ភ្នំពេញៈលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា គោលដៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈគឺជាការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកំណែទម្រង់ ការរៀបចំ និងដាក់ចេញលិខិតបទដ្ឋានគតិយុត្តចាំបាច់ ដើម្បីគាំទ្រដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ដូច្នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោក និងថ្នាក់ដឹកនាំក្រសួង ជាមួយគណៈកម្មការជំនាញរដ្ឋសភា ដែលដឹកនាំដោយលោកកែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤)។ នេះបើយោងតាមខ្លឹមសារដែលប្រកាសដោយរដ្ឋសភានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមរដ្ឋសភា លោក កែប ជុតិមា បានបញ្ជាក់ប្រាប់ក្រសួងមុខងារសាធារណៈថា កិច្ចប្រជុំនេះមានគោលដៅឈ្វេងយល់នូវវិស័យការងារជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៤ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា រដ្ឋាភិបាលបានផ្តល់អាទិភាពចំពោះវិស័យមុខងារសាធារណៈ និងបានបញ្ចូលការកែទម្រង់រដ្ឋបាលសាធារណៈ ទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន ក្នុងអាណត្តិទី៧ ដែលមានគោលដៅបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានថ្លែងថា៖ «ការពង្រឹង និងការកែទម្រង់ស្ថាប័ន ការរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាសម្រាប់ដំណើរការយន្តការ ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការពិនិត្យឡើងវិញ និងការរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិរបស់ក្រសួងមុខងារសាធារណៈ»។
លោក ហ៊ុន ម៉ានី បានបន្តថា សម្រាប់នីតិកាលទី៧នេះ ក្រសួងមុខងារសាធារណៈបានទទួលតួនាទីបន្ថែមជាលេខាធិការដ្ឋានឱ្យគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រដ្ឋាភិបាល ដើម្បីធានាអនុវត្តការងារចំនួន៣ ដើម្បីសម្រេចចក្ខុវិស័យលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។
ការងារចំនួន ៣ នេះ រួមមាន៖ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី,ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការលើកកម្ពស់អភិបាលកិច្ចគឺជារឿងសំខាន់ ហើយអភិបាលប្រកបដោយប្រជាធិបតេយ្យពិតជាសំខាន់ ទាំងការពង្រឹងសមត្ថភាព និងសុចរិតភាពមន្ត្រីនៃស្ថាប័នរដ្ឋ ជាមួយកិច្ចការកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ។
លោកបានថ្លែងថា៖ «មន្ត្រីត្រូវមានសមត្ថភាព ក្រមសីលធម៌ខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលខ្ញុំយល់ថា ជាចំណុចត្រូវកែប្រែនោះ គឺការបណ្តុះការធ្វើការតាមបែបប្រជាធិបតេយ្យ ក្នុងន័យថា មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រនោះទេ»។
លោកបានបន្តថា រដ្ឋាភិបាលចាំបាច់នៅក្នុងការបង្កើតប្រព័ន្ធរដ្ឋបាលមួយដែលមានភាពរឹងមាំ ហើយមិនចំណុះឱ្យនិន្នាការគណបក្សនយោបាយណាមួយ ដែលជាប្រព័ន្ធរដ្ឋបាលមួយដែលស្អាតស្អំ នៅតាមការិយាល័យក្រសួងនីមួយៗ ដើម្បីធានាដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕