ភ្នំពេញៈ យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានបង្ហាញថា ក្នុងរយៈពេលជិត ១ ឆ្នាំនៃឆ្នាំ ២០២៣ នេះ ជនរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានជាង ៣០ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺមានការថយចុះប្រមាណ ២៤ ភាគរយ។
លោក ឡាង កុសល មន្ត្រីនៃអាជ្ញាធរមីន បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែធ្នូថា គិតចាប់ពីខែមករា រហូតដល់ ដើមខែធ្នូ ឆ្នាំ ២០២៣ នេះ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣១ នាក់ ក្នុងនោះជនរងគ្រោះដោយសារមីនមានចំនួន ១៦ នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ១៥ នាក់។
ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣០ នាក់នេះ ក្នុងនោះមានជនរងគ្រោះស្លាប់ ៤ នាក់ រងរបួស ១៨ នាក់ និងពិការអវយវៈ ៩ នាក់ ខណៈដែលភាគច្រើន កើតមាននៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តរតនគិរី។
តួលេខជនរងគ្រោះឆ្នាំ ២០២៣ នេះ មានការថយចុះ ២៤ ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២ ដែលមានជនរងគ្រោះចំនួន ៤១ នាក់។
លោកឡាង កុសល បញ្ជាក់ថា៖ «ការធ្លាក់ចុះនៃជនរងគ្រោះនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិបត្តិករទាំងអស់ក្នុងការបង្កើនកិច្ចប្រតិបត្តិការបោសសម្អាតមីន និងជំរុញការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
ខណៈដែលជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឆ្នាំនេះ មានការថយចុះទាំងអត្រាស្លាប់ អត្រារងរបួស និងពិការ។
លោក កុសល បានថ្លែងថា អាជ្ញាធរមីន បានសម្រេចសមិទ្ធផលការងារបោសសម្អាតមីនទូទាំង ២៥ រាជធានី-ខេត្ត ដែលគិតចាប់ពីឆ្នាំ ១៩៩២ មកទល់ពេលនេះ កម្ពុជាបានប្រកាសរាជធានីខេត្តអស់មីនបានចំនួន ១៤ ខេត្តរួចហើយ។
រាជធានីខេត្តទាំង ១៤ នោះ រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពត មណ្ឌលគិរី និងខេត្តកំពង់ស្ពឺ។
ក្រៅពីនេះនៅមានខេត្តចំនួន ៩ ទៀត ដែលប្រតិបត្តិករកំពុងធ្វើការបោសសម្អាត ក្នុងនោះមានខេត្តសៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បើតាមលោក ឡាង កុសល អាជ្ញាធរមីន ក៏បានសម្រេចសមិទ្ធផលបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានផ្ទៃដីប្រមាណ ២ ៧៩៥ គីឡូម៉ែត្រក្រឡា ហើយនៅក្នុងនោះបានរកឃើញគ្រាប់ប្រមាណជាង ៤ លានគ្រាប់ និងមានប្រជាពលរដ្ឋប្រមាណ ១១ លាននាក់ បានទទួលផលពីការងារបោសសម្អាតមីន។
លោកបានបន្ថែមថា៖ «ជាមួយនឹងសមិទ្ធផលទាំងនេះ យើងក៏បានទទួលកិត្តិយសមួយចំនួន ដូចជាឆ្នាំនេះ យើងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសកលលើកទី៣ និងនៅឆ្នាំ ២០២៤ ខាងមុខ កម្ពុជាយើងបានទទួលកិត្តិយសមួយទៀត គឺការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ»។
សូមរំឭកដែរថា រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានផ្តល់ហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិក សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលតាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានធ្វើឡើងនាថ្ងៃទី ៦ ខែធ្នូ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ នាខេត្តបន្ទាយមានជ័យ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker តំណាង UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា៕