្វើអំពើបែបនោះតទៅទៀត ដែលនាំឱ្យធ្វើប៉ះពាល់ឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង»។
លោក ទូច សុខៈ បានបន្ថែមថា លើកលែងតែក្នុងករណីណាដែលមានសភាពទទឹងរឹងរូសនៅពេលដែលសមត្ថកិច្ចសហការអនុវត្ត ឬ/និងនៅពេលបន្ទាប់ណាមួយតែប៉ុណ្ណោះ ក្រសួងនឹងដាក់ចេញនូវវិធានការថ្មីចំពោះករណីទាំងននេះ ឬករណីផ្សេងៗទៀត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកបញ្ជាយានយន្ត ឬអ្នកប្រើប្រាស់រថយន្ត ស្វែងយល់ពីករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលបានកើតឡើងនោះ អ្នកទាំងនោះនឹងប្រឈមចំពោះមុខច្បាប់២កម្រិត រួមមាន បើបណ្តាលឱ្យអ្នកដទៃរងរបួស ដែលនាំឱ្យមិនអាចបំពេញសកម្មភាពបាន ឬខូចខាតទ្រព្យសម្បត្តិ ត្រូវបំពេញកាតព្វកិច្ចសងសំណងដល់ជនរងគ្រោះ។ ប៉ុន្តែ បើសិនជាបង្កឱ្យមានការរបួសធ្ងន់ធ្ងរ និងស្លាប់នឹងជាប់ទោសទណ្ឌព្រហ្មទណ្ឌ និងពិន័យជាប្រាក់ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី នៅថ្ងៃទី១១ ខែធ្នូ បានលើកឡើងថា ក្រសួងគួរចេញសេចក្តីណែនាំមួយដល់អ្នកបើកបរ ឬម្ចាស់យានយន្ត អាចដាក់ ឬប្រើប្រាស់បានកម្រិតត្រឹមណាមួយ ទាក់ទងនឹងការដាក់វាំងនន បិទកញ្ចក់ខ្មៅ ឬស្ទិកឃ័រផ្សេងៗ។ បន្ទាប់មក ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈជូនពួកគាត់ក្នុងរយៈពេលសមស្របណាមួយ។
លោក គឹម បញ្ញា បានប្រាប់ថា៖ «បន្ទាប់ពីនោះ នៅពេលយើងអប់រំ ណែនាំ និងផ្សព្វផ្សាយដោយស្ម័គ្រចិត្តហើយ យើងធ្វើផែនការក្តៅ ពិន័យផ្អែកទៅលើមាត្រាច្បាប់ ឬក៏ផ្អែកអនុក្រឹត្យពិន័យអន្តរកាលជាដើម ប៉ុន្តែ បើជារថយន្តរបស់ក្រុមហ៊ុន ត្រូវពិន័យជាការដកអាជ្ញាប័ណ្ណទាក់ទងនឹងការដឹកជញ្ជូន ជាដើម»។
សូមរំឭកថា ក្នុងឱកាសប្រកាសផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការឱ្យតឹងរ៉ឹងបំផុតទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រព័ណ៌ខ្មៅនៅលើកញ្ចក់ខាងមុខ ព្រោះវាធ្វើឱ្យមើលមិនឃើញផ្លូវច្បាស់ល្អ និងដើម្បីឱ្យមានស្តង់ដារួមមួយ។
ជាមួយគ្នានោះ លោក ស សុខា ស្នើស្នងការនគរបាលរាជធានី-ខេត្តក៏កុំមានវិធានការទៅលើការបិទកញ្ចក់នៅសងខាងនៃរថយន្តដែរ ព្រោះការបិទនោះ គឺការពារកម្ដៅ ប៉ុន្តែសម្រាប់កញ្ចក់នៅខាងមុខ គឺហាមដាច់ខាត មិនអាចឱ្យដាក់វាំងនន ឬស្ទិកឃ័របាននោះទេ ក្រៅតែពីក្រដាសពន្ធ ឬពន្ធផ្លូវតែប៉ុណ្ណោះ៕