ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចឱ្យនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត អនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន ៩ របស់ក្រុមប្រឹក្សាឃុំ ចំនួន ៦ នៃខេត្តកំពង់ស្ពឺ ដែលសម្រេចរក្សាទុកឈ្មោះចំនួន ១ បណ្តឹង និងសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ចំនួន ៨ បណ្តឹង។
ការសម្រេចរបស់ គ.ជ.ប ដូចនេះ ធ្វើឡើងនៅទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ជុំវិញបញ្ហានេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូថា ទន្ទឺមនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ គ.ជ.ប ក៏បានបិទផ្សាយបញ្ជីឈ្មោះ អ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតផងដែរ ខណៈបញ្ជីទាំង២នេះ ត្រូវបានបិទផ្សាយនៅតាមឃុំសង្កាត់ទូទាំងប្រទេស ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដើម្បីប្តឹងតវ៉ា ឬប្តឹងជំទាស់ក្នុងករណីមានលក្ខណៈមិនច្បាស់លាស់ ឬការលុបឈ្មោះចេញពីបញ្ជីមិនត្រឹមត្រូវ។
លោកបានបន្តថា ស្របពេលដំណើរការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត នេះ គឺមានការប្តឹងតវ៉ាចំនួន ១ ករណី និងប្តឹងជំទាស់មានចំនួន៨ ករណី។ ដោយឡែក ការប្តឹងតវ៉ារបស់អ្នកបោះឆ្នោតនេះ ក្នុងគោលបំណងរក្សាឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ដោយសារឈ្មោះរបស់អ្នកប្តឹងតវ៉ា ត្រូវបាន គ.ជ.ប ដាក់នៅក្នុងបញ្ជីដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
លោក សោម សូរីដា បានថ្លែងថា ៖«អ៊ីចឹងនៅពេលដែលគាត់ឃើញឈ្មោះរបស់គាត់បែបនេះ នៅក្នុងបញ្ជីដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត អ្នកបោះឆ្នោតនោះមានសិទ្ធិប្តឹងតវ៉ាឱ្យរក្សាឈ្មោះរបស់គាត់នៅក្នុងបញ្ជីបោះឆ្នោតវិញ។ ដោយឡែកនៅក្នុងបញ្ជីបោះឆ្នោតដំបូងនេះ ក៏មានការប្តឹងជំទាស់ទៅនឹងការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដោយសារអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនេះបានទទួលមរណភាព»។
លោកបន្តថា ៖«អ៊ីចឹង! ៨ករណី ដែលប្តឹងជំទាស់នេះ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោតនេះ គឺ គ.ជ.ប បានសម្រេចយល់ព្រមតាមបណ្តឹង ដោយសារតែអ្នកប្តឹងមានលិខិតមរណភាពរបស់បុគ្គល ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ដូច្នេះ គ.ជ.ប សម្រេចអនុវត្តសេចក្តីសម្រេចស្ថាបពររបស់ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៩ ដែលមាន១ រក្សាឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត និង៨ ទៀតត្រូវលុបចេញដោយសារករណីគាត់ស្លាប់»។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដោយមិនគិតបញ្ចូលថ្ងៃរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)៕