កំពង់ធំ: លោក រ៉េត ភាច ធ្លាប់ជួបបញ្ហាជាច្រើន រួមជាមួយនឹងប្រជាកសិករដទៃទៀតក្នុងសហគមន៍ ទាំងបញ្ហាបង្កបង្កើនផលដែលនាំឱ្យមានប្រាក់ចំណូលទាប និងជំរុញឱ្យអ្នកខ្លះសម្រេចចិត្ដធ្វើជាកម្មករចំណាកស្រុក។
ជាការឆ្លើយតប ពួកគេបានបង្កើតក្រុមអ្នកផលិតពូជស្រូវក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅបឹងទន្លេសាប (TSSD-AF)។
ក្នុងដំណាក់កាលដំបូងនៃការបង្កើតក្រុមនៅឆ្នាំ ២០១៤ វាគ្រាន់តែសមូហភាពតូចមួយដែលមានសមាជិកត្រឹមតែ ១៤ នាក់ប៉ុណ្ណោះ ហើយការផលិតស្រូវពូជរបស់ពួកគេបានជួបបរាជ័យ។ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំបន្តបន្ទាប់ គឺជាចំណុចរបត់មួយនៅពេល ក្រុមនេះទទួលបានគ្រាប់ពូជស្រូវសុទ្ធដែលមានគុណភាពខ្ពស់ពីជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាដៃគូមួយចំនួនទៀត។ អន្តរាគមន៍នេះមានសារៈសំខាន់ ព្រោះវាបានជួយឱ្យសមាជិកកសិករឱ្យទទួលបានទិន្នផលយ៉ាងច្រើនរហូតដល់ ៨ តោន ក្នុង ១ ហិកតា។
លោក ភាច បាននិយាយថា៖ «ដោយមានការលើកទឹកចិត្តពីភាពជោគជ័យនេះ ក្រុមរបស់យើងទទួលបានសមាជិកកើនឡើងជាលំដាប់ដែលមកទល់បច្ចុប្បន្នយើងមាន ៤០ នាក់ ធ្វើការដាំដុះរួមលើផ្ទៃដី ៧០ ហិកតា»។
វឌ្ឍនភាពនេះ ទោះបីជួបការលំបាកដំបូងក៏ដោយ តែបានបង្ហាញឱ្យឃើញពីភាពធន់ និងសក្ដានុពលសម្រាប់កំណើននៅពេលកសិករខ្នាតតូចទទួលបានការគាំទ្រសមស្រប។
ក្រុមអ្នកផលិតពូជស្រូវកំពុងបន្តស្រាវជ្រាវពូជស្រូវដែលមិនត្រឹមតែធន់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែថែមទាំងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៀតផង។
តាមរយៈលទ្ធផលនេះ ក្រុមបានបង្កើតប្រព័ន្ធដែលជួយលើកកម្ពស់ទិន្នផលស្រូវកាន់តែខ្ពស់ និងធានាទីផ្សារសម្រាប់កសិករ។ នេះជាឧទាហរណ៍ដ៏ល្អដែលបង្ហាញអំពីភាពជាម្ចាស់របស់សហគមន៍ក្នុងការកែលម្អជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា គម្រោងនេះគាំទ្រដល់ស្ថានីយកសិកម្មចំនួន ២ ក្នុងខេត្តកំពង់ធំនិងខេត្តសៀមរាបដើម្បីផលិតពូជស្រូវដែលចុះបញ្ជីគុណភាពខ្ពស់តាមរយៈការប្រើប្រាស់គ្រាប់ពូជមូលដ្ឋានដែលទិញពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។
វាក៏រួមបញ្ចូលគំនិតផ្តួចផ្តើមសម្រាប់ការកែលម្អបច្ចេកទេសកសិកម្មដែលឆ្លើយតបនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន និងដោះស្រាយបញ្ហានៃផលិតភាពទាប ដោយសារការប្រើប្រាស់ពូជស្រូវមានគុណភាពទាបដែលធ្វើឱ្យខ្សែច្រវាក់តម្លៃខ្សោយ និងភាពងាយរងគ្រោះខ្ពស់នៃវិស័យស្រូវទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
លោកស្រីបានថ្លែងនៅពេលជួបប្រជាកសិករនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្កពីថ្ងៃទី ៧ ខែធ្នូថា៖ «ក្រុមអ្នកផលិតពូជស្រូវទិញពូជស្រូវចុះបញ្ជីគុណភាពខ្ពស់ពីស្ថានីយកសិកម្មទាំង ២។ ពូជស្រូវមានគុណភាពល្អអាចបង្កើនទិន្នផលរហូតដល់ ២៥ ភាគរយ»។
លោកស្រីបានបន្ដថា៖ «គម្រោងក៏បានបណ្តុះបណ្តាលសមាជិកក្រុមអ្នកផលិតពូជស្រូវអំពីបច្ចេកទេសទំនើបក្នុងការស្ទូង ការប្រើជីត្រឹមត្រូវតាមដំណាក់កាលលូតលាស់នីមួយៗ ការគ្រប់គ្រងទឹក ការគ្រប់គ្រងស្មៅ និងការគ្រប់គ្រងកត្តាផ្សេងៗទៀតដែលជំរុញឱ្យទិន្នផលកាន់តែខ្ពស់»។
ដោយសារក្រុមមានកិច្ចសន្យាកសិកម្មជារៀងរាល់ឆ្នាំជាមួយស្ថានីយកសិកម្ម ទីផ្សារគ្រាប់ពូជស្រូវរបស់ពួកគាត់ត្រូវបានធានា ហើយតម្លៃដែលលក់បានគឺទទួលបានស្ទើរទ្វេដង។
ចំពោះថវិកាគម្រោងដែលបានគាំទ្រដល់ក្រុមផលិតពូជស្រូវក្នុងស្រុកប្រាសាទបល្ល័ង្កមានចំនួន ៣ ម៉ឺនដុល្លាររួមទាំងថ្លៃឃ្លាំង និងទីសម្ងួត ម៉ាស៊ីនដាំពូជស្រូវ សម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់សម្អាត និងវេចខ្ចប់គ្រាប់ពូជ និងការកសាងសមត្ថភាពតាមរយៈការបណ្តុះបណ្តាល។
លោកស្រី Varma បានឱ្យដឹងថា ប្រជាកសិករលក់ពូជស្រូវក្នុងកិច្ចសន្យាជាមួយស្ថានីយកសិកម្មបល្ល័ង្កក្នុងតម្លៃធានាដែលកាលពីឆ្នាំមុនមានតម្លៃជាមធ្យម ៤,៥ដុល្លារ ក្នុង ១ គីឡូក្រាម។
ពួកគេបានលក់ពូជស្រូវដែលបានចុះបញ្ជីគុណភាពខ្ពស់ចំនួន ៩០ តោន ទៅឱ្យស្ថានីយនេះ។ ជាមួយនឹងទិន្នផល និងតម្លៃកើនឡើងតាមរយៈការលក់តាមកិច្ចសន្យានេះកសិករទទួលបានប្រាក់ចំណេញសុទ្ធពី ២៥០ ទៅ ៥០០ ដុល្លារ ក្នុង ១ ហិកតា។
ការផ្លាស់ប្តូរសំខាន់គឺកាលពីមុនពួកគេបានផលិតស្រូវដែលលក់ចេញក្នុងតម្លៃទាប និងមានទិន្នផលទាប។ ដោយមានការគាំទ្រពីគម្រោងពួកគេបានក្លាយជាក្រុមផលិតពូជស្រូវអាជីពហើយពូជស្រូវរបស់ពួកគាត់ត្រូវបានលក់ទៅឱ្យអតិថិជនជាច្រើននៅក្នុងខេត្តកំពង់ធំក៏ដូចជាខេត្តផ្សេងទៀតតាមរយៈស្ថានីយ។
លោកស្រី Varma បានបញ្ជាក់ថា៖ «សមាជិកទាំងអស់ពេញចិត្តនឹងដំណើរការរលូនរបស់ក្រុមដែលបានលើកកម្ពស់ជីវភាពពួកគាត់បន្ថែម។ ពួកគាត់បានរាយការណ៍ថា ពេលនេះពួកគាត់សង្កេតឃើញមានការចំណាកស្រុកតិចជាងមុន ហើយកសិករផ្សេងទៀតនៅក្នុងឃុំចង់ចូលរួមជាមួយក្រុមផងដែរ»។
យោងតាមមន្ដ្រីគម្រោងជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក ហែម ចន្ធូ បានឱ្យដឹងថា តម្លៃគ្រាប់ពូជស្រូវនេះមានកម្រិតខុសៗគ្នា ដោយប្រភេទពូជស្រូវមូលដ្ឋាន ឬ (Foundation Seed) ដែលទទួលស្គាល់ជាប្រភេទពូជសុទ្ធស្ទើរតែ ១០០ ភាគរយ អាចមានតម្លៃប្រហែល ៤ ដុល្លារ ក្នុង ១ គីឡូក្រាម។
លោកបានបន្ដថា៖ «ក្រុមអ្នកផលិតពូជស្រូវបានទិញពូជស្រូវមូលដ្ឋានដើម្បីដាំដុះដែលហុចផលជាប្រភេទពូជចុះបញ្ជីឬ (Registered Seed) សម្រាប់លក់ដល់ប្រជាកសិករទូទៅដែលផ្ដល់ជាប្រភេទទី៣ គឺពូជវិញ្ញាបនបត្រឬ (Certified Seed)»។
អ្នកស្រី ហំ និល កសិករក្នុងក្រុមអ្នកផលិតពូជស្រូវនៃហិរញ្ញប្បទានបន្ថែមក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) បានថ្លែងថា សមាជិកទាំងអស់បានរីកចម្រើន និងមានចំណូលច្រើនជាងមុន ដែលអាចឱ្យកូនរៀនបានខ្ពស់។
អ្នកស្រីឱ្យដឹងថា៖ «កូនស្រីច្បងបានបញ្ចប់បាក់ឌុប និងបានរៀននៅសាកលវិទ្យាល័យ និងកូនម្នាក់ទៀតកំពុងរៀនថ្នាក់ទី១២ និងចង់ឱ្យទៅរៀនបន្តទៀតពេលទិន្នផលស្រូវទទួលបានល្អ»។
លោក វ៉ាត គឹមជាង ប្រធានស្ថានីយកសិកម្មបល្ល័ង្ក ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ស្រុងស្ទឹងសែន ខេត្ដកំពង់ធំ បានឱ្យដឹងថា ស្ថានីយចាប់ផ្ដើមពីឃ្លាំងឈើពុករលំដោយជំនួសការប្រើប្រាស់នៅស្ថានីយកសិកម្មស្ទឹងសែន ហើយក៏ទទួលបានជំនួយពីគម្រោង ADB ដូចជា រថយន្ដដឹក ម៉ាស៊ីនត្រាក់ទ័រ។
លោកបានថ្លែងថា៖ «ខាងខ្ញុំបានសហការទិញគ្រាប់ពូជពីប្រជាកសិករដោយចាប់ផ្ដើមពី ២៩ តោន ទូទាំងខេត្ដ និងពង្រីកការទិញរៀងរាល់ឆ្នាំ រហូតដល់ ១០០ តោន»។
លោក ភាច បានឱ្យដឹងថា នៅឆ្នាំ ២០២៣ នេះ ដោយសារមានបញ្ហាគ្រោះរាំងស្ងួតអំឡុងខែសីហា ផ្ទៃដីបង្កបង្កើនផលបានធ្លាក់ពី ៧០ ហិកតាមកនៅត្រឹម ៥៨ ហិកតា ហើយបានធ្វើឱ្យទិន្នផលធ្លាក់មកត្រឹមតែ ២ តោន ក្នុង ១ ហិកតា។
បញ្ហាកង្វះប្រភពទឹកនៅតែជាឧបសគ្គសម្រាប់ប្រជាកសិករដែលភាគច្រើនពឹងផ្អែកលើមេឃ ខណៈនៅខ្វះប្រព័ន្ធធារាសាស្ដ្រសម្រាប់ស្រោចស្រព។
យ៉ាងណាមិញ លោក ភាច បាននិយាយថា លោក និងសមាជិកក្រុមបានផ្លាស់ប្ដូរពីបង្កបង្កើនស្រូវធម្មតាមកប្រើស្រូវពូជមានគុណភាពដោយសារវាផ្ដល់ផលក្នុងតម្លៃខ្ពស់រហូតដល់ ១ ៧០០ ទៅ ១ ៨០០ រៀល ក្នុង ១ គីឡូក្រាម ខណៈស្រូវធម្មតាមានតម្លៃត្រឹមតែពី ៧០០ ទៅ ៨០០ រៀល។
លោកទទួលស្គាល់ថា ថ្វីដ្បិតតែជួបបញ្ហាខ្វះទឹកសម្រាប់ធ្វើស្រែ ២-៣ ដង ក្នុង ១ រដូវក្ដី ក៏លោក និងប្រជាកសិករដទៃទៀតបានទទួលចំណូលខ្ពស់ដែលអាចផ្គត់ផ្គង់ការសិក្សាកូនៗ និងកាត់បន្ថយការធ្វើចំណាកស្រុកបាន។
ជាការឆ្លើយតប លោក ស ប៉ាហូ ប្រធានក្រុមគាំទ្រគម្រោងថ្នាក់ខេត្ដនិងជានាយករងរដ្ឋបាលសាលាខេត្ដ បានឱ្យដឹងថា ដោយសារភូមិសាស្ដ្រនេះជាតំបន់ខ្ពង់រាប លទ្ធភាពស្រោចស្រពតាមប្រព័ន្ធធារាសាស្ដ្រឱ្យបានពី ៥០-៦០ ហិកតា មិនអាចទៅរួចទេ គឺបានត្រឹមតែ ៤-៥ ហិកតាប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ប្រសិនបើយើងមានឱកាសអនុវត្ដជំហានបន្ទាប់យើងពិចារណាប្រព័ន្ធធារាសាស្ដ្រខ្នាតធំ ដែលមានដើមទុន ១ លានដុល្លារឡើងដើម្បីយើងអាចអនុវត្ដ។ ប្រសិនបើយើងមានគម្រោងបន្ទាប់យើងអាចធ្វើទំនប់ស្ទាក់ទឹកដើម្បីផ្គត់ផ្គង់ការស្រោចស្រពការផលិតស្រូវពូជ ២ ឬក៏ ៣ ដង»។
លោក ឃឹម ខុម ក្រុមប្រឹក្សាឃុំសាគ្រាម បានថ្លែងថា ឃុំសាគ្រាម ស្ថិតនៅភាគខាងជើងឆ្ងាយពីទីរួមខេត្ដដាច់ស្រយាលដែលមាន ១១ ភូមិ។ ចំពោះភូមិសាស្ដ្រឃុំសាគ្រាម ស្ថិតនៅលើផ្ទៃដីខ្ពង់រាបដែលការបង្កបង្កើនផលកសិកម្មបានជួបការលំបាក។ យ៉ាងណាក្ដី សាគ្រាមមានមោទនភាពដែលបានក្លាយជាឃុំគោលដៅនៃគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ២០១៤។
លោក ខុម បានថ្លែងប្រាប់នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាថា៖ «នៅក្នុងឆ្នាំ ២០២៣ នេះ ប្រជាកសិករចូលរួមក្រុមអ្នកផលិតស្រូវពូជមានចំនួន ៣៨ នាក់ ដែលទទួលបានផលស្រូវជាង ១០០ តោនលើផ្ទៃដីប្រមូលផលប្រមាណ ៧០ ហិកតា»។
លោក រស់ សុផារិទ្ធ នាយកប្រតិបត្ដិ Kompong Thom Rice Mill Limitedឬ The 1688 Rice Mill បានឱ្យដឹងដែរថា លោកទទួលបានកម្ចីពីគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយការផ្តល់ហិរញ្ញប្បទានដោយកម្ចីសម្បទានចំនួនជាង ២ លានដុល្លារវាមានរយៈពេលកម្ចី ១០ ឆ្នាំដោយអត្រាការប្រាក់ ៥ ភាគរយ និងរយៈពេលអនុគ្រោះ ៣ ឆ្នាំដោយមិនមានការប្រាក់ ឬប្រាក់ដើមឡើយ។
លោកបានថ្លែងថា៖ «កម្ចីពី ADB មិនត្រឹមតែជួយពង្រីកសមត្ថភាពអាជីវកម្មក្នុងចង្វាក់ផលិតកម្មនាំចេញអង្ករទៅតំបន់អឺរ៉ុប និងបណ្ដាប្រទេសនៅអាស៊ីមួយចំនួនប៉ុណ្ណោះទេ តែរោងម៉ាស៊ីននេះបានជួយប្រមូលទិញស្រូវពីប្រជាកសិករនៅតំបន់ជុំវិញនៃខេត្ដកំពង់ធំ ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និងទូទាំងប្រទេសប្រមាណ ៥ ម៉ឺនតោន ក្នុង ១ ឆ្នាំ»។
លោកបានបន្ដថា៖ «ខ្ញុំពិតជាសប្បាយចិត្ដដែលយើងធ្វើការងារផ្ទាល់ជាមួយប្រជាកសិករដោយសារដំណើរការរបស់យើងចាប់ផ្ដើមតាំងពីស្រូវ កិន កែច្នៃ និងនាំចេញខ្លួនឯង។ យើងបានជួយប្រជាកសិករច្រើនគ្រួសារដែលពាក់ព័ន្ធកិច្ចការនេះ និងបង្កើតការងារដល់ប្រជាពលរដ្ឋដែលបច្ចុប្បន្នមានចំនួន ៥០ នាក់»។
ផលិតផលអង្កររបស់លោក សុផារិទ្ធ ត្រូវបាននាំចេញទៅកាន់ប្រទេសស៊ុយអែត ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប រួមទាំងអាស៊ីមួយចំនួនទៀត ប្រមាណ ៤០ ប្រទេស។
លោកស្រី Varma បានលើកឡើងដែរថា ផ្អែកលើការបញ្ជាក់ពីប្រធានក្រុម និងសមាជិកភាពជាអ្នកដឹកនាំក្រុមដែលបើកចំហ និងមានតម្លាភាពជាមួយសមាជិករបស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការជឿទុកចិត្ត និងធានានិរន្តរភាពរបស់ក្រុម។
លោកស្រីបានបញ្ជាក់ថា៖ «លើសពីនេះធាតុសំខាន់ៗដូចជាការប្រជុំជាក្រុមជាញឹកញាប់ដើម្បីពង្រឹងការគ្រប់គ្រងការជួយប្រវាស់ដៃគ្នាសម្រាប់គ្រាបន្ទាន់ក្នុងដំណើរការដាំដុះ និងប្រមូលផល និងការទូទាត់ប្រាក់រហ័សដល់សមាជិកទាំងអស់បន្ទាប់ពីការលក់ពូជស្រូវដល់ស្ថានីយកសិកម្មជំរុញភាពជាម្ចាស់សហគមន៍ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព»៕