ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសកម្ពុជា នាយិកាយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ដេបូរ៉ា ខូមីនី បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនៅថ្ងៃទី៨ ខែធ្នូ ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងសង្កេតមើលការងាររបស់យូនីសេហ្វប្រចាំកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធកិច្ចការពារកុមារ និងការថែទាំកុមារ និងយុវជនងាយរងគ្រោះបំផុត។
ក្នុងអំឡុងពេលនៃបេសកកម្មនេះ លោកស្រីបានជួបជាមួយមន្ត្រីរបស់ក្រសួងនានា និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកមតិគាំទ្រការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ការបញ្ចប់អំពើហិង្សាលើកុមារនៅគ្រប់ទីកន្លែង និងបញ្ចប់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។
លោកស្រី ដេបូរ៉ា ខូមីនី បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖«មានកុមារចំនួនច្រើនពេកហើយនៅក្នុងតំបន់នេះ ដែលកំពុងជួបប្រទះអំពើហិង្សាក្នុងទម្រង់ដ៏គ្រោះថ្នាក់ រួមទាំងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត»។
លោកស្រីបន្តថា ៖ «អំពើហិង្សាតែងកើតឡើងនៅតាមទីកន្លែង ដែលកុមារគប្បីទទួលបានកិច្ចការពារខ្លាំង បំផុត ពោលគឺនៅផ្ទះរបស់ពួកគេ។ កុមារគ្រប់រូប នៅគ្រប់ទីកន្លែង មានសិទ្ធិក្នុងការរស់នៅក្នុងស្ថានភាពដែលគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ប្រភេទ»។
ជុំវិញការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់អង្គការយូនីសេហ្វនេះដែរ លោកស្រី ញាណ សុចិត្រា អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូថា ផ្អែកលើលទ្ធផលនៃអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០២១-២០២២ គឺបានបង្ហាញថា អំពើហិង្សាលើកុមារពិតជាមានកម្រិតខ្ពស់ពិតមែន។
លោកស្រីក៏យល់ស្របដែរថា ការទប់ស្កាត់អំពើហិង្សាលើកុមារ គឺជារឿងដែលរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការផ្នែកជំនឿសាសនា វិស័យឯកជន សហគមន៍ មាតាបិតា និងកុមារផងដែរ គឺត្រូវតែចូលរួមក្នុងការទប់ស្កាត់។
លោកស្រីថ្លែងថា៖ «ដូច្នេះដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជា គឺក្រសួងកិច្ចការនារី បានដើរនាទីយ៉ាងសកម្មអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន ដែលកម្មវិធីនេះកំពុងអនុវត្តនៅក្នុងខេត្តចំនួន១២ ហើយយើងកំពុងពិនិត្យនិងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាននេះ ជាពិសេសយើងនឹងគ្រោងពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះឱ្យបានទូលំទូលាយនៅទូទាំងប្រទេស»។
បើតាមលោកស្រី ញាណ សុចិត្រា ក្រសួងក៏បានដាក់បញ្ចូលកម្មវិធីអប់រំស្ដីពីការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសអំពើហិង្សាលើកុមារ ទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធដូចជា កម្មវិធីអប់រំរបស់ក្រសួងធម្មការ និងសាសនា កម្មវិធីបណ្តុះបណ្តាលនគរបាលជាតិរបស់រាជបណ្ឌិត្យសភានគរបាល កម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិសង្គមកិច្ចរបស់ក្រសួងសង្គមកិច្ច និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ សម្រាប់ថ្នាក់ទី៥ ដល់ទី១២ ជាដើម។
លោកស្រីបន្ថែមថា ក្រៅពីនេះ ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដើម្បីរៀបចំជាយុទ្ធសាស្ត្រសម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងរៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ បានលើកឡើងបន្តថា ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ និងលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន យូនីសេហ្វកម្ពុជាគាំទ្រកម្ម វិធីមួយដែលត្រូវបានអនុវត្តនៅតាមវត្ត និងក្រោមការដឹកនាំរបស់ក្រសួងធម្មការ និងសាសនា។
កម្មវិធីនេះផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់ព្រះសង្ឃពុទ្ធសាសនា ដើម្បីផ្លាស់ប្តូរឥរិយាបថ ជំនឿ និងអាកប្បកិរិយា របស់គ្រួសារពាក់ព័ន្ធនឹងអំពើហិង្សា និងបង្កើតបរិយាកាសកាន់តែមានសុវត្ថិភាពនៅតាមសាលារៀន ផ្ទះ និងសហគមន៍ សម្រាប់កុមារចម្រើនលូតលាស់ និងអភិវឌ្ឍ។
គិតត្រឹមខែតុលា ឆ្នាំ២០២៣ មានព្រះសង្ឃចំនួន ១ ១៣១អង្គមកពី ៥៧១វត្ត បានទទួលការបណ្តុះបណ្តាលពីកិច្ចការពារកុមារ ដោយបានផ្សព្វផ្សាយទៅដល់ ប្រជាជនចំនួន ៧៦ ០០០នាក់។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះដែរ លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា ក៏បានលើកឡើងថា គ្មានហេតុណាមួយ ដែលអាចជាហេតុដើម្បីបង្កអំពើហិង្សាលើកុមារបានឡើយ។ អំពើហិង្សាលើកុមារទាំងអស់ គឺអាចទប់ស្កាត់ បាន។
លោកបានបន្តថា ៖ «ទោះបីជាយ៉ាងណាក្តី ដើម្បីសម្រេចបាននូវការទប់ស្កាត់នេះ យើងទាំងអស់គ្នាសុទ្ធតែមានតួនាទីត្រូវធ្វើ។ អ្នកទាំងនេះរួមមានអ្នកពាក់ព័ន្ធ ឪពុកម្ដាយ សាច់ញាតិ គ្រូបង្រៀន សមាជិកសាសនា និងសមាជិកសហគមន៍។ យូនីសេហ្វនៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិនៅក្នុងការបញ្ចប់អំពើហិង្សាលើកុមារ»។
សូមបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះដែរ លោកស្រីដេបូរ៉ា ខូមីនី ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ រួមមាន៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងធម្មការ និងសាសនា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ៕